
ភ្នំពេញៈ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផ្ទៃដីដាំដុះកៅស៊ូសរុបនៅ កម្ពុជា នៅក្នុងឆ្នាំ ២០១៣ បានកើនដល់ ៣២៥ ៩០៥ ហិកតា ជាតួលេខដែលកើន ១៦,៣៦ ភាគរយ ធៀបនិងឆ្នាំ ២០១២ នៅពេលដែលផ្ទៃដីដាំដុះកៅស៊ូសរុបមានត្រឹម ២៨០ ៣៥៥ ហិកតា។
ក្នុងនោះផ្ទៃដីដាំដុះជាការវិនិយោគឯកជនមានចំណែក ១៧ ភាគរយ និងផ្ទៃដីដាំដុះជាលក្ខណៈគ្រួសារមានចំណែក ៤១ ភាគរយ កំពុងផ្តល់ជ័រកៅស៊ូ ខណៈផ្ទៃដីដាំដុះ ៤២ ភាគរយទៀតជាដីសម្បទានសេដ្ឋកិច្ចផ្តល់ដោយរដ្ឋាភិបាលដល់ក្រុមហ៊ុនវិនិយោគបរទេស។
លោក ម៉ែន សុភ័ក្រ អគ្គនាយករងចម្ការកៅស៊ូ ជប់ ជាក្រុមហ៊ុននាំចេញកៅស៊ូធំមួយនៅកម្ពុជាបានឲ្យដឹងថា ផ្ទៃដីដាំដុះដែលមានការកើនឡើងនេះឆ្លុះបញ្ចាំងពីសក្តានុពលរយៈពេលវែងនៃដំណាំកសិ-ឧស្សាហកម្មនេះ។ លោកសង្កេតឃើញតួលេខវិនិយោគលើដំណាំកៅស៊ូជាលក្ខណៈគ្រួសារមានការកើនឡើង បន្ទាប់ពីប្រជាពលរដ្ឋទទួលបានប្លង់កម្មសិទ្ធិដីស្របច្បាប់។
លោកថ្លែងថា៖ «ការមានប្លង់កម្មសិទ្ធិដីនៅក្នុងដៃធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការវិនិយោគ។ ណាមួយពួកគាត់ឃើញថា ការដាំកៅស៊ូផ្តល់ផលច្រើនជាងការដាំដំណាំផ្សេងៗ ដោយសារកៅស៊ូលក់មានតម្លៃល្អជាងដំណាំផ្សេងៗ»។
លោកបន្តថា បើទោះបីជាតម្លៃកៅស៊ូមានការធ្លាក់ចុះច្រើននៅឆ្នាំមុនក៏ដោយក៏កសិករនៅតែអាចចំណេញ។ តម្លៃកៅស៊ូពេលបច្ចុប្បន្នថ្លៃ ២ ២០០ ដុល្លារក្នុងមួយតោន ធ្លាក់ចុះពីតម្លៃ ៣ ១០០ ដុល្លារ កាលពីដើមឆ្នាំ ២០១៣។
នៅឆ្នាំ ២០១៣ កម្ពុជាបាននាំចេញកៅស៊ូសរុបចំនួន ៧៤ ១៩៨ តោន មានតម្លៃជាទឹកប្រាក់ ១៧០ លានដុល្លារ។ របាយការណ៍សរសេរទៀតថា ដំណាំកៅស៊ូនៅលើដីសម្បទានសេដ្ឋកិច្ចដែលមានទំហំ ១៣៥ ៤៤៦ ហិកតា ស្មើនឹង ៤២ ភាគរយនៃផ្ទៃដីដាំដុះសរុបនោះ នៅមិនទាន់ផ្តល់ជាផលិតផលកៅស៊ូឬផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិនៅឡើយទេ។
តួលេខពីក្រសួង កសិកម្ម បង្ហាញថា រហូតមកដល់ខែ មិថុនា ឆ្នាំ ២០១២ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ចសរុបចំនួន ១ ២០៤៧៥០ ហិកតា ដល់ក្រុមហ៊ុនឯកជន ១១៨ ក្រុមហ៊ុន។
តាមគេហទំព័ររបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទសរសេរថា រដ្ឋាភិបាលផ្តោតទៅលើការវិនិយោគទៅលើដីសម្បទានសេដ្ឋកិច្ចត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជនដើម្បីដាំដុះដំណាំកសិកម្ម និង កសិ-ឧស្សាហកម្មផ្សេងៗសម្រាប់ការនាំចេញដោយរំពឹងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះនឹងបង្កើតការងារប្រាក់ចំណូលដល់ប្រជាជនរស់នៅក្នុងសហគមន៍នោះ។
ផ្ទុយពីការរំពឹងទុកការផ្តល់ដីសម្បទានសេដ្ឋកិច្ចមិនបានធ្វើឲ្យជីវភាពប្រជាជនប្រសើរឡើងនោះទេ។
លោក អ៊ូច ឡេង មន្ត្រីកម្មវិធីដីធ្លី របស់អង្គការ អាដហុក បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ១៥ ម៉ឺនគ្រួសារនៅក្នុង ១៧ ខេត្ត ក្រុង កំពុងរងគ្រោះដោយសារ ដីសម្បទានសេដ្ឋកិច្ច។
លោកបានបន្តថា៖ «ការសម្បទានដីសេដ្ឋកិច្ចមិនបានធ្វើឲ្យជីវិតពួកគាត់ប្រសើរឡើង នោះទេ។ ប្រជាពលរដ្ឋ និងជនជាតិដើមរស់នៅអាស្រ័យដី និងព្រៃឈើ។ នៅពេលដែលមិនមានដី មិនមានព្រៃ ឲ្យគាត់រស់យ៉ាងណា?»។
លោកបន្ថែមថា កន្លងមកលោកមិនឃើញថា អាជ្ញាធរបានផ្តល់ដំណោះស្រាយសមស្របដល់ប្រជាពលរដ្ឋដែលត្រូវ បាត់បង់ដីធ្លី ឬត្រូវប្រឈមនឹងការជម្លៀសចេញនោះទេ។
បើតាមការឲ្យដឹងពី លោក អ៊ូច ឡេង តំបន់ដែលកំពុងមានបញ្ហាទំនាស់ដីធ្លីដ៏ក្តៅគគុកដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ច មានដូចជា ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ស្ពឺ និងខេត្ត កោះកុង ជាដើម។
លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានមានប្រសាសន៍ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដុះដំណាំកៅស៊ូ អាចរកចំណូលដល់សេដ្ឋកិច្ចជាតិ តាមរយៈការប្រមូលពន្ធដីពន្ធពីលើការនាំចេញឈើដែលមាននៅលើដីសម្បទាននោះស្រាប់ និងនៅពេលដែលជ័រកៅស៊ូត្រូវបាននាំចេញជាដើម។
លោកបានអះអាងថា បើទោះបីដំណាំកៅស៊ូនៅលើដីសម្បទានសេដ្ឋកិច្ចមិនទាន់ផ្តល់ ចំណូលដល់រដ្ឋនៅឡើយ តែវាបានបង្កើតការងារដល់កម្មករនៅក្នុងរយៈពេលដាំដុះ ហើយលោកបានព្យាករថា នៅក្នុងរង្វង់ ១៥ ឆ្នាំខាងមុខនេះ ផលិតផលកៅស៊ូនឹងអាចក្លាយជាវិស័យដែលជួយជំរុញសេដ្ឋកិច្ចជាតិខ្លាំងជាងវិស័យស្រូវអង្ករទៅទៀត។
ប៉ុន្តែលោក ស្រី ចន្ធី បានបញ្ជាក់ថា ដីសម្បទានសេដ្ឋកិច្ចគួរតែធ្វើឡើងនៅលើដីព្រៃដែលរេចរឹលមិនគួរផ្តល់ព្រៃស្តុកជាដីសម្បទាននោះទេ។ លោកបានថ្លែងថា៖ «ការកាប់ព្រៃក្រាស់ដើម្បីដាំកៅស៊ូអាចធ្វើឲ្យខូចដល់ជីវចម្រុះ»។
លោកបានបន្ថែមថា ផ្តល់ដីសម្បទានដែលសមស្រប អាចនាំប្រយោជន៍ដល់សេដ្ឋកិច្ចជាតិច្រើន។
របាយការណ៍ព្យាករថា ផ្ទៃដីដាំដុះកៅស៊ូនៅកម្ពុជាអាចនឹងកើនដល់ប្រមាណ ៤៥ ម៉ឺនហិកតានៅឆ្នាំ ២០២០ ដែលនឹងអាចផ្តល់ជ័រកៅស៊ូប្រមាណ ៤០ ទៅ ៥០ ម៉ឺនតោនក្នុងមួយឆ្នាំៗ។
ផលិតផលកៅស៊ូពាក់កណ្តាលសម្រេចរបស់ កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេស ចិន ជាទីផ្សារធំ ដែលឆ្លងកាត់ប្រទេស ម៉ាឡេស៊ី សិង្ហបុរី និង វៀតណាម ហើយក៏មានមួយចំនួនតូចទៅដល់សហគមន៍អឺរ៉ុបផងដែរ។
បច្ចុប្បន្នកម្ពុជាមានរោងចក្រសិប្បកម្មកែច្នៃផលិតផលកៅស៊ូចំនួន ៦០។
លោក ម៉ែន សុភ័ក្រ រំពឹងទុកថា ការនាំកៅស៊ូចេញ នៅឆ្នាំនេះនឹងកើន ១៥ ភាគរយ៕