The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​កើន​ឡើង ៣១ ភាគរយ

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​កើន​ឡើង ៣១ ភាគរយ

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​កើន​ឡើង ៣១ ភាគរយ

ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​គិត​ជា​ទឹក​ប្រាក់​សរុប ២៤០ លាន​ដុល្លារ​ទៅ​ជប៉ុន​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​នេះ កើន​ឡើង ៣១ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ការ​នាំ​ចេញ​នេះ​ជា​អត្រា​ខ្ពស់​ជាង​គេ​បង្អស់​បើ​ប្រៀប​ធៀប​នឹង​កំណើន​នាំ​ចេញ​របស់​ប្រទេស​សមាជិក​ក្នុង​តំបន់​អាស៊ាន ទៅ​ទីផ្សារ​ប្រទេស ជប៉ុន។

ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ជប៉ុន (JETRO) បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ជប៉ុន​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​នេះ​រួម​មាន ថៃ វៀតណាម សិង្ហបុរី និង ម៉ាឡេស៊ី​ជាដើម​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​អត្រា​មធ្យម ១៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ ប៉ុន្តែ​ទំហំ​ទឹក​ប្រាក់​សរុប​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​មាន​ចំណែក​តូច​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ទំហំ​នាំ​ចេញ​របស់​ប្រទេស​នានា​ក្នុង​តំបន់។

អ្នក​ស្រី តាកាយ៉ូស៊ិ គុរ៉ូមីយ៉ា ទីប្រឹក្សា​ប្រចាំ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បាន​បង្ហាញ​ការ​សារទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន ហើយ​រំពឹង​ថា និន្នាការ​នេះ​នឹង​នៅ​បន្ត​ដំណើរការ​ល្អ​ថែម​ទៀត។ អ្នក​ស្រី​បាន​អះអាង​ថា៖ «យើង​រំពឹង​ថា កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ជប៉ុន​កម្ពុជា​នឹង​នៅ​បន្ត​កំណើន​ថែម​ទៀត»។

ទិន្នន័យ JETRO បង្ហាញ​ថា ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​បាន​នំា​ចេញ​ទៅ​ជប៉ុន​មាន​ដូច​ជា​ស្បែក​ជើង សម្លៀក​បំពាក់ និង គ្រឿង​ម៉ាស៊ីន​អគ្គិសនី ហើយ​កម្ពុជា​ក៏​បាន​នាំ​ចូល​ពី​ជប៉ុន​វិញ​ដូច​ជា គ្រឿង​ម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ រថយន្ត កប៉ាល់ និង​ទូក​ជាដើម។

ប្រទេស​ដែល​បាន​នាំ​ចេញ​ច្រើន​ជាង​គេ​ទៅ​ជប៉ុន​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ដំបូង​នេះ​គឺ ម៉ាឡេស៊ី មាន​ទឹក​ប្រាក់​សរុប ១៥ ពាន់​លាន​ដុល្លារ ឥណ្ឌូនេស៊ី មាន​ទឹក​ប្រាក់ ១៤,៨ ពាន់​លាន​ដុល្លារ និង ថៃ ១១ ពាន់​លាន​ដុល្លារ។

កម្ពុជា​ជា​ប្រទេស​ទី៩ ក្នុង​តំបន់​ដែល​បាន​នាំ​ចេញ​ទៅ​ជប៉ុន​ច្រើន​ជាង​ប្រទេស ឡាវ ដែល​មាន ៦១ លាន​ដុល្លារ និង​បន្ទាប់​ពី មីយ៉ាន់ម៉ា ដែល​មាន​ទឹក​ប្រាក់ ២៨៧ លាន​ដុល្លារ។

លោក គីយ៉ូតាកា ដូហូ តំណាង JETRO នៅ​កម្ពុជា​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​កំពុង​មាន​កំណើន​ហើយ​នៅ​ពេល​នេះ​កម្ពុជា​មិន​ត្រឹម​តែ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បន្ថែម​ការ​នាំ​ចេញ​ផលិតផល​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជា មុន​ដូច​ជា គ្រឿង​ម៉ាស៊ីន​អគ្គិសនី ដែល​ដំឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ផង​ដែរ។

លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា និន្នាការ​នៃ​ការ​នាំ​ចេញ​នឹង​នៅ​តែ​បន្ត​កើន​ឡើង ហើយ​ភាព​ចម្រុះ​នៃ​ផលិតផល​នាំ​ចេញ​នឹង​នៅ​តែ​បន្ត​មាន​ព្រោះ​ថា រោងចក្រ​ជប៉ុន​ថ្មីៗ​ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ពិពិធកម្ម​ផលិតផល​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញ»។ លោក​បន្ថែម​ថា​មាន​រោងចក្រ​ឧស្សាហកម្ម​កាន់​តែ​ច្រើន​មក​វិនិយោគ នៅ​កម្ពុជា​ដើម្បី​ដំឡើង​យានយន្ត និង​ត្រៀម​នាំ​ចេញ​ត្រឡប់​ទៅ​ជប៉ុន​វិញ។

ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា ជប៉ុន​នៅ​ឆមាស​ទីមួយ​ឆ្នាំ​នេះ​សម្រេច​បាន ៣៤៧ លាន​ដុល្លារ កើន​ឡើង​ពី ២៩២ លាន​ដុល្លារ​នៅ​ឆមាស​ទីមួយ​កាល​ពី​ឆ្នាំ​មុន៕

អត្ថបទគួរចាប់អារម្មណ៍