ភ្នំពេញៈ កម្ពុជា និង​ម៉ាឡេស៊ី​ស ម្រេច​បាន​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ដែលជា​ការការពារ​វិនិយោគិន​របស់​ប្រទេស​នីមួយៗ​ពី​ការដក​ពន្ធ​ត្រួតគ្នា ហើយ​ត្រូវ​បាន​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ ២០២១ តទៅ​។

អ្នក​ក្នុង​វិស័យ​ឯកជន​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ការវិនិយោគ​ទ្វេភាគី​បន្ថែមទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ៦ ខែមករា ឱ្យដឹងថា ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការបង្ការ​ការគេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​ត្រូវ​បាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/១១២០/០២៣ ចុះ​ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២០​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា ដោយ​អនុលោម​តាម​មាត្រា ២៩ ស្តីពី​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​នេះ និង​បន្ទាប់ពី​ភាគី​ទាំង​ ២ បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅវិញទៅមក​ដោយ​ការផ្លាស់ប្តូរ​កំណត់​ទូត​អំពី​ការបំពេញ​ចប់សព្វគ្រប់​នីតិវិធី​ដែល​តម្រូវ​ដោយ​ច្បាប់​ក្នុងស្រុក​ដែល​នាំឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន និង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ​ មករា ឆ្នាំ​ ២០២១ តទៅ​។

កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ជាមួយ​នឹង​លោក Saifuddin Abdullah រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ការចៀសវាង​យកពន្ធ​ត្រួតគ្នា និង​ការទប់ស្កាត់​ការគេចវេះ​ពន្ធ​លើ​ប្រាក់ចំណូល​រវាង​ប្រទេស​ទាំង​ ២ ផងដែរ​។

អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​លោក ងួន ម៉េងតិច បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ដើម្បី​ចៀសវាង​ការយកពន្ធ​ត្រួត​គ្នា​ពី​ក្រុម​វិនិយោគិន​នៃ​ភាគី​ទាំង​ ២ ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការបង់​ពន្ធ​លើ​ប្រាក់ចំណូល​នៅ​ទីកន្លែង​ណា​ដែល​ភាគី​ទាំង​ ២ ​បង្កើត​ប្រាក់ចំណេញ​។

លោក​និយាយថា​៖ «​បើ​ភាគី​ម៉ាឡេស៊ី​គេ​យកពន្ធ​រួចហើយ​ខាង​យើង​មិនត្រូវ​យកពន្ធ​ទៀត​ទេ​ដែល​វា​នឹង​សម្រាល​បន្ទុក​ដល់​អ្នក​រកស៊ី​ទាំងសងខាង​»​។

លោក​ ម៉េងតិច ជឿថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត​។

លោក​និយាយថា​៖ «​កិច្ចព្រមព្រៀង​នេះ​ល្អ​សម្រាប់​ភាគី​ទាំង​ ២ ធ្វើ​អាជីវកម្ម ហើយ​ភាគី​ទាំង​ ២ នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពី​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​ក្នុង​ប្រទេស​នីមួយៗ​ផងដែរ​»​។

បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ប្រទេស​ម៉ាឡេស៊ី​បាន​ឈរ​នៅ​លំដាប់​ទី​ ៥ នៃ​អ្នក​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ​។ កម្ពុជា​បាន​ទាក់ទាញ​ការវិនិយោគ​សរុប ៤៨១ ​លាន​ដុល្លារ​ពី​ប្រទេស​ម៉ាឡេស៊ី​ចាប់ពី​ឆ្នាំ​ ២០១៤ ​ដល់​ឆ្នាំ​ ២០១៨​។

ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ម៉ាឡេស៊ី​ ភាគច្រើន​ជា​ផលិតផល​កសិកម្ម ខណៈ​ការនាំ​ពី​ប្រទេស​ម៉ាឡេស៊ី​មកវិញ រួមមាន​គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​ម្ហូបអាហារ ជាដើម​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​និយាយ​ថា ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​កាត់បន្ថយ​បន្ទុក​អ្នកប្រើប្រាស់ និង​អ្នក​ផ្គត់ផ្គង់​រវាង​ប្រទេស​ទាំង​ ២ ​បាន​មួយកម្រិត​ទៀត​។ លោក​បន្ថែមថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយទៀត​ដែល​ប្រទេស​ទាំង​ ២ ​សម្រេច​បាន ហើយ​យន្តការ​នេះ​ក៏​នឹង​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ផងដែរ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការលើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគ​ក៏ដូចជា​អ្នក​ផ្គត់ផ្គង់ ដើម្បី​បង្ការ​កុំឱ្យ​បន្ទុក​ពន្ធ​នេះ​ធ្លាក់​ទៅលើ​អ្នកប្រើប្រាស់​។ ការចូល​ជា​ធរមាន​នេះ​នឹង​ជួយ​ធ្វើឱ្យ​តម្លៃ​លក់​ចេញ​នៃ​មុខទំនិញ​ប្រទេស​ទាំង​ ២ ​មាន​ភាពធូរស្រាល​ជាង​មុន ហើយ​វា​ក៏​នឹង​បង្កើន​ភាព​ប្រកួតប្រជែង​សម្រាប់​តម្លៃ​ផលិតផល​ប្រទេស​ទាំង​ ២ ផងដែរ​»៕LA