ភ្នំពេញ: NagaCorp ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន NagaWorld ដែលជា​ប្រតិបត្តិករ​កាស៊ីណូ​តែ​ ១ ​គត់​នៅ​ទីក្រុង​ភ្នំពេញ​បាន​រាយការណ៍​ពី​ការស្ទុះ​ងើប​ឡើង​វិញ​ដ៏ល្អ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ដែល​ត្រូវបាន​រងផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ក្នុង​រយៈពេល​ជាច្រើន​ខែ​។

របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នេះ​បានឱ្យ​ដឹងថា ក្នុង​អំឡុង​ពេល​ ៦ ​ខែ​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ ​មិថុនា ឆ្នាំ​ ២០២០ ប្រាក់ចំណេញ​សុទ្ធ​មាន​ចំនួន​ ២០,៦ ​លាន​ដុល្លារ​អាមេរិក​។ ប្រាក់ចំណូល​ការលេង​ល្បែងភ្នាល់​ដុល (GGR) នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​មាន​ចំនួន ​៣៧២ លាន​ដុល្លារ​អាមេរិក​។

លោក​ប្រធាន Timothy Patrick McNally បានឱ្យដឹង​នៅក្នុង​របាយការណ៍​នេះ​ថា​៖ «​យើង​សម្រេច​បាន​ដូចនេះ ទោះបី​ជា​រយៈពេល​ ៣ ​ខែ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​លេងល្បែង​ភ្នាល់​ក្នុង​អំឡុង​ពេលនេះ​ក៏ដោយ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បណ្ដាល​ឱ្យ​មានការ​រំខាន​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក​»​។

លោក​ថា​៖ «​ខណៈ​ដែល​លទ្ធផល​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី​ ១ ​របស់​យើង​មាន​ស្ថិរភាព ហើយ​យើង​រំពឹង​ថា​នឹង​ទទួលបាន​ជោគជ័យ​នៅ​ត្រីមាស​ទី​ ២ ជំងឺ​កូវីដ​ ១៩ បាន​បណ្ដាល​ឱ្យ​ពួកយើង​បញ្ឈប់​ប្រតិបត្តិការ​លេងល្បែង​ភ្នាល់​ទាំងអស់​កាលពី​ថ្ងៃទី​ ១ ខែ មេសា ឆ្នាំ​ ២០២០ រហូត​ដល់​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ពួកយើង​បើក​ដំណើរការ​ប្រតិបត្តិការ​លេងល្បែង​ភ្នាល់​ឡើងវិញ​កាលពី​ថ្ងៃទី​ ៨ ខែ កក្កដា ឆ្នាំ​ ២០២០»​។

របាយការណ៍​នេះ​បាន​ឱ្យ​ដឹងថា ក្នុងអំឡុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ទំហំ​អាជីវកម្ម​ទីផ្សារ​ទូទៅ និង GGR បាន​ធ្លាក់ចុះ​ភាគច្រើន​ដោយសារ​តែ​ការបិទ​ប្រតិបត្តិការ​កាស៊ីណូ​បណ្ដោះអាសន្ន​កាលពី​ត្រីមាស​ទី​ ២ ​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​លើ​ពិភពលោក​។

លោក​បាន​ថ្លែងថា​៖ «​ការធ្លាក់ចុះ​នេះ​មួយ​ផ្នែក​ត្រូវបាន​កាត់បន្ថយ​តាមរយៈ​ទីតាំង​ផ្ដាច់មុខ​របស់​យើង នៅ​ទីក្រុង​ភ្នំពេញ​ជា​កន្លែង​ដែលមាន​ការកើនឡើង​ខាង​ទ្រព្យសម្បត្តិ និង​សហគមន៍​ជនបរទេស​ចំនួន​ច្រើន​ភាគច្រើន​ជនជាតិ​ចិន​។ ទោះបី​ជា​ការធ្លាក់ចុះ​ការមក​ដល់​ភ្ញៀវទេសចរ​ក្នុង​អំឡុង​ឆមាស​ទី​ ២ ឆ្នាំ​ ២០២០ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​ក៏ដោយ ក៏​ដំណើរ​កម្សាន្ត​មកកាន់​កាស៊ីណូ NagaWorld នៅតែ​មាន​ដំណើរ​ការល្អ​ប្រសើរ​មុន​ពេល​ការបិទ​ជា​បណ្ដោះអាសន្ន​នៃ​ប្រតិបត្តិការ​កាស៊ីណូ​នេះ​»​។

កាលពី​ខែមីនា លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ប្រតិបត្តិការ​កាស៊ីណូ​ទាំងអស់​បណ្ដោះអាសន្ន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចៀស​ផុត​ពី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។ ទោះ​យ៉ាងណា​លោក​បាន​លុបចោល​ការហាមឃាត់​នេះ​កាលពី​ថ្ងៃទី​ ៣ ខែ​កក្កដា ប៉ុន្តែ​តុ​លេងល្បែង​ត្រូវតែ​ស្ថិត​ចម្ងាយ​យ៉ាងហោច​ណាស់​ ១ ​ម៉ែត្រ​ពីគ្នា​។ ការលេង​ល្បែង​ជា​ក្រុម​ត្រូវ​បាន​ហាមឃាត់​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Naga ក្នុងអំឡុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ប្រាក់ចំណូល​មិនមែន​ល្បែង​បាន​ធ្លាក់ចុះ​ភាគច្រើន​ដោយសារ​តែ​ការបិទ​ប្រតិបត្តិការ​កាស៊ីណូ​បណ្ដោះអាសន្ន​កាលពី​ត្រីមាស​ទី​២ និង​ការរឹតបន្តឹង​គោលនយោបាយ​ធ្វើដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​។

របាយការណ៍​នេះ​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រំពឹងថា Naga 3 នឹង​បំពេញបន្ថែម​អគារ​កាស៊ីណូ​ដែលមាន​ស្រាប់​របស់ Naga 1 និង Naga 2​។ ក្រុមហ៊ុន​បាន​រំពឹងថា នឹង​បញ្ចប់​ការសាងសង់​អគារ Naga 3 ត្រឹម​ឆ្នាំ​ ២០២៥​។ ដូច្នេះ​អគារ NagaWorld រួមបញ្ចូល​គ្នា​ជាមួយ​នឹង Naga 1, Naga 2 និង Naga 3 នឹង​មាន​ប្រហែល​ ៥ ០០០ បន្ទប់​សណ្ឋាគារ​តុ​លេងល្បែង​ ១ ៣០០ និង​ម៉ាស៊ីន​ហ្គេម​អេឡិចត្រូនិក​ (EG-M) ចំនួន​ ៤ ៥០០ ​គ្រឿង និង​ការទាក់ទាញ​មិនមែន​ការលេង​ល្បែង​ជាច្រើន​ផ្សេងទៀត ហើយ​ត្រូវ​បាន​រំពឹងថា នឹង​ក្លាយ​ជា​ទីកន្លែង​កម្សាន្ត​មួយ​នៅក្នុង​ចំណោម​ទីកន្លែង​កម្សាន្ត​រួមបញ្ចូល​គ្នា​ឈានមុខ​គេ​ជាច្រើន​លើ​ពិភពលោក​។

ក្នុង​ការបើក​ដំណើរការ​សម័យប្រជុំ​ពេញអង្គ​លើក​ទី៥ នីតិកាល​ទី​៦ ​កាលពី​ថ្ងៃ​ចន្ទ រដ្ឋសភាជាតិ (NA) បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ជាប់ទាក់ទង​នឹង​ការគ្រប់គ្រង​អាជីវកម្ម​ការលេង​ល្បែង​ភ្នាល់​។ ច្បាប់​នេះ​ស្ដីពី​ការលេង​ល្បែង ភ្នាល់​ពាណិជ្ជកម្ម​នឹង​ជួយ​រក្សា​ស្ថិរភាព​នយោបាយ លើក​កម្ពស់​សន្ដិសុខ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ និង​ការជួយ​សម្រួល​ដល់​ការកើនឡើង​ជាប្រចាំ​នៃ​ការវិនិយោគ​នៅក្នុង​វិស័យ​កាស៊ីណូ​៕ LA

វីដេអូ៖