The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​លក់​ស្ករ​ត្នោត GI បាន​ធ្លាក់​ចុះ

ការ​លក់​ស្ករ​ត្នោត GI បាន​ធ្លាក់​ចុះ

ការ​លក់​ស្ករ​ត្នោត GI បាន​ធ្លាក់​ចុះ

130712_12
កសិករនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកំពុងកូស្ករត្នោត ឧដុង្គជាស្រុកមួយដែលផលិតស្កត្នោតGI ហេង ជីវ័ន

ភ្នំពេញៈ ស្ករ​ត្នោត​កំពង់ស្ពឺ​ដែល​ទទួល​បាន​លិខិត​បញ្ជាក់​ផលិត​ផល​សម្គាល់​ទីតាំង​ភូមិសាស្រ្ត (GI)​បាន​លក់​ចេញ​ចំនួន​១២ តោន​នៅ​ដំណាច់​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ គឺ​មាន​ការ​ថយ​ចុះ​ប្រមាណ​៣០​ភាគរយ បើ​ធៀប​នឹង​រដូវ​ប្រមូល​ផល​កាល​ពី​ឆ្នាំ​មុន។

លោក ចន សុខា ទី​ប្រឹក្សា​សមាគម​អភិវឌ្ឍន៍ និង​លើក​កម្ពស់​ស្ករ​ត្នោត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​រដូវកាល​ផលិត​ស្ករ​ត្នោត GI គឺ​ចាប់​ផ្តើម​ពី​ខែ វិច្ឆិកា​ដល់​ខែ​ឧសភា ហើយ​ផលិតកម្ម​នៅ​ឆ្នាំ​នេះ​ហាក់​មាន​ការ​ថយ​ចុះ​បន្តិច​បន្តួច​ស្រប​ពេល​ដែល​គ្រួសារ​មួយ​ចំនួន​ចាប់​ផ្តើម​ងាក​ចេញ​ពី​ការ​ផលិត​ស្ករ​ត្នោត​ប្រភេទ GI ទៅ​ផលិត​ប្រភេទ​ធម្មតា​វិញ ព្រោះ​មិន​សូវ​មាន​ភាព​ស្មុគ​ស្មាញ​និង​ត្រូវ​ចំណាយ​ពេល​តិច​ជាង។ លោក​បាន​បន្ត​ថា​៖ «ផលិត​ផល​ស្ករ​ត្នោត​ប្រភេទ GI នៅ​តែ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រភេទ​ស្ករ​ត្នោត​ធម្មតា​។ តម្លៃ​ក៏​ថ្លៃ​ជាង​ស្ករ​ធម្មតា ហើយ​ការ​ទទួល​ស្គាល់​ពី​គុណភាព​របស់​វា​ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ»។

ស្ករ​ត្នោត GI លក់​នៅ​លើ​ទីផ្សារ​មាន​ពីរ​ប្រភេទ​សំខាន់ៗ គឺ ស្ករ​ម្សៅ និង ស្ករ​ផែន។ នៅ​ឆ្នាំ​នេះ ស្ករ​ម្សៅ​លក់​ក្នុង​តម្លៃ ៦ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​កើន​ឡើង​ពី​ត្រឹម​៤ ៥០០ រៀល​ក្នុង​មួយ​គីឡូក្រាម​កាល​ពី​ឆ្នាំ​មុន​។ រីឯ​តម្លៃ​ស្ករ​ត្នោត​ប្រភេទ​ស្ករ​ផែន បាន​កើន​ឡើង​ផង​ដែរ គឺ​មាន​តម្លៃ​៤ ០០០ រៀល​ក្នុង​មួយ​គីឡូ​ក្រាម កើន​ឡើង​៥០០ រៀល​ពី​តម្លៃ​កាល​ពី​ឆ្នាំ​មុន។

យោង​តាម លោក សំ សារឿន ប្រធាន​សមាគម​អភិវឌ្ឍន៍ និង លើក​កម្ពស់​ស្ករ​ត្នោត​កំពង់ស្ពឺ​ថា​មាន​មូលហេតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​ការ​លក់​ចេញ​មាន​ការ​ថយ​ចុះ​ក៏​អាច បណ្តាល​ពី​ការ​កុម្ម៉ង់​ទិញ​យឺត​នា​ឆ្នាំ​នេះ​ផង​ដែរ ព្រោះ​ថា មាន​ក្រុមហ៊ុន ពីរ ទៅ បី ទើប​តែ​បញ្ជា​ទិញ​នៅ​ខែ​មេសា​និង​ឧសភា​ដែល​សមាគម​មិន​អាច​ផលិត​ទាន់។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​ពួក​គេ​មក​រក​ទិញ​តាំង​ពី​ដើម​រដូវ យើង​នឹង​អាច​ទទួល​ការ​កុម្ម៉ង់​នេះ​បាន​ហើយ​ការ​លក់​ចេញ​នឹង​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ផង​ដែរ»។

សម្រាប់​គ្រួសារ​ដែល​ជា​សមាជិក​ក្នុង​សមាគម​នេះ​ផលិតកម្ម​ស្ករ​ត្នោត​គឺ​ជា​មុខ​របរ​សំខាន់​ទី២ បន្ទាប់​ពី​ដំណាំ​ស្រូវ។ បច្ចុប្បន្ន​នេះ សមាគម​អភិវឌ្ឍន៍​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ មាន​សមាជិក​សរុប ១៤២ គ្រួសារ​ដែល​ផលិត​ស្ករ​ត្នោត GI គឺ​បាន​ថយ​ចុះ​ពី ១៧២ គ្រួសារ​កាល​ពី​ឆ្នាំ​មុន។​ស្ករ​ត្នោត GI គ្រប​ដណ្តប់​ចំនួន​ស្រុក​ពីរ​នៅ​ខេត្ត​កំពង់ស្ពឺ​គឺ​ស្រុក​ឧដុង្គ និង ស្រុក​សំរោងទង។

លោក ស៊ូ សាវ៉ន នាយក​ប្រតិបត្តិ សហគ្រាស​សេដាក​ដែល​សហគ្រាស​របស់​លោក​បាន​ដាក់​លក់​ស្ករ​ត្នោត GI បាន​លើក​ឡើង​ថា ជា​ទូទៅ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​តែ​មិន​ទាន់​បាន​ដឹង​ពី​លក្ខណ​ពិសេស​នៃ​គុណភាព​របស់​ស្ករ​ត្នោត​ដែល​ទទួល​បាន​លិខិត​បញ្ជាក់ GI នេះ​នៅ​ឡើយ។

លោក​ថ្លែង​ថា​៖ «វា​អាច​ជា​ក្តី​បារម្ភ​ដែរ​នៅ​ពេល​ដែល​ផលិតកម្ម​ចាប់​ផ្តើម​ធ្លាក់​ចុះ។ វា​ជា​ការ​ល្អ​ប្រសិន​បើ​ផលិតផល​នេះ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​គុណសម្បត្តិ​របស់​វា»៕

អត្ថបទគួរចាប់អារម្មណ៍