
ភ្នំពេញៈ កម្ពុជាបាននាំចេញអង្ករចំនួន៣១ ៤១១ តោនក្នុងខែកក្កដាកើនឡើងបន្តិចបន្តួចពីខែមិថុនាដែលមាន២៩ ១០៥ តោនតែចំនួននេះជាកំណើនល្អមួយបើប្រៀបធៀបទៅខែមុនៗដែលការនាំចេញជាមធ្យមប្រចាំខែមានក្នុងរង្វង់២២ ០០០ តោនក្នុងមួយខែ។
អ្នកនាំចេញអង្ករបានលើកឡើងថាអត្រាកំណើនខ្ពស់នៃការនាំចេញក្នុងខែមិថុនាតែងកើតឡើងប្រចាំរដូវរៀងរាល់ឆ្នាំដោយសារតម្រូវការមានការកើនឡើងខណៈការនាំចេញរបស់ប្រទេសនាំចេញអង្ករសំខាន់ៗមួយចំនួនចាប់ផ្តើមថយចុះដែលធ្វើឲ្យសម្ពាធនៃការប្រកួតប្រជែងលើទីផ្សារមានភាពងាយស្រួលជាងមុន។
យោងតាមទិន្នន័យពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ កម្ពុជាបាននាំចេញអង្ករសរុបចំនួន២០៧ ៣៧០ តោនក្នុងរយៈពេល៧ខែដំបូងដែលចំនួនសម្រេចបានលើសពីការនាំចេញសរុបក្នុងមួយឆ្នាំពេញកាលពីឆ្នាំមុនដែលមានត្រឹមតែ២០៥- ៧១៧ តោនតែប៉ុណ្ណោះ។
ទិន្នន័យដដែលបង្ហាញថា ការនាំចេញមានចំនួនខ្ពស់ជាងគេនៅខែមីនាគឺចំនួន៤៥ ៤១៣ តោន ហើយបន្ទាប់មកក៏ធ្លាក់ចុះមកវិញក្នុងចំនួនមធ្យមប្រចាំខែ
ប្រមាណ ២២ ០០០ តោនរហូតដល់ការនាំចេញបានកើនឡើងសាជាថ្មីនៅខែមិថុនា។
លោក សុង សារ៉ន ប្រធានក្រុមហ៊ុនអេមរុ រាយស៍ខេមបូឌា ដែលជាក្រុមហ៊ុននាំមុខគេក្នុងការនាំចេញក្នុងរយៈពេល៧ខែដំបូងនេះបានឲ្យដឹងថា ជាទូទៅកំណើនការនាំចេញអង្ករតែងមាននៅខែមិថុនា ដែលអាចនិយាយបានថាវាជាខែដែលអាចនាំចេញបានខ្ពស់។
លោកបានបន្តថា៖«កំណើននៃការនាំចេញក្នុងខែកក្កដាបានរួមចំណែកសំខាន់ដោយអង្ករធម្មតាពេលនេះប្រទេសនាំចេញមួយចំនួនដូចជាឥណ្ឌា និងប៉ាគីស្ថានបានឈានដល់ចុងរដូវដែលការផ្គត់ផ្គង់របស់ពួកគេថយចុះ»។
លោកបានអះអាងថា ម្យ៉ាងទៀតអ្នកនាំចេញអង្ករនៅកម្ពុជាជាច្រើនក៏បានសម្រុកបញ្ចេញអង្ករដែលនៅក្នុងស្តុកដោយសារការប្រមូលផលនៅរដូវកាលថ្មីក៏ជិតចូលមកដល់។
ទីផ្សារសំខាន់សម្រាប់នាំចេញអង្ករកម្ពុជាមានភាគច្រើនទៅទីផ្សារសហគមន៍អឺរ៉ុបដែលតំណាងប្រមាណ៦០ ភាគរយនៃចំណែកទីផ្សារសរុបរបស់កម្ពុជា។ គំនិតផ្តួចផ្តើមបង្កើតដោយសហគមន៍អឺរ៉ុបដើម្បីជួយប្រទេសមានការអភិវឌ្ឍតិចតួចដូចជាកម្ពុជាឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែអាវុធ» បានជួយឲ្យអង្ករកម្ពុជានាំចូលទៅប្រទេសជាសមាជិកសហគមន៍អឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ ស្របពេលជាមួយគ្នាដែលអង្ករនាំចូលពី ថៃនិង វៀតណាមត្រូវបង់ពន្ធប្រមាណ ១៧៥ អឺរ៉ូ (២២៤ ដុល្លារ) ក្នុងអង្ករមួយតោន។
លោក គឹម សាវុធ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូត និងជាប្រធានសម្ព័ន្ធអ្នកនំាចេញអង្ករកម្ពុជា បានឲ្យដឹងថាការនាំចេញអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះមានស្ថានភាពល្អខ្លាំងជាងកាលពីឆ្នាំមុន ហើយទីផ្សារនាំចេញថ្មីៗជាច្រើនក៏មានការកើនឡើងផងដែរ។
លោករំពឹងថានិន្នាការនេះនឹងនៅបន្តរក្សាកំណើនយ៉ាងល្អបន្តទៀតនៅឆមាសទីពីរនេះ។
លោកថ្លែងថា៖«ទីផ្សារនៅតែមានតម្រូវការអង្ករពីកម្ពុជា ដូច្នេះការនាំចេញរបស់យើងនឹងនៅបន្តកើនឡើងថែមទៀត»៕