The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើន​១២៥%​ឆមាស​ទី១

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើន​១២៥%​ឆមាស​ទី១

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើន​១២៥%​ឆមាស​ទី១

ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​១៧៥ ៩៥៩ តោន នៅ​ឆមាស​ទី​មួយ​កើន​១២៥ ភាគរយ ប្រៀប​ធៀប​ទៅ​នឹង​ឆមាស​ទី​មួយ​ឆ្នាំ​មុន។

ប៉ុន្តែ អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​សម្តែង​ក្តី​បារម្ភ​ថា កម្ពុជា​នឹង​មិន​អាច​រក្សា​កំណើន​ដូច្នេះ​បាន​ទេ​នៅ​ពេល​អនាគត​ខណៈ​ដែល មីយ៉ាន់ម៉ា​កំពុង​ក្លាយ​ជា​គូ​ប្រជែង​ថ្មី​មួយ​ទៀត​របស់​កម្ពុជា។

លោក សុង សារ៉ន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នំា​ចេញ​អង្ករ អមរុ រ៉ាយស៍​ខេមបូឌា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​គឺជា​ប្រភព​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​ការ​នាំ​ចេញ ទន្ទឹម​នឹង​នេះ​ការ​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​នៅ​អាស៊ី និង អាហ្វ្រិក​ក៏​កើន​ឡើង​ផង​ដែរ។

លោក​បន្ត​ថា៖ «ការ​នាំ​ចេញ​អង្ករ​នៅ​រយៈ​ពេល​៦​ខែ​ដំបូង​ឆ្នាំ​នេះ​មាន​ស្ថានភាព​ល្អ​មែន​ទែន​។ យើង​អាច​រក្សា​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ដែល​មាន​ស្រាប់​នៅ​ដដែល​ហើយ​លើស​ពី​នេះ​យើង​ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ថ្មីៗ​ផង​ដែរ»។

ទិន្នន័យ​ពី​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​បាន​បង្ហាញ​ថា ប្រទេស​ប៉ូឡូញ​បាន​នាំ​ចូល​អង្ករ​ច្រើន​ជាង​គេ​ដែល​មាន ២៧ ៧៦៤ តោន បន្ទាប់​មក​ប្រទេស​បារាំង ២៦ ៤៣៨ តោន ថៃ ២២ ២៥០ តោន ម៉ាឡេស៊ី ២០ ០៩៥ តោន ចិន ១៣ ០៧៩ តោន​។

ទិន្នន័យ​ដដែល​បង្ហាញ​ថា ក្រុមហ៊ុន អមរុ រ៉ាយស៍​ខេមបូឌា ជា​ក្រុមហ៊ុន​នាំ​មុខ​ក្នុង​ការ​នាំ​ចេញ​ដែល​នាំ​ចេញ ២២ ៣៩៩ តោន បន្ទាប់​មក ក្រុមហ៊ុន ខ្មែរ​ហ្វូត មាន ២១ ៧០៤ តោន​និង ហ្កោលដិន រ៉ាយស៍ ១៧ ១៨២ តោន។

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​បន្ត​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ បាន​១ លាន​តោន​នៅ​ឆ្នាំ ២០១៥។

គំនិត​ផ្តួច​ផ្តើម​បង្កើត​ដោយ​សហគម​អឺរ៉ុប ដើម្បី​ជួយ​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច​ឈ្មោះ​ថា «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ​» បាន​ជួយ​ឲ្យ​អង្ករ​កម្ពុជា​អាច​មាន​លទ្ធភាព​នាំ​ចេញ​ទៅ​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ ខណៈ​អង្ករ​នាំ​ចូល​ពី ថៃ និង វៀតណាម​ត្រូវ​បង់​ពន្ធ​ប្រមាណ ១៧៥ អឺរ៉ូ (២២៤ ដុល្លារ) ក្នុង​អង្ករ​មួយ​តោន។

ទោះ​បី​ជា​សន្ទុះ​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​សម្រេច​បាន​ក្នុង​កម្រិត​ល្អ​មួយ​តែ​តំណាង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មួយ​ចំនួន​មិន​បង្ហាញ​ក្តី​សង្ឃឹម​ខ្លាំង​ពី​ការ​រក្សា​អត្រា​កំណើន​ដូច​គ្នា​នេះ​សម្រាប់​៦​ខែ​ចុង​ក្រោយ​នោះ​ទេ​ដោយ​បារម្ភ​ថា មីយ៉ាន់ម៉ា ដែល​មាន​សក្តានុពល​លើ​ឧស្សាហកម្ម​អង្ករ​ដែរ​នោះ​អាច​នឹង​ក្លាយ​ជា​គូរ​ប្រកួត​ប្រជែង​ដ៏​ចម្បង​មួយ​របស់​កម្ពុជា ខណៈ​សហគមន៍​អឺរ៉ុប ទើប​សម្រេច​លើក​លែង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អនុញ្ញាត​ឲ្យ​ទំនិញ​ពី មីយ៉ាន់ម៉ា​អាច​នាំ​ចូល​ទៅ​សហគមន៍​អឺរ៉ុប​ដោយ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផង​ដែរ។

លោក វ៉ាន់ ដេវីឌ អគ្គ​លេខាធិការ​រង សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ និង នាំ​ចេញ​អង្ករ​កម្ពុជា​លើក​ឡើង​ថា​ប្រទេស​មីយ៉ាន់ម៉ា​អាច​នឹង​ក្លាយ​ជា​គូ​ប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាល់​មួយ​របស់​កម្ពុជា​បន្ទាប់​ពី​មាន​ការ​លើក​លែង​ទណ្ឌកម្ម​សេដ្ឋកិច្ច ជា​ពិសេស​ពេល​សមាហរណកម្ម​ក្នុង​តំបន់​ចូល​មក​ដល់។ លោក​ថ្លែង​ថា​៖ «មីយ៉ាន់ម៉ា​មាន​សមត្ថភាព​នាំ​ចេញ​អង្ករ​បាន​១ លាន​តោន​រួច​ទៅ​ហើយ និង​កំពុង​គ្រោង​បន្ថែម​ការ​នាំ​ចេញ​បី​ដង​ទៀត​នៅ​ឆ្នាំ​បន្ទាប់ៗ»។

លោក សុង សារ៉ន ក៏​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​អះអាង​ថា បើ​អង្ករ​មីយ៉ាន់ម៉ា ត្រូវ​បាន​ពង្រឹង​គុណភាព និង មាន​ការ​គាំទ្រ​ពី​ទីផ្សារ​អន្តរជាតិ​កាន់​តែ​ខ្លាំង​នោះ ការ​លើក​លែង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ទីផ្សារ​ធំៗ​ដូច​ជា អឺរ៉ុប​ជាដើម​នឹង​ធ្វើ​ឲ្យ​ភាព​ប្រកួត​ប្រជែង​លើ​ការ​នាំ​ចេញ​អង្ករ​របស់ មីយ៉ាន់ម៉ា​កាន់​តែ​ខ្លាំង​ឡើង​។ ក្នុង​បរិបទ​បែប​នេះ កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​គូរ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត ដែល​នេះ​ក៏​ជា​ក្តី​បារម្ភ​សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​នៅ​កម្ពុជា​ផង​ដែរ។

លោក​ស្រី ចន្ទី ប្រធាន​ស្តីទី​សមាគម​សេដ្ឋកិច្ច​កម្ពុជា លើក​ឡើង​ថា វា​នឹង​មិន​មែន​ជា​ការ​បារម្ភ​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ខ្លី​នេះ​ឡើយ។ លោក​បន្ត​ថា​៖ «បើ​គ្រាន់​តែ​មាន​ទឹក​នៅ​ក្នុង​អាង​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ ឡើយ តែ​វា​ទាមទារ​ឲ្យ​មាន ទុយោ​បូម​ទឹក និង​ប្រព័ន្ធ​បង្ហូរ​ទឹក​ផ្សេងៗ​ទៀត ដើម្បី​ផ្ទេរ​ទឹក​ទៅ​កន្លែង​ដែល​យើង​ចង់​បាន​»។ លោក ចន្ទី​ចង់​សំដៅ​ថា មីយ៉ាន់ម៉ា​ត្រូវ​ការ​ពង្រឹង​ការ​វិនិយោគ​បន្ថែម​ជា​ច្រើន​ទៀត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ឧស្សាហកម្ម​អង្ករ និង​ការ​កសាង​កេរ្តិ៍​ឈ្មោះ​នៅ​លើ​ទីផ្សារ៕

អត្ថបទគួរចាប់អារម្មណ៍