
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍កាតា អ៊ែរវ៉េ (Qatar Airway) គឺជាក្រុមហ៊ុនអាកាសចរណ៍មកពីមជ្ឈិមបូព៌ាដំបូងបង្អស់ដែលនឹងចាប់ផ្តើមការហោះហើរពីក្រុងដូហាមកកម្ពុជានៅថ្ងៃស្អែកនេះ។
មន្រ្តីបានអបអរសាទរចំពោះការហោះហើរថ្មីនេះដោយបាននិយាយថាវានឹងជំរុញវិស័យទេសចរណ៍និងវិនិយោគិនមកពីមជ្ឈិមបូព៌ាចូលមកក្នុងប្រទេសកម្ពុជា។យោងតាមសេចក្ដីប្រកាសព័ត៌មាន ភ្នំពេញជាទិសដៅចុងក្រោយរបស់ក្រុមហ៊ុនអាកាសចរណ៍ កាតា អ៊ែរវ៉េ នៅក្នុងតំបន់អាស៊ានហើយភ្នំពេញក៏ជាផ្លូវហោះហើរទី១១របស់ក្រុមហ៊ុនអាកាសចរណ៍នេះនៅក្នុងសមាគមនៃបណ្តាប្រទេសអាស៊ានផងដែរបន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការជោគជ័យក្នុងការហោះហើរចេញពីទីក្រុងគូឡាឡាំពួ បាងកកបាលី ក្រុងហូជីមិញ ហ្សាការតា ហាណូយ សិង្ហបុរី ម៉ានីល ភូកេត និងយ៉ាំងហ្គោន។
លោក Akbar Al Bakerប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន កាតា អ៊ែរវ៉េ បាននិយាយថាជើងហោះហើរប្រចាំថ្ងៃពីទីក្រុងដូហា ប្រទេសកាតា ឆ្ពោះមករាជធានីភ្នំពេញនឹងផ្ដល់ឱកាសកាន់តែច្រើនចំពោះអ្នកដំណើរពីអឺរុប មជ្ឈិមបូព៌ា និងអាមេរិកខាងជើង។
លោកលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «នៅពេលដែលយើងពង្រីកកម្មវិធីហោះហើរពេញពិភពលោកយើងមានសេចក្ដីរីករាយក្នុងការផ្ដល់ដល់អតិថិជនរបស់យើងដែលរង់ចាំការតភ្ជាប់ទៅប្រទេសអាស៊ីមួយក្នុងចំណោមប្រទេស ដែលជាទិសដៅពេញនិយមបំផុត»។ លោកបន្តថា៖«យើងទន្ទឹងរង់ចាំដើម្បីប្រារព្ធពិធីនៃការមកដល់របស់យើងក្នុងប្រទេសកម្ពុជាយើងនឹងធ្វើការងាររបស់យើងដើម្បីជួយជំរុញបន្ថែមដល់ឧស្សាហកម្មទេសចរណ៍ ដែលជាអ្នកផ្ដល់ចំណូលធំទី២របស់ប្រទេសនេះ»។
លោកបន្ថែមថាការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កាតា អ៊ែរវ៉េពីដូហា មកភ្នំពេញនឹងបើកដំណើរការជាមួយយន្តហោះប្រភេទ A330 ដែលមានកៅអី២៤៨សម្រាប់(Economy Class)និងប្រភេទ Business Class មានកៅអីចំនួន៣៦។
ជើងហោះហើរនឹងចាប់ផ្ដើមតាមរយៈក្រុងហូជីមិញ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កាតាគឺជាប្រទេសមួយនៅមជ្ឈិមបូព៌ាដែលទាក់ទាញអ្នកទេសចរបរទេសជាច្រើនរាល់ឆ្នាំ។លោកបានបន្តទៀតថា៖ «អាកាសចរណ៍កាតាអ៊ែរវ៉េ គឺជាប្រភេទក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់បំផុត»។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិនៅក្រសួងទេសចរណ៍បាននិយាយថាចំនួនអ្នកទេសចរមកពីមជ្ឈិមបូព៌ាគឺមានចំនួនទាបនៅឡើយប៉ុន្តែលោកនិយាយថាការភ្ជាប់ទំនាក់ទំនងជាការរួមវិភាគទានដ៏ធំសម្រាប់ទាំងវិស័យទេសចរណ៍ និងការវិនិយោគ។
លោកបានបន្តថា៖ «យើងពិតជាមានសេចក្ដីរីករាយដែលមានការភ្ជាប់ជើងហោះហើរទោះជាពួកគេបានរួមចំណែកតូចមួយខាងវិស័យទេសចរណ៍នៅពេលនេះក៏ដោយ។ប៉ុន្តែខ្ញុំអាចសង្ឃឹមថាយើងនឹងទទួលបានការកើនឡើងដ៏ធំមួយក្នុងពាណិជ្ជកម្មនិងការវិនិយោគពីពួកគេព្រោះពួកគេមានចំណាប់អារម្មណ៍នៅក្នុងវិស័យកសិកម្មរបស់យើង»។
កាលពីខែកញ្ញា ឆ្នាំ២០១២ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថាមជ្ឈិមបូព៌ានឹងក្លាយជាទីផ្សារនាំចេញដ៏ធំសម្រាប់អង្កររបស់កម្ពុជាក្នុងឆ្នាំខាងមុខនេះ៕ PB