
ភ្នំពេញៈ ការនាំចេញផលនេសាទកម្ពុជាសរុបក្នុងរយៈពេល ៣ខែ ដំបូងកើនឡើងតិចតួចធៀបរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៣។ នេះបើយោងតាមតួលេខចេញដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តួលេខបង្ហាញថា នៅត្រីមាស ទី១ ឆ្នាំនេះ កម្ពុជា នាំចេញផលនេសាទបាន ៤ ៨០០ តោនកើនឡើង ៦,៦៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៣។ ក្នុងនោះការនាំចេញផលនេសាទស្រស់មានចំនួន ៣១០០ តោន និង ១៧០០ តោនទៀតជាផលនេសាទកែច្នៃទាំងផលនេសាទសមុទ្រទឹកសាប។
មន្ត្រីនិងអ្នកជំនាញនិយាយថា តួលេខនេះមិនឆ្លុះបញ្ចាំងពីសក្តានុពលធនធានជលផលដែលមាននៅទូទាំងប្រទេសនោះទេ។
លោក សម នៅ អតីតអនុប្រធានរដ្ឋបាលជលផលមានប្រសាសន៍ថា តួលេខដែលកើនឡើងនេះគឺតិចតួចណាស់ធៀបនឹងសេដ្ឋកិច្ចប្រទេសទាំងមូល។ លោកថ្លែងថា៖ «ការនាំចេញកើនតែ ៣០០ តោនបើនិយាយពីសេដ្ឋកិច្ចគឺមិនឆ្លុះបញ្ចាំងអ្វីទេ»។ លោកមិនបានបញ្ជាក់ពីហេតុផលដែលធ្វើឲ្យការនាំចេញផលនេសាទនេះមានការកើនឡើងតិចតួចនេះទេ។
លោក អ៊ំ សាវ៉ាត ប្រធានគ្រប់គ្រងកម្មវិធីសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលនិយាយថា កំណើនតិចតួចនេះអាចបណ្តោលមកពីការកើនឡើងបទល្មើសនេសាទហើយការអនុវត្តច្បាប់នៅមានភាពធូររលុង។ លោកបន្ថែមថា តួលេខនៃការនាំចេញផលនេសាទ អាចកើនខ្ពស់ជាងនេះ ដែលនឹងនាំចំណូលដល់ កម្ពុជា ប្រសិនបើអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់បទល្មើសនេសាទ។ លោកបន្តថា៖ «ទិន្នផលត្រីគួរតែកើនឡើងបន្ទាប់ពីរដ្ឋាភិបាលបិទឡូត៍នេសាទ កាលពីឆ្នាំមុន ហើយចំនួនផលនេសាទគួរតែត្រូវបាននាំចេញច្រើនជាងនេះ»។ លោកបន្តថា បទល្មើសនេសាទនៅកម្ពុជា នៅតែជាបញ្ហាមិនថា រដ្ឋាភិបាលចេញសេចក្តីប្រកាសទប់ស្កាត់យ៉ាងណានោះទេ។ លោកនិយាយថា៖ «កម្ពុជា អាចរកចំណូលបន្ថែមដល់សេដ្ឋកិច្ចជាតិតាមរយៈការលក់ផលនេសាទទៅប្រទេសជិតខាង បើរដ្ឋាភិបាលពង្រឹងចំណាត់ការលើការនេសាទខុសច្បាប់ប្រសើរជាងមុន»។
ផលនេសាទ កម្ពុជា ត្រូវបាននាំចេញទៅ ប្រទេសអូស្ត្រាលី វៀតណាម ថៃ ចិន សិង្ហបុរី ម៉ាឡេស៊ី និង ហុងកុង។ កម្ពុជា រកចំណូលបានពីវិស័យជលផលនៅ ៣ ខែដំបូងនេះបានចំនួន ៣,៥ លានដុល្លារ។
កាលពីដើម ខែមីនា សហភាពអឺរ៉ុបបានប្រកាសហាមការនាំចូលត្រីពី កម្ពុជា ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាល កម្ពុជា ដែលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាបទល្មើសសកល។
លោក សម នៅ និយាយថា កប៉ាល់ដែលមានវត្តមាននេសាទនៅដែនសមុទ្រនោះមិនមែនជារបស់ កម្ពុជា នោះទេ បើទោះជាកប៉ាល់នោះមានបំពាក់ទង់ជាតិ កម្ពុជា ក៏ដោយ។ លោកថា៖ «កម្ពុជា មិនមានកប៉ាល់ធំៗដើម្បីចេញនេសាទនោះទេ»។ លោកស្នើឲ្យសហភាពអឺរ៉ុបចុះអង្កេតដោយផ្ទាល់ដើម្បីដឹងថា កប៉ាល់នេះជាកប៉ាល់របស់ កម្ពុជា ឬ ក៏មិនមែន?
លោក អ៊ំ សាវ៉ាត លើកឡើងថា ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការព្រួយបារម្ភរបស់សហភាពអឺរ៉ុបមិនមានផ្តល់ផលចំណេញដល់វិស័យដែលមានសក្តានុពលនេះឡើយ។ លោកបានបន្តថា ចម្លើយនេះអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសក៏ដូចជាបង្កការរាំងស្ទះដល់ពាណិជ្ជករដែលមានបំណងនាំចេញផលនេសាទពី កម្ពុជា ទៅសហភាពអឺរ៉ុប។
លោក ឆាយ ហៀង អ្នកនាំផលនេសាទទៅកាន់ ប្រទេសចិន សិង្ហបុរី និងម៉ាឡេស៊ី និយាយថា ផលនេសាទឆ្នាំនេះ កើនឡើងតិចតួចប៉ុណ្ណោះ។ លោកបានបន្តថា ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនលោកនាំចេញផលនេសាទទាំងទឹកសាបនិងសមុទ្រចន្លោះពី ៧ ទៅ ១០ តោន៕