ក្រុងហុងកុងៈ ក្រុម​វិនិយោគិន​អាស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​អបអរសាទរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​ផ្នែក​ដែល​សម្រេច​បាន​រវាង​ប្រទេស​ ​ចិន និង​សហរដ្ឋអាមេរិក​ ដែល​បាន​ជំរុញ​ផ្សារហ៊ុន​នានា​ក្នុង​តំបន់​ឲ្យ​ឡើងថ្លៃ បើទោះ​ជា​ក្រុម​អ្នកសង្កេត​ទីផ្សារ​នៅ​មាន​មន្ទិលសង្ស័យ​អំពី​សារៈសំខាន់​រួម​នៃ​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ​។

ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​មូលបត្រ​នានា​ទទួល​បាន​លទ្ធផល​ល្អ​នៅ​តំបន់​ហិរញ្ញវត្ថុ Wall Street បន្ទាប់ពី​ក្រុម​អ្នកចរចា​ជាន់ខ្ពស់​មកពី​ប្រទេស​មហាអំណាច​ទាំង​ ២ ​បាន​បញ្ចប់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រយៈពេល ២ ​ថ្ងៃ ដោយ​ពួកគេ​និយាយ​ថា ពន្ធគយ​អាមេរិក​ដែល​គ្រោង​នឹង​ចូល​ជាធរមាន​នៅ​សប្តាហ៍​នេះ​នឹង​ត្រូវ​ពន្យារពេល ហើយ​ចិន​នឹង​បង្កើន​ការទិញ​ផលិតផល​កសិកម្ម​របស់​អាមេរិក​។

ក្រុម​អ្នកចរចា​ទាំងនេះ​ក៏​បាន​ព្រមព្រៀង​ផងដែរ​លើ​បញ្ហា​ផ្សេងទៀត​រួមទាំង​បញ្ហា​កម្មសិទ្ធិ​បញ្ញា សេវា​ហិរញ្ញវត្ថុ និង​រូបិយប័ណ្ណ​។

ដំណឹង​នេះ​បាន​ផ្តល់​ការគាំទ្រ​ដែល​ត្រូវការ​យ៉ាងខ្លាំង​មួយ​ចំនួន​ដល់​ទីផ្សារ​ភាគហ៊ុន​នៅ​ទ្វីបអាស៊ី ដោយ​ផ្សារហ៊ុន​ក្រុង​ស៊ាងហៃ និង​ទីផ្សារ​ភាគហ៊ុន​ក្រុង​ហុងកុង​បាន​ឡើង​ថ្លៃ​ទាំងពីរ​គឺ​ជាង ១ ​ភាគរយ​។

ផ្សារហ៊ុន​ក្រុង​ស៊ីដនី​បាន​ឡើងថ្លៃ​ជាង ០,៧ ​ភាគរយ ​ហើយ​ផ្សារភាគហ៊ុន​ក្រុង​សិង្ហបុរី​ឡើងថ្លៃ ០,៤ ​ភាគរយ ខណៈ​ផ្សារ​ក្រុង​វែលីងតោន ផ្សារហ៊ុន​ក្រុង​តៃប៉ិ និង​ផ្សារហ៊ុន​ក្រុង​សេអ៊ូល​ក៏បាន​ឡើង​ថ្លៃ​ជាង ១ ភាគរយ​ផងដែរ​។

ផ្សារហ៊ុន​ក្រុង​ម៉ានីល និង​ក្រុង​ហ្សាការតា​បាន​មើលឃើញ​កំណើន​ដ៏ល្អ​។

ទោះ​យ៉ាងណា ខណៈ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ស្វាគមន៍​ដោយ​លោក ត្រាំ ថា​ជា «​កិច្ចព្រមព្រៀង​ដ៏អស្ចារ្យ​បំផុត និង​ធំ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​កសិករ​អាមេរិក​ដ៏អស្ចារ្យ​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​យើង​» នោះ​ក្រុម​អ្នកវិភាគ​មាន​សុទិដ្ឋិនិយម​តិចតួច​ថែមទៀត​ប៉ុណ្ណោះ​៕ KC