ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា ជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មគោរស់ហើយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្មបានជួបជាមួយលោក Willem Westra van Holthe រដ្ឋមន្ដ្រីទទួលបន្ទុកឧស្សាហកម្មនៅដែនដីភាគខាងជើងរបស់ ប្រទេសអូស្ដ្រាលី។
លោក Willem Westra van Holthe បានថ្លែងថា ស្ដង់ដារសុខភាពគឺជាអាទិភាពសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងនេះ។ លោកបានថ្លែងថា៖ «ជាលើកដំបូងអាជ្ញាធរដែនដីភាគខាងជើង ប្រទេសអូស្ដ្រាលី នឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយទីកន្លែងចិញ្ចឹមសត្វគោ និងទីសត្តឃាតដែលមានស្រាប់ដើម្បីនាំពួកគេឲ្យដល់ស្ដង់ដារ ប្រព័ន្ធធានាចង្វាក់ផ្គត់ផ្គង់ការនាំចេញ (ESCAS)»។
លោកលើកឡើងថា៖ «នេះធានាថា ស្ដង់ដារសុខុមាលភាពសត្វពាហនៈត្រូវបានឆ្លើយតប និងរក្សាបានជាមូលដ្ឋានសម្រាប់ស្ថិរភាពពាណិជ្ជកម្មគោរស់»។
ប្រព័ន្ធធានាចង្វាក់ផ្គត់ផ្គង់ការនាំចេញ (ESCAS) របស់ប្រទេសអូស្ត្រាលី លម្អិតពីតម្រូវការឲ្យមានអនាម័យ និងកាតព្វកិច្ចព្យាបាលសត្វពាហនៈនៅទីសត្តឃាត និងទីកន្លែងនាំចេញ។
ដោយមានជំនួយពីអាជ្ញាធរអូស្ដ្រាលី លោក van Holthe រំពឹងថា ទីកន្លែងសត្តឃាតរបស់ប្រទេសកម្ពុជា នឹងមានកម្រិតស្ដង់ដារ និងចាប់ផ្ដើមទទួលសត្វគោរស់សម្រាប់សម្លាប់នៅឆ្នាំក្រោយ។
លោកបន្តថា៖ «ការនាំចេញសត្វគោសាកល្បងលើកដំបូងពីដែនដីភាគខាងជើងមកកាន់ ប្រទេសកម្ពុជា ទំនងជាមានចំនួនតិចតួច ប៉ុន្តែសង្ឃឹមថា វានឹងកើនឡើងជាបន្តបន្ទាប់។
កិច្ចព្រមព្រៀងនាំគោរស់មកកម្ពុជាបានបន្ថែមតំបន់នាំចេញនៅអាស៊ីអាគ្នេយ៍របស់ប្រទេសអូស្ដ្រាលីដែលរួមមានប្រទេសនាំចូលរួចហើយដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងសិង្ហបុរី។
លោក Van Holthe បញ្ជាក់ថា៖ «បើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានធ្វើឡើងរវាងកសិករ ក្រុមហ៊ុននាំចេញ ក្រុមហ៊ុននាំចូល និងអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ខ្ញុំសង្ឃឹមថា នឹងក្លាយជាការឈ្នះឈ្នះសម្រាប់កសិករ និងអ្នកប្រើប្រាស់របស់កម្ពុជា»។
មានក្រុមហ៊ុនតែមួយប៉ុណ្ណោះត្រូវបានគេរំពឹងថា នឹងឆ្លើយតបបានតាមកម្រិតស្ដង់ដារ ESCAS របស់ប្រទេសអូស្ដ្រាលី។ SLN Meat Supply ជាក្រុមហ៊ុនមានទីតាំងស្ថិតនៅក្នុង ខេត្តព្រះសីហនុ បានសាងសង់រោងចក្រមួយមានតម្លៃ ១៥ លានដុល្លារអាមេរិកដើម្បីទទួល និងកែច្នៃសត្វគោអូស្ដ្រាលីចាប់តាំងពី ខែសីហា ឆ្នាំនេះ។
លោក ហ៊ ស៊ីមលៀង ប្រធានគ្រប់គ្រងក្រុមហ៊ុន SLN Meat Supply បានថ្លែងកាលពីម្សិលមិញថា រោងចក្រនេះបានបញ្ចប់ ៨០ ភាគរយហើយ និងត្រូវបានគេរំពឹងថា នឹងរួចរាល់ដើម្បីទទួលសត្វគោអូស្ដ្រាលីនៅ ខែមករា។ លោកថ្លែងថា៖ «វាមើលទៅល្អ។ ខ្ញុំគិតថា វានឹងជារោងចក្រមួយល្អបំផុតនៅក្នុងតំបន់អាស៊ី»។
លោកបន្ថែមថា មន្ដ្រីអូស្ដ្រាលីបានដឹកនាំធ្វើការត្រួតពិនិត្យជាប្រចាំនៅរោងចក្រសត្តឃាតនេះ៕