ភ្នំពេញៈ កិច្ច​ព្រមព្រៀង​ពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា​រវាង​​កម្ពុជា និង​​បណ្ដា​ប្រទេស​ ៣ ​ផ្សេង​ទៀត​​បាន​ចូល​ជា​ធរមាន​​ហើយ​នឹង​ត្រូវ​​​អនុវត្ត​នៅ​ថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ​២០១៩ តទៅ​។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ (GDT)​។

GDT បាន​ឲ្យ​ដឹង​ថា ​កម្ពុជា និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ចៀសវាង​យក​ពន្ធ​​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិប​កេង​បន្លំ​​ពន្ធ​​ពាក់​ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​កាល​ពី​ឆ្នាំ​ ២០១៦​។​

កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​បែប​នេះ​ជា​មួយ​​ប្រទេស​ ប៊្រុយ​ណេដារុយសាឡិម កាល​ពី​ឆ្នាំ​ ២០១៧ និង​ជា​មួយ​​វៀតណាម​ក្នុង​ឆ្នាំ ២០១៨​។ នេះ​បើ​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​។​

កិច្ច​ព្រមព្រៀង​នេះ​នឹង​ការពារ​​ប្រទេស​​នី​មួយ​ៗ​ពី​ការ​យក​ពន្ធ​ត្រួត​គ្នា ហើយ​នឹង​​បង្កើន​ការ​ទាក់​ទាញ​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ពាណិជ្ជ​កម្ម​រវាង​​ប្រទេស​ទាំង​នោះ​។

ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​វៀត​ណាម បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ ២០១៨ នេះ​ ដោយ​ទំហំ​​ពាណិជ្ជ​កម្ម​មាន​ចំនួន ៣,​០៦ ​ពាន់​លាន​ដុល្លារ​​ ក្នុង​អំឡុង​រយៈ​ពេល ១០ ខែ​ដំបូង​ កើនឡើង​ ៣៦​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧​​។​

តួលេខ​ពាណិជ្ជ​កម្ម​បាន​មក​ពី​អគ្គ​នាយក​ដ្ឋាន​​គយ​វៀតណាម ​ក្នុង​អំឡុង​​​ខែ​មករា ដល់​ខែ​តុលា​ បាន​បង្ហាញ​ថា ក្នុង​​ចំណោម​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​សរុប ៣,​០៦ ​ពាន់​លាន​ដុល្លារ​ ការ​នាំចេញ​របស់​វៀត​ណាម​មក​កម្ពុជា​មាន​ចំនួន​ ២,​២៥ ពាន់​លាន​ដុល្លារ​ ឬ​ ៧៣ ​ភាគរយ​នៃ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​សរុប​។

របាយ​ការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បង្ហាញ​ថា ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​​​កម្ពុជា និង​ចិន​​មាន​តម្លៃ​ ៦,​០៦ ​ពាន់​​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន​។ ​ការ​នាំចូល​របស់​កម្ពុជា​ពី​ប្រទេស​ ចិន មាន​​តម្លៃ​ ៥,៣​ ពាន់​លាន​ដុល្លារ ខណៈ​ទំហំ​​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​​​ចិន បាន​កើន​ដល់​ ៧៥៨ ​លាន​ដុល្លារ​។

លោក ងួន​ ម៉េង​តិច អគ្គ​នាយក​សភា​​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​ដ៏​ល្អ​​​ក្នុង​ការ​​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។​

លោក​ថ្លែង​ថា​៖ «​ការ​ទូទាត់​ពន្ធ​នឹង​មិន​មែន​ជា​បន្ទុក​សម្រាប់​​ក្រុម​វិនិយោ​គិន​ទៀត​ឡើយ​ ដូច្នេះ​ក្រុម​វិនិយោគិន នឹង​កាន់​តែ​​រីករាយ​​ក្នុង​ការ​ចូល​មក​វិនិយោគ​ក្នុង​តំបន់​នេះ​»។ លោក​បន្ថែម​ថា៖ «​​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​នេះ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​សម្រាប់​កិច្ច​ព្រមព្រៀង​នេះ​»​។​

អគ្គ​នាយកដ្ឋាន​ពន្ធដារ​​​ ​បច្ចុប្បន្ន​​កំពុង​ចរចា​លើ​កិច្ច​ព្រមព្រៀង​​ដូច​គ្នា​នេះ​​ជា​មួយ​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​រួម​មាន​ ​សិង្ហ​បុរី ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន និងជប៉ុន៕ ​LA