
ភ្នំពេញៈ កម្ពុជាបានចំណាយប្រមាណ ២,៥ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចន្លោះពីឆ្នាំ២០០៨និង ២០១២។
គណបក្សប្រឆាំងបានអះអាងចំនួនទឹកប្រាក់នេះនៅមានកម្រិតទាបនៅឡើយ ហើយការប្រើប្រាស់មិនមានប្រសិទ្ធភាព។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងសន្និសីទចក្ខុវិស័យកម្ពុជាលើកទី៧ថាការវិនិយោគសាធារណៈទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានចំនួនសរុប៩ ៨៥២ពាន់លានរៀលចន្លោះពីឆ្នាំ២០០៨និង២០១២ដែលក្នុងនោះ៦ ៨២១ពាន់លានរៀលចំណាយទៅលើ ផ្នែកដឹកជញ្ជូន២ ២៥១ពាន់លានរៀលធារាសាស្រ្តនិង៧៨០ពាន់លានរៀលទៅលើផ្នែកអគ្គិសនី។លោកបានបន្តទៀតថាចន្លោះពីឆ្នាំ២០០៨និង២០១២ការវិនិយោគសាធារណៈទៅលើផ្នែកដឹកជញ្ជូន បានកើនឡើងពី៨៥០ពាន់លានរៀលទៅដល់១ ៨៥១ពាន់លានរៀលវិនិយោគធារាសាស្រ្តបានកើនឡើងពី២០១ ទៅដល់ ៦៥០ ពាន់លានរៀលនិងការវិនិយោគអគ្គិសនីបានកើនឡើងពី១២៨ទៅដល់៣២៧ពាន់លានរៀល។
លោក ហ៊ុន សែន បានបន្តថា៖ «ការវិនិយោគវិស័យសាធារណៈដែលបានពីប្រាក់ចំណូលរបស់រដ្ឋកើនឡើងពី៧១១ពាន់លានរៀលក្នុងឆ្នាំ២០០៨ ទៅដល់១ ៣២៧ ពាន់លានរៀលក្នុងឆ្នាំ២០១២ដោយផ្ដោតត្រង់ទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ការចង្អុលបញ្ជាក់ពីកំណើននិងការអភិវឌ្ឍសង្គមហើយនិងការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី ខណៈការផ្ដល់ហិរញ្ញវត្ថុតាមរយៈធនធានខាងក្រៅបានកើនឡើងពី១ ៩២៦ ពាន់លានរៀលក្នុងឆ្នាំ២០០៨ដល់ ២ ៨៦០ ពាន់លានរៀលក្នុងឆ្នាំ២០១២»។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្សសម រង្ស៊ី បាននិយាយថាចំនួនទឹកប្រាក់ដែលបានប្រើប្រាស់មិនត្រូវនឹងការងារជាក់ស្តែងហើយថាលុយភាគច្រើនត្រូវប្រើសម្រាប់តែការសាងសង់ផ្លូវដែលស្ទើរតែខូចទាំងស្រុងព្រោះគ្មានគុណភាព។
លោកបានបន្តថា៖ «យើងបានខ្ចីលុយច្រើនណាស់ពីបរទេស ជាពិសេសចិនដើម្បីធ្វើការសាងសង់ផ្លូវហើយគម្រោងភាគច្រើនត្រូវបានផ្ដល់ទៅក្រុមហ៊ុនចិន។ រដ្ឋាភិបាលមិនដែលធ្វើការដេញថ្លៃជាសាធារណៈឡើយ។ខ្ញុំគិតថារដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសាងសង់ផ្លូវទាំងនោះហើយគេមិនគួរចាំទទួលតែកម្ចីពីបរទេសឡើយ»។
លោកបានបន្តទៀតថារដ្ឋាភិបាលអាចធ្វើការប្រមូលពន្ធនិងរដ្ឋាករផ្សេងៗនិងការជួលទ្រព្យសម្បត្តិរដ្ឋប្រមាណជាង១ពាន់លានដុល្លារក្នុង១ឆ្នាំ។
លោក Hiroshi Suzuki នាយកប្រតិបត្តិនិងជាប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជាបានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ លោកបន្តថា៖«រហូតមកដល់ពេលនេះរដ្ឋាភិបាលបានធ្វើការវិនិយោគជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវជាតិនិងកំពង់ផែក្រុងព្រះសីហនុ។ខ្ញុំគិតថាការវិនិយោគទាំងនេះមានប្រសិទ្ធភាព»។
លោក ហ៊ុន សែនបានឲ្យដឹងដែរថាការចំណាយលើវិស័យសាធារណៈបានកើនឡើង ១៧ភាគរយក្នុងមួយឆ្នាំដែលការចំណាយបច្ចុប្បន្ននេះបានកើន១៧,៦ភាគរយខណៈការចំណាយមូលធនមាន១៦,៨ភាគរយ។
លោកបានថ្លែងថា៖ «គោលនយោបាយចំណាយសាធារណៈនិងរដ្ឋបាលត្រូវបានរឹតបន្ដឹងនិងកែលម្អដែលជាលទ្ធផលពីការធ្វើផែនការឲ្យកាន់តែប្រសើរនៃតម្រូវការការចំណាយនិងការតភ្ជាប់កាន់តែប្រសើរទៅនឹងគោលនយោបាយអាទិភាពទាំងឡាយក៏ដូចជាការប្រើប្រាស់ថវិការដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព»៕ PB