ក្រុងប៉ារីសៈ ស្នងការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) បានឲ្យដឹងកាលពីថ្ងៃចន្ទថា វានឹង «ពិបាក» សម្រាប់ប្លុកសហភាពអឺរ៉ុបក្នុងការព្រមព្រៀងគ្នាជាឯកច្ឆន្ទស្តីពីពន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នៅទូទាំងសហភាពអឺរ៉ុប នៅត្រឹមកាលបរិច្ឆេទកំណត់ត្រឹមខែមីនា ដែលបានកំណត់ដោយខ្លួនឯងនេះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងទីក្រុងបារីស លោក Pierre Moscovici ក៏បានឲ្យដឹងដែរថា លោកនឹងដាក់សំណើមួយទៅសហការីនៅគណៈកម្មការរបស់លោក ដើម្បីស្នើសុំឲ្យបញ្ចប់ការធ្វើវេតូ ដែលរដ្ឋាភិបាលថ្នាក់ជាតិនានាមានសិទ្ធិនេះ ដើម្បីធ្វើវេតូលើបញ្ហាពន្ធ ដែលសិទ្ធិនេះផ្តល់ឲ្យរដ្ឋាភិបាលណាមួយនូវអំណាចរារាំង ដែលសូម្បីតែសំណើស្តីពីបញ្ហាពន្ធ ដែលមានមហិច្ឆតាតិចតួចក៏ទទួលរងការធ្វើវេតូផងដែរ។
លោកបន្តថា បទប្បញ្ញត្តិស្តីពីវេតូ បានក្លាយជា «ឧបសគ្គ» ចំពោះការដោះស្រាយបញ្ហាប្រឈមពិភពលោក។
ប្រទេស អៀរឡង់ ដាណឺម៉ាក និងស៊ុយអែត ប្រឆាំងសំណើរបស់លោក Moscovici ដែលស្នើឲ្យមានសារាចរមួយដែលចេញដោយសហភាពអឺរ៉ុប ដើម្បីដកហូតពន្ធទៅលើផលរបរ (ប្រាក់ចំណូល) របស់ក្រុមហ៊ុនអ៊ីនធឺណិត ដើម្បីធានាថា គេហទំព័របច្ចេកវិទ្យាសកលលោកនានា ដូចជា Facebook និង Google បង់ពន្ធចំណែករបស់ពួកគេដោយយុត្តិធម៌។
ប្រទេស បារាំង បាននិងកំពុងគាំទ្រគំនិតនេះ ខណៈដែលអាល្លឺម៉ង់ក៏បានគាំទ្រផងដែរ ជាមួយនឹងគុណវុឌ្ឍនានា តែនោះមិនគ្រប់គ្រាន់ឡើយក្រោមប្រព័ន្ធបច្ចុប្បន្ន។
លោក Moscovici បានថ្លែងថា៖ «វាច្បាស់ណាស់ថា កិច្ចព្រមព្រៀងរវាង បារាំង‑អាល្លឺម៉ង់ ដែលបានបង្ហាញកាលពីខែធ្នូឆ្នាំមុន មិនទទួលបានការគាំទ្រជាឯកច្ឆន្ទទេ មិនថានៅថ្ងៃនោះ ឬនៅថ្ងៃបន្តបន្ទាប់។ ដូច្នេះ យើងត្រូវតែសន្មតថា ខណៈដែលដំណោះស្រាយរួម ១ មិនអាចធ្វើទៅរួច វានឹងជួបការពិបាកក្នុងការសម្រេចឲ្យបាននៅត្រឹមខែមីនា»។
រដ្ឋាភិបាលក្រុងបារីសបានលើកឡើងថា វិធានការនេះនឹងជាសមិទ្ធផល ១ ដែលទទួលបានតាមរយៈការឈ្នះការបោះឆ្នោតសម្រាប់អ្នកនយោបាយសំខាន់ៗសហភាពអឺរ៉ុបមុនការបោះឆ្នោតសភាអឺរ៉ុបនៅខែឧសភា ដែលនៅក្នុងការបោះឆ្នោតនោះអ្នកនយោបាយប្រជានិយមដែលប្រឆាំងទីក្រុងប្រ៊ុចសែល អាចទទួលបានលទ្ធផលល្អ។
ប៉ុន្តែ អៀរឡង់ ដែលជាទីតាំងរបស់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនប្រចាំតំបន់អឺរ៉ុប បានដឹកនាំក្រុមប្រទេស ១ ចំនួនតូចស្ថិតនៅភាគខាងជើងនៃតំបន់អឺរ៉ុបប្រឆាំងសំណើពន្ធនេះ ដោយលើកឡើងថា ការកំណត់ពន្ធនេះក៏នឹងប៉ះពាល់ដល់ក្រុមហ៊ុនអឺរ៉ុបផងដែរ ហើយបង្កឲ្យទីក្រុងវ៉ាស៊ីនតោនខឹងសម្បា៕ AFP/PS