
ភ្នំពេញៈ ការនាំចេញសរុបរបស់កម្ពុជាកើនឡើងជាង១០ភាគរយ នៅ២០១២ បើធៀបឆ្នាំ២០១១ ទោះបីសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ ពិសេសការធ្លាក់ចុះសេដ្ឋកិច្ចរបស់ទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា គឺអាមេរិក និងសហភាពអឺរ៉ុប។
របាយការណ៍របស់មូលនិធិ រូបិយវត្ថុអន្តរជាតិ(IMF)ដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ក៏គូសបញ្ជាក់ផងដែរថា ផលប៉ះពាល់ពីវិបត្តិនៅតំបន់ចាយប្រាក់អឺរ៉ូ និងភាពចលាចលហិរញ្ញវត្ថុអាចប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនការនាំចេញនៅកម្ពុជា។
ទិន្នន័យបង្ហាញថា ការនាំចេញសរុបកើនឡើង១០,២ភាគរយដល់ជាង៥,៤៨ពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០១១ ដែលមានជាង៤,៩៧ពាន់លានដុល្លារ។
នៅឆ្នាំ២០១១ ការនាំចេញបានកើនឡើង៤០ភាគរយ បើធៀបនឹងឆ្នាំ២០១០។
លោក គង់ ពុទ្ធារ៉ា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ផលប៉ះពាល់ពីអត្រាកំណើនកាលពីឆ្នាំមុន។ លោកបន្តថា៖ «ខ្ញុំយល់ស្របចំពោះផលប៉ះពាល់ពីការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមរិក កាលពីឆ្នាំមុន ដោយសារពួកគេមិនដោះស្រាយផលវិបាកសេដ្ឋកិច្ចរបស់ខ្លួន តែការនាំចេញរបស់យើង ពិសេសសម្លៀកបំពាក់ នៅតែមានតម្រូវការដដែល។ នេះមានន័យថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចមិនបានបញ្ឈប់ប្រជាជនពីការទិញផលិតផលរបស់យើងឡើយ»។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ក៏យល់ឃើញដូច្នេះដែរ។ លោកថ្លែងថា៖ «ផលប៉ះពាល់នេះគ្រាន់តែធ្វើឲ្យកំណើនថយចុះប៉ុណ្ណោះប៉ុន្តែយើងនៅតែអាចនាំចេញទៅកាន់ប្រទេសទាំងនោះ»។
ទិន្នន័យបានបង្ហាញថា ការនាំចេញសម្លៀកបំពាក់សរុបបានកើនឡើងប្រហែល៩ភាគរយនៅឆ្នាំ២០១២គឺកើនពី៤,២៤៦ពាន់លានដុល្លារនៅឆ្នាំ២០១១ដល់ ៤,៦១១ពាន់លានដុល្លារខណៈតម្លៃសរុបនៃការនាំចេញផលិតផលកសិកម្មធ្លាក់ចុះ៤,៤ភាគរយ ពី៤២២លានដុល្លារមកនៅត្រឹម៤០៣លានដុល្លារ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា ការធ្លាក់ចុះនេះ បណ្តាលមកពីបាតុកម្មជាច្រើន។ លោកបន្តថា ខណៈវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារនាំចេញសំខាន់របស់កម្ពុជា រួមចំណែកដល់ការធ្លាក់ចុះនេះកូដកម្មជាកត្តាមួយធ្វើមានការធ្លាក់ចុះ។
លោកបានបន្ថែមថា បញ្ហានេះបានបង្កឲ្យផលិតភាពរបស់ឧស្សាកម្មនេះថយចុះ ហើយថ្លៃចំណាយមិនអាចប្រកួតប្រជែងបាន បើធៀបនឹងប្រទេសផ្សេងទៀត ដូចជានៅបង់ក្លាដែស និងឥណ្ឌា។
លោកថ្លែងថា៖ «យើងបានអំពាវនាវដល់រដ្ឋាភិបាលឲ្យរក្សាតុល្យភាពរវាងការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយមិនបារម្ភខ្លាចបាត់បង់សំឡេងឆ្នោតពីសហជីពឡើយបើពួកគេធ្វើខុស»។
ការធ្វើកូដកម្មរបស់កម្មករគឺដើម្បី សុំដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារផ្សេងៗទៀត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានឲ្យដឹងថាយ៉ាងហោចណាស់ក៏មានកម្មករប្រមាណ១ម៉ឺននាក់មកពីរោងចក្រចំនួន៨បានផ្ទុះការតវ៉ានៅដើមឆ្នាំនេះ។លោកទទួលស្គាល់ថាការធ្វើបាតុកម្មនាំឲ្យខាតបង់មិនត្រឹមតែភាគីរោងចក្រទេតែកម្មករក៏ខាតបង់ដែរ តែជម្រើសបាតុកម្មជាជម្រើសចុងក្រោយបង្អស់ពេលដែលសំណើរបស់គេត្រូវបដិសេធនិងគ្មានដំណោះស្រាយនោះ។លោកបញ្ជាក់ថា៖«បាតុកម្មជាជម្រើសចុងក្រោយពេលដែលពួកគេបរាជ័យក្នុងការសម្របសម្រួល»។
ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើន៦,៧ភាគរយ ដោយសារកំណើនផលិតកម្មស្រូវឧស្សាហកម្មកាត់ដេរ និងទេសចរណ៍៕CS
រាយការណ៍បន្ថែមៈ រ៉ាន់ រើយ