
ភ្នំពេញ: ភាពវឹកវរផ្នែកនយោបាយ បាតុកម្មបានធ្វើឲ្យចំនួននៃការចុះបញ្ជីអាជីវកម្មថ្មីនៅក្រសួង ពាណិជ្ជកម្មបានធ្លាក់ចុះជាង ១០ ភាគរយកាលពីឆ្នាំមុនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១២។
ទិន្នន័យបានពីក្រសួង ពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជាទទួលបានការចុះបញ្ជីអាជីវកម្មថ្មីចំនួន ២៩៨៦ ដែលបានធ្លាក់ចុះពី ៣ ៣៨៦ ដែលធ្លាក់ចុះ ១១,៨ ភាគរយ។ ក្នុងចំណោមនេះ ការចុះបញ្ជីពាណិជ្ជកម្មបរទេសបានធ្លាក់ចុះ ៨,៩ ភាគរយធ្លាក់ចុះពី ១ ៥៩០ មកនៅត្រឹម ១ ៤៤៨ ខណៈការចុះបញ្ជីអាជីវកម្មក្នុងស្រុកក៏បានធ្លាក់ចុះ ១៤,២៥ ភាគរយធ្លាក់ចុះពី ១ ៧៩៦ មកនៅត្រឹម ១ ៥៤០ ផងដែរ។
លោក កែន រដ្ឋា អ្នកនាំពាក្យនៅក្រសួង ពាណិជ្ជកម្ម បាននិយាយថា ការបោះឆ្នោតកាលពីឆ្នាំមុន ការធ្វើបាតុកម្មស្ថិតក្នុងចំណោមមូលហេតុមួយដែលនៅពីក្រោយការធ្លាក់ចុះនេះ។ «ពិតហើយ ការបោះឆ្នោតបានធ្វើឲ្យមានការធ្លាក់ចុះ ដោយសារតែពាណិជ្ជករឬវិនិយោគិន ជាពិសេសវិនិយោគិនបរទេសកំពុងឃ្លាំមើលពីស្ថានការណ៍ ដោយសារតែពួកគេជាធម្មតាមានការបារម្ភអំពីស្ថិរភាពនយោបាយ»។
លោកបន្តថា៖ «ប៉ុន្តែវាមិនមែនជាករណីពិតប្រាកដនោះទេ ដោយសារតែយើងក៏ទទួលបានការចុះបញ្ជីពាណិជ្ជកម្មបរទេសថ្មីៗជាច្រើនផងដែរកាលពីឆ្នាំមុន»។
លោកពន្យល់ពីកត្តាផ្សេងទៀតនៅពីក្រោយការធ្លាក់ចុះនេះដែលបង្កឡើងដោយការរឹតបន្តឹងនីតិវិធី នៃការចុះបញ្ជី ការពង្រឹងលើការអនុវត្តច្បាប់។ល។
លោក Grant Knuckey អគ្គនាយកធនាគារ ANZ Royal ដែលជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាបានថ្លែងថា ភាពមិនច្បាស់លាស់នៃការវិនិយោគ និងបរិយាកាសពាណិជ្ជកម្មធ្វើឲ្យមានការធ្លាក់ចុះ។
លោកបន្តថា៖ «ខ្ញុំគិតថា ភាពមិនច្បាស់លាស់ក្នុងរយៈពេលក្រោយការបោះឆ្នោតអាចជាមូលហេតុ ដ៏សំខាន់នៃការធ្លាក់ចុះនេះ។ ស្ថិតក្នុងបរិយាកាសមិនច្បាស់លាស់តិចតួច នៅក្នុងទស្សនៈខ្លះថាការធ្វើពាណិជ្ជកម្មនឹងមិនទៅមុខនោះទេ»។
លោកបន្តថា៖ «បញ្ហាមួយអាចសន្មតថា មកពីបរិយាកាសអនុវត្តច្បាប់កាន់តែតឹងតែងជុំវិញពន្ធដារនិង ការបង់ពន្ធគយទំនងជាបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញឲ្យមានការចុះបញ្ជីមានការធ្លាក់ចុះ ប៉ុន្តែវាអាចមានការពិបាកក្នុងការបង្ហាញពីការជាប់ទាក់ទងគ្នានេះ»។
លោក រដ្ឋា បាននិយាយថា ភាគច្រើនចំនួនចុះបញ្ជីបរទេសគឺមកពីប្រទេស ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហើយពួកគេភាគច្រើនផ្តោតលើវិស័យកសិកម្មតែប៉ុណ្ណោះ ជាពិសេសនៅក្នុងការកែច្នៃ ទេសចរណ៍ សណ្ឋាគារ និងផ្សារទំនើប។
លោក Knuckey នៅតែមើលឃើញថា ប្រទេសនេះមានសក្ដានុពលធំសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ «កម្ពុជាគឺនៅតែជាកន្លែងបើកចំហ និងទាក់ទាញក្នុងការធ្វើពាណិជ្ជកម្មរួមដែលមិនបានផ្លាស់ប្តូរនោះទេ»។
លោក រដ្ឋា បានលើកឡើងថា៖ «ជាមួយនឹងការធ្វើកំណែទម្រង់របស់យើងដែលទើបនឹងចាប់ផ្តើម ខ្ញុំពិតជាសង្ឃឹមថា យើងពិតជាអាចទាក់ទាញវិនិយោគបរទេសនិងក្នុងស្រុកនឹងមកធ្វើពាណិជ្ជកម្មកាន់តែច្រើននៅទីនេះ ខណៈការចុះបញ្ជីកំពុងតែកើនឡើងខ្លាំងនៅដើមឆ្នាំនេះ»៕ B.P