ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ចិន​ បាន​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ក្នុង​ជុំ​ទី​ ២ ដើម្បី​ឈានទៅ​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ឆ្នាំ​ ២០២០ នេះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការចរចា​កិច្ចព្រមព្រៀង​សេរី​កម្ពុជា និង​ចិន​បាន​បញ្ចប់​ការចរចា​ក្នុង​ជុំ​ទី​ ២ កាលពី​ថ្ងៃទី​ ៩ ខែមេសា ដែល​ការចរចា​នេះ​បាន​ធ្វើឡើង​តាមរយៈ​វីដេអូអនឡាញ​ដោយ​ភាគី​កម្ពុជា​មាន​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ភាគី​ចិន​តំណាង​ដោយ​លោក Yang Zhengwei អគ្គនាយករង​ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​។

ការចរចា​ជុំ​ទី​ ២ ​នេះ​គឺជា​ការចរចា​បន្ត​ពី​ជុំ​ទី​ ១ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២០ ដល់​ ២១ ខែមករា កន្លងមក​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ​តាម​ក្រុម​តូចៗ​របស់​ភាគី​ទាំង​ ២ និង​ដោះស្រាយ​បញ្ហា​សេសសល់​មួយចំនួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​សេរី​បានធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ សេវាកម្ម និង​កិច្ចសហប្រតិបត្តិការ​កាន់​ស៊ីជម្រៅ​សម្រាប់​ជា​ឧត្តមប្រយោជន៍​នៃ​ប្រជាជន​ទាំង​ ២​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា ក្នុង​ការចរចា​ជុំ​ទី​ ២ ​នេះ​ភាគី​ទាំង​ ២ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេចបាន​ដោយ​ក្រុមការងារ​ចរចា​ទាំង​ ១០ ​ក្រុម​នាពេល​កន្លងមក​។ ការចរចា​នេះ​ក៏បាន​ផ្លាស់ប្តូរ​យោបល់ និង​ចរចា​យ៉ាងសកម្ម​តាម​មធ្យោបាយ​អនឡាញ បើ​ទោះបី​ប្រទេស​ទាំង​ ២ ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​ក្រុមការងារ​ចរចា​នៃ​ប្រទេស​ទាំង​ ២ ​បាន​ឯកភាពគ្នា​លើ​ជំពូក​មួយចំនួន​នៅក្នុង​ការចរចា​ជុំ​ទី​ ២ ​នេះ​រួមមាន​ជំពូក​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិ​ការវិនិយោគ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ព្រមទាំង​កិច្ចសហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​ក្រុម​ចរចា​ទាំង ១០ ​ក្រុម​តូច​រវាង​កម្ពុជា​និង​ចិន​នឹង​បន្ត​ពិភាក្សា​លើ​បញ្ហា​មិនទាន់​ដោះស្រាយ​មួយចំនួន ហើយ​រាយការណ៍​ទៅ​ប្រធាន​ក្រុម​ចរចា​មិន​ឲ្យ​លើសពី​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​ ២០២០ ដើម្បី​ឲ្យ​ប្រធាន​ក្រុម​ចរចា​ភាគី​ទាំង​ ២ ​យក​ទៅ​ពិភាក្សា​ផ្ទៃក្នុង​រៀងៗ​ខ្លួន សំដៅ​ឈានដល់​ការឯកភាព​គ្នា​ទាំងស្រុង និង​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ​នៅ​ខែ​មិថុនា​តាម​ការគ្រោងទុក​»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការពង្រីក​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ចិន​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​វា​នឹង​ជួយ​សម្រួល​ការនាំចេញ​អង្ករ​របស់​កម្ពុជា​បន្ថែម​ទៀត ខណៈ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​ប្រមាណ ៨០ ​ភាគរយ​ តាមរយៈ​កូតា​នាំចេញ​របស់​ចិន​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​សុក្រ​ថា ក្រៅពី​ប្រទេស​ ចិន រដ្ឋាភិបាល​កំពុង​ធ្វើការ​ចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង និង​រុស្ស៊ី ខណៈ​កម្ពុជា​ក៏​កំពុង​សិក្សា​ពី​កិច្ចព្រមព្រៀង​ជាមួយ​ឥណ្ឌា អង់គ្លេស និង​ជប៉ុន ។

របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​ ២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​ ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា លំហូរ​វិនិយោគ​ផ្ទាល់ពី​បរទេស​មក​កម្ពុជា​មាន​តម្លៃ ៣ ៥៨៨ ពាន់​ដុល្លារ​ កើនឡើង​ជិត ១២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨៕