
ភ្នំពេញៈ សមាជិកថ្មីរបស់សមាគមរោងចក្រកាត់ដេរកម្ពុជានៅឆ្នាំ២០១២ បានកើនឡើង១០០ភាគរយបើធៀបនឹងឆ្នាំ២០១១។ នេះបើតាមទិន្នន័យពីសមាគមរោងចក្រកាត់ដេរកម្ពុជា។
ការចូលសមាជិកដែលជាក្រុមហ៊ុនរោងចក្រកាត់ដេរបានកើនឡើងពី៦០ក្រុមហ៊ុន ដល់១២០ក្រុមហ៊ុន ហើយភាគច្រើនក្រុមហ៊ុនថ្មីទាំងនោះវិនិយោគទៅលើផលិតផលតម្លៃបន្ថែម។
លោក លី តេកហេង ប្រធានប្រតិបត្តិរបស់សមាគមនេះបានមានប្រសាសន៍ថា ការឡើងថ្លៃប្រាក់ឈ្នួលនៅចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់រួមទាំងការទទួលបានអនុគ្រោះពន្ធពីទីផ្សារសំខាន់ៗនៅកម្ពុជាគឺជាប្រភពសំខាន់ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យនេះទោះបីមានការខ្វះខាតកម្មករជំនាញនិងការកើនឡើងនៃចំនួនកូដកម្មនៅតែជាបញ្ហាប្រឈមរបស់ឧស្សាហកម្មនេះក៏ដោយ។
លោកបានបន្តថា៖ «ភាគច្រើននៃវិនិយោគិនថ្មីនោះគឺមកពីប្រទេសចិនដីគោក តៃវ៉ាន់ ហុងកុង ជាកន្លែងដែលវិនិយោគិនកំពុងប្រឈមនឹងការកើនឡើងប្រាក់ឈ្នួលរបស់កម្មករហើយពួកគេភាគច្រើនផ្តោតទៅលើការវិនិយោគផ្នែកផលិតផលដែលមានតម្លៃបន្ថែម»។
ចំនួនទឹកប្រាក់សរុបនៃការវិនិយោគក្នុងចំណោមរោងចក្រសរុបទាំង១២០ មានប្រហែល១៨០ លានដុល្លារ។នេះបើយោងតាមលោក លី តេកហេង។ចំនួននេះធ្វើឲ្យសមាជិកសរុបរបស់សមាគមកើនដល់៤៧០ រោងចក្រដែលមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់និងរោងចក្រស្បែកជើងដែលកំពុងផ្តល់ការងារប្រមាណ ៤៥០ ០០០នាក់ ហើយមាន៨០ ភាគរយជាស្រ្តី។
លោក ហ៊ីរ៉ូស៊ី ស៊ុយសាគី អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចំាវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មសម្រាប់កម្ពុជាបានមានប្រសាសន៍ថា មានក្រុមហ៊ុនជាច្រើនជាពិសេសប្រភេទក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មដែលពឹងលើកម្លាំងពលកម្មច្រើនកំពុងព្យាយាមរកទីតាំងថ្មីសម្រាប់ពង្រីកប្រតិបត្តិការរបស់ពួកគេ ហើយកម្ពុជាកំពុងក្លាយជាកន្លែងដែលចាប់អារម្មណ៍។ លោកថ្លែងថា៖ «ក្រុមហ៊ុនដែលវិនិយោគនៅប្រទេសចិនកំពុងចាប់អារម្មណ៍ផ្លាស់ប្តូរទីតាំងឧស្សាហកម្មពួកគេទៅប្រទេសផ្សេងទៀតពីព្រោះតែការកើនឡើងប្រាក់ខែកម្មករបើប្រៀបធៀបទៅប្រទេសនានារួមបញ្ចូលទាំងកម្ពុជាផងដែរនោះ»។
នៅប្រទេសជិតខាងកម្ពុជាដូចជាថៃប្រាក់ឈ្នួលអប្បបរមា៣០០ បាតក្នុង១ថ្ងៃ(ប្រហែល១០ ដុល្លារ) ប្រទេសវៀតណាមប្រហែល១១៣ ដុល្លារក្នុងមួយខែ ខណៈនៅក្នុងប្រទេសកម្ពុជាក្នុងវិស័យឧស្សាហកម្មកាត់ដេរវិញមានប្រាក់ខែគោល៦១ដុល្លារក្នុង១ខែ។
បច្ចុប្បន្នសហជីពកំពុងគំរាមធ្វើកូដកម្មដ៏ធំមួយដើម្បីទាមទារដំឡើងប្រាក់ខែ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាមានប្រសាសន៍ថាការកើនឡើងសមាជិកសមាគមកាត់ដេរនេះអាចមកពីការវិនិយោគច្រើនលើរោងចក្រដេរស្បែកជើង។ លោកបន្តថាប្រាក់ខែទាបរបស់កម្មករកំពុងទាក់ទាញអ្នកវិនិយោគ។ លោកបន្តថា៖ «អ្នកវិនិយោគពិតប្រាកដដែលគោរពសិទ្ធិកម្មករនឹងមិនចាំបាច់ភ័យខ្លាចចំពោះបញ្ហាកូដកម្មឡើយ ហើយពួកគេនឹងនៅបន្តចូលវិនិយោគនៅកម្ពុជា»។
ការនំាចេញផលិតផលកាត់ដេររបស់កម្ពុជាមានការកើនឡើង៩ ភាគរយកាលពីឆ្នាំមុន ដែលកើនឡើងពីចំនួន៤,២៤ ពាន់លានដុល្លារកាលពីឆ្នាំ២០១១ មកដល់ចំនួន៤,៦១ពាន់លានដុល្លារនៅឆ្នាំ២០១២៕