The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង

ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង

ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង

20140213_12
បណ្តាញអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ ហេង ជីវ័ន

ភ្នំពេញៈ មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បាន​ឲ្យ​ដឹង​ថា ប្រភព​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ដែល​ទទួល​បាន​កាល​ពី​ឆ្នាំ ២០១៣ កើន ៦៦,៧០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១២ ខណៈ​ការ​ប្រើ​ប្រាស់​សរុប​កើន​ឡើង ២២ ភាគរយ។

លោក ទី ថានី ប្រធាន​ហិរញ្ញវត្ថុ នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ថ្លែង​ថា ប្រភព​ថាមពល​អគ្គិសនី​បាន​កើន​ឡើង​ពី ៨២២ មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ ២០១២ ដល់ ១៣៧០ មេហ្គាវ៉ាត់ ក្នុង​ឆ្នាំ ២០១៣។ លោក​បាន​លោក​បាន​អះអាង​ថា កំណើន​នៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ភាព​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព​របស់​ប្រជាជន និង ផលិតភាព​របស់​ឧស្សាហកម្ម​និង​សិប្បកម្ម​ក្នុង​ស្រុក។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ប្រើ​ប្រាស់​កើន​ឡើង​បង្ហាញ​ថា គ្រួសារ​នីមួយៗ​មាន​ជីវភាព​ប្រសើរ​ជាង​មុន។ គាត់​ទិញ​របស់​របរ​ដែល​ត្រូវ​ប្រើ​អគ្គិសនី​ច្រើន​ជាង​មុន។ ឯ​រោងចក្រ​កាល​ណា​ប្រើ​អគ្គិសនី​ច្រើន មាន​ន័យ​ថា គាត់​ផលិត​បាន​ច្រើន​ជាង​មុន»។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​មើល​ឃើញ​ថា បណ្តាញ​ចែក​ចាយ​ថាមពល​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​មាន​កម្រិត​និង តម្លៃ​នៅ​ថ្លៃ​ធៀប​នឹង​ប្រទេស​ជិត​ខាង។

លោក សន វិបុល សាស្ត្រាចារ្យ​ផ្នែក​បរិស្ថាន​នៃ​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ ដែល កំពុង​ស្រាវជ្រាវ​លើ​ប្រធានបទ «ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ដែល​មាន​លក្ខណៈ​សន្សំ​ថាមពល» បាន​ផ្សារ​ភ្ជាប់​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នេះ​ទៅ​នឹង​ការ​រីក​សាយ​ភាយ​នៃ​បណ្តាញ​អគ្គិសនី​ដែល​មាន​ដល់​នៅ​តាម​បណ្តា​ខេត្ត។

លោក​បាន​បន្ត​ថា៖ «ការ​ប្រើ​ប្រាស់​អគ្គិសនី​កើន ព្រោះ​បណ្តាញ​អគ្គិសនី​បាន​ទៅ​ដល់​ខេត្ត​ច្រើន​ជាង​មុន មាន​ដូចជា បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ជាដើម មិន​ផ្តោត​តែ​នៅ​ទីក្រុង​ប៉ុណ្ណោះ​ទេ»។ លោក​បន្ថែម​ថា ការ​កសាង​បណ្តាញ​អគ្គិសនី​នៅ​តំបន់​ឆ្ងាយៗ​មាន​ឥទ្ធិពល​ល្អ​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច។

លោក ទី ថានី បាន​ឲ្យ​ដឹង​ថា កម្ពុជា នៅ​មិន​ទាន់​អាច​ផលិត​ប្រភព​ថាមពល​ផ្គត់​ផ្គង់​នៅ​ក្នុង​ប្រទេស​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។

ប្រភព​ថាមពល​អគ្គិសនី​សំខាន់ៗ​ដែល​ផលិត​បាន​ក្នុង​ស្រុក នា​ពេល​បច្ចុប្បន្ន​នេះ​បាន​មក​ពី​ប្រេង​ឥន្ធនៈ និង​វារី​អគ្គិសនី និង​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​ជិត​ខាង​ដូចជា ប្រទេស ថៃ ឡាវ និង​វៀតណាម ជាដើម ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​មិន​អាច​ចុះ​ទាប​ជាង​ប្រទេស​ជិត​ខាង។

យោង​តាម​របាយ​ការណ៍​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៣ កម្ពុជា ផលិត​បាន​ថាមពល​អគ្គិសនី​ចំនួន ១ ៩៨៥ លាន​គីឡូវ៉ាត់ និង​បាន​នាំ​ចូល​ថាមពល​អគ្គិសនី​ចំនួន ៤ ២៩៧ លាន​គីឡូវ៉ាត់ ដែល​ក្នុង​នោះ​រួម​មាន​ពី​ប្រទេស ថៃ សរុប ១៧ ភាគរយ ពី វៀតណាម សរុប ៤០ ភាគរយ និង​ពី ឡាវ ០,២៥ ភាគរយ។

លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ កម្ពុជា ឲ្យ​ដឹង​ថា បញ្ហា​ថាមពល​អគ្គិសនី​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ក្នុង​វិស័យ​នេះ។

លោក​បន្ត​ថា ៦០ ទៅ ៧០ ភាគរយ​នៃ​រោងចក្រ​ធុន​មធ្យម និង​ធំ​នៅ កម្ពុជា កំពុង​ប្រើ​ប្រាស់ ម៉ាស៊ីន​ភ្លើង​ដែល​ប្រើ​ប្រេង​ឥន្ធនៈ​ជា​ប្រភព​ថាមពល​របស់​ខ្លួន។ លោក​បន្ថែម​ថា៖ «អគ្គិសនី​នៅ​ស្រុក​យើង​ប្រើ​កាន់​តែ​ច្រើន​កាន់​តែ​ថ្លៃ។ មាន​តែ​រោងចក្រ​ខ្នាត​តូច​ប៉ុណ្ណោះ​ដែល​ប្រើ​ភ្លើង​រដ្ឋ»។

លោក ជាតិ ខេមរា អះអាង​ថា កត្តា​នេះ​បាន​បង្ខំ​ឲ្យ​រោងចក្រ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ​ដើម្បី​ទប់​ទល់​ការ​ចំណាយ​ខ្ពស់ ក្នុង​នោះ​ក៏​មាន​ការ​ចំណាយ​លើ​ប្រាក់​ខែ​បុគ្គលិក​ផង​ដែរ។

លោក​បាន​បន្ថែម​ទៀត​ថា តម្លៃ​ថាមពល​អគ្គិសនី​ទាប​នឹង​ជួយ​ឲ្យ​ឧស្សាហកម្ម​កាត់ដេរ​មាន លក្ខណៈ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ជួយ​ទាក់​ទាញ​វិនិយោគិន​មក​កម្ពុជា​កាន់​តែ​ច្រើន​ឡើង៕

អត្ថបទគួរចាប់អារម្មណ៍