ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​រំពឹងថា​នឹង​ចុះ​កិច្ចព្រមព្រៀង​​ជាមួយ​ក្រុមហ៊ុន​បារាំង The Blue Circle ដើម្បី​អភិវឌ្ឍ​កសិដ្ឋាន​ថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​រ៉ែ និង​ថាមពល​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ចន្ទ​ថា អគ្គិសនី​កម្ពុជា​កំពុង​ធ្វើការ​ចរចា​តម្លៃ​ជាមួយ​ក្រុមហ៊ុន ដែល​ភាគី​ទាំង​ ២ ​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ពេល​ឆាប់ៗ​នេះ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ពួកគេ​នឹង​ឈាន​ទៅ​រក​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​»​។

លោក​បន្ថែមថា ការវិនិយោគ​របស់​ក្រុមហ៊ុន​នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​អគ្គិសនី និង​ឆ្លើយតប​ទៅនឹង​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុងការ​បញ្ចុះតម្លៃ​អគ្គិសនី​ទាំង​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​គ្រួសារ​។ ​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ការចរចា​តម្លៃ​រវាង​ក្រុមហ៊ុន​ជាមួយ​អគ្គិសនី​កម្ពុជា​កំពុង​ត្រូវបាន​ធ្វើឡើង ដើម្បី​ទទួល​បាន​ប្រភព​ថាមពល​មានតម្លៃ​ទាប​»​។

លោក​បន្តថា តាម​ផែនការ​របស់​ក្រុមហ៊ុន The Blue Circle នឹង​សាងសង់ wind turbines យ៉ាងតិច ១០ ​ដើម​ជាមួយ​នឹង​សមត្ថភាព​ផលិត​ថាមពល ៨០ មេហ្គាវ៉ាត់​នៅលើ​ភ្នំ​បូកគោ​។

ក្រុមហ៊ុន​នេះ​បាន​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ នៅ​ខេត្តមណ្ឌលគិរី និង​ខេត្តកំពត​។ ជា​លទ្ធផល​កាលពី​ខែមីនា​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​បង្ហាញ​លទ្ធផល​ពី​ការសិក្សា​នេះ​ថា ប្រទេស​កម្ពុជា​មាន​សក្តានុពល​ផ្នែក​ការវិនិយោគ​ថាមពល​ខ្យល់​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀតថា កម្ពុជា​មាន​សក្តានុពល​ក្នុង​ការផលិត​ថាមពល​ ៥០០ មេហ្គាវ៉ាត់​ពី​ថាមពលខ្យល់ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​ថាមពល​ខ្យល់​នៅ​ថៃ និង​វៀតណាម​រួចហើយ​។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​ផលិត​ថាមពល​សរុប ១១ ២៦១ GWh កាលពី​ឆ្នាំ​ ២០១៩ កើនឡើង​ ២១ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ របាយការណ៍​នេះ​បង្ហាញថា កម្ពុជា​បាន​លក់​ថាមពល​អគ្គិសនី​ចំនួន ១០ ៨៨៥ GWh ទៅ​ឲ្យ​អតិថិជន​ជាង ១,១ លាន​នាក់​កាលពី​ឆ្នាំមុន​។

គណៈរដ្ឋមន្ត្រី​កម្ពុជា​កាលពី​ខែ​មុន​បាន​អនុម័ត​គម្រោង​អភិវឌ្ឍ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២ កន្លែង និង​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​ចំនួន​ ១ ដែលមាន​តម្លៃ​សរុប​ ១,៧ ពាន់​លាន​ដុល្លារ​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការអនុវត្ត​កម្មវិធី​ការងារ​ ២០១៩ និង​ទិសដៅ​ការងារ​ ២០២០ និង​ ២០២១ ​ថា ការអភិវឌ្ឍ​ប្រភព​អគ្គិសនី ដើម្បី​បង្កើន​សមត្ថភាព​ផលិត បញ្ជូន ចែកចាយ និង​ការតភ្ជាប់​បណ្តាញ​ឲ្យ​អ្នកប្រើប្រាស់​ជា​ការងារ​ចម្បង​របស់​ក្រសួង​ដែល​កំពុង​នឹង​បន្ត​អនុវត្ត​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើឲ្យ​កម្ពុជា​មាន​ប្រភព​អគ្គិសនី​ស្ថិរភាព​សម្រាប់​បំពេញ​តម្រូវការ​កំណើន​ប្រើប្រាស់​។

លោក​បាន​ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះ​ការកែលម្អ​ការផ្តល់សេវា​អគ្គិសនី​ដល់​អ្នក​ប្រើប្រាស់ និង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ក៏បាន និង​កំពុងផ្តល់​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ផងដែរ​»​។

របាយការណ៍​នេះ​បានបង្ហាញ​ទៀតថា ការវិនិយោគ​លើ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ១៣ ​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០០៦ ដល់ ឆ្នាំ​ ២០១៩ មានតម្លៃ​សរុប ៦,១ ពាន់​លាន​ដុល្លារ​៕LA