ភ្នំពេញៈ ការចរចា​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន (CCFTA) នៅ​ជុំ​ដំបូង​ទទួល​បាន​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​ប្រទេស​ទាំង​ ២ ​ក្នុង​ការបង្កើត​ដៃគូ​សេដ្ឋកិច្ច និង​ការវិនិយោគ​ដ៏រឹងមាំ​មួយ​នៅពេល​ខាងមុខ​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​អង្គារ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​លោក លី កឺឈាំង នាយករដ្ឋមន្ដ្រី​ចិន​ក្នុង​អំឡុង​ការចរចា​ទ្វេភាគី​កាលពី​ថ្ងៃទី​ ២០ និង​ថ្ងៃទី​ ២៣ ខែ មករា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ប៉េកាំង​បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ប្រទេស​ទាំង​ ២ សិក្សា​លទ្ធភាព​លើ​ការបង្កើត​ FTA ​ដើម្បី​ចាប់ផ្ដើម​ការចរចា​ក្នុង​ការសម្រេចបាន​ទិសដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​ ១០ ​ពាន់​លាន​ដុល្លារ ​ត្រឹម​ឆ្នាំ​ ២០២៣​។

ការចរចា​ជុំ​ដំបូង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២០ ដល់ ​២១ ខែ មករា ឆ្នាំ​ ២០២០ នៅពេល​ប្រទេស ​កម្ពុជា និង​ចិន​បាន​បើក​ការចរចា​ជុំ​ដំបូង​ស្ដីពី FTA ស្ថិតក្រោម​អធិបតីភាព​របស់​លោក សុខ សុភ័ក្ដ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​លោក Ren Hongbin អនុរដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ ចិន​។

នៅក្នុង​ការចរចា​ផ្លូវការ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ដល់​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស ​ចិន និង​កម្ពុជា និង​បានកត់សម្គាល់​សារៈសំខាន់​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ​សម្រាប់​ការលើក​កម្ពស់​ទំនាក់ទំនង និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​តាមរយៈ​ការចរចា​ទ្វេភាគី​នេះ មេដឹកនាំ​នៃ​ក្រុមការងារ​រវាង​ប្រទេស​ទាំង​ ២ ​បាន​កត់សម្គាល់​លទ្ធផល​វិជ្ជមាន​នៃ​ក្រុមការងារ​ទាំង​ ១០ តាមរយៈ​ការផ្លាស់ប្តូរ​គំនិត និង​ជំហរ​ទៅវិញទៅមក ព្រមទាំង​យល់ព្រម​លើ​អត្ថបទ​មួយចំនួន​នៃ​ការចរចា​នេះ​ផងដែរ​»​។

លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា FTA ត្រូវបាន​ចាត់ទុក​ជា​ជំហាន​បន្ទាប់​ក្នុង​ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​មាន​មូលដ្ឋាន​លើ​ច្បាប់​ជាមួយ​ដៃគូ​។

លោក​បន្តថា​៖ «​នេះ​គឺ​ខុសគ្នា​ពី​ការរៀបចំ​ឯកតោ​ភាគី​ដែល​បានផ្ដល់​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ដោយ​ដៃគូ ដែល​ការសម្រេច​ក្នុង​ការផ្ដល់ និង​ការដក​ស្ថិត​ក្នុង​ការសម្រេចចិត្ត​របស់​អ្នកផ្ដល់ និង​មិន​ផ្អែកលើ​ឧបករណ៍​ច្បាប់​ដូចជា FTA នោះទេ​»​។ លោក​បន្ថែមថា​ កម្ពុជា​គឺ​សមាជិក​អាស៊ាន នៃ FTA មួយ​ចំនួន​ដែល​រួមមាន​អាស៊ាន និង​ហុងកុង អាស៊ាន និង ANZ​។​ល​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ឲ្យ​ដឹងថា វា​ជា​ជំហាន​វិជ្ជមាន​លើ​ការចរចា​ជុំ​ដំបូង​រវាង​ប្រទេស​ទាំង​ ២ ដោយសារតែ​វា​នឹង​ជា​កិច្ចព្រមព្រៀង​ថ្មី​មួយ​សម្រាប់​កម្ពុជា ដោយសារ​តែ​ប្រទេស​នេះ​លែង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៀតហើយ​ក្នុង​រយៈពេល​ ៥ ​ទៅ​ ៦ ​ឆ្នាំ​ក្រោយ ហើយ​នឹង​បាត់បង់​នូវ​រាល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ផ្សេងទៀត​ណាមួយ​ដែល​ផ្ដល់​ដោយ​ប្រទេស​អភិវឌ្ឍន៍​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​ជា​ពេលវេលា​ត្រឹមត្រូវ​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ​ដែល​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​សម្លឹងមើល​ការចរចា FTA ជាមួយ​ប្រទេស​ ចិន និង​ប្លុក​ផ្សេងៗ​។ កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​ឋានៈ​ពី​ប្រទេស LDC ក្នុង​រយៈពេល​ប្រហែល ៥ ​ទៅ​ ៦ ​ឆ្នាំ ​បន្ទាប់​ដែល​យើង​នឹង​បាត់បង់​ភាពអនុគ្រោះ​ពន្ធ​ដែល​បានផ្ដល់​ដោយ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​។ ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​នៅពេល​អនាគត គួរតែ​ត្រូវ​បាន​គាំទ្រ និង​លើកកម្ពស់​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​»​។

លោក​បាន​ឲ្យ​ដឹងថា មកដល់​ពេល​នេះ​ប្រទេស​កម្ពុជា​មាន​កិច្ចព្រមព្រៀង​នេះ​តិច​នៅឡើយ ហើយ​ភាគច្រើន​ស្ថិតក្រោម​ប្លុក​អាស៊ាន ដូចជា FTA អាស៊ាន និង​កូរ៉េ អាស៊ាន​ និង​អូស្ដ្រាលី អាស៊ាន នូវែលសេឡង់ កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏ទូលំទូលាយ​រវាង​អាស៊ាន និង​ជប៉ុន​។

លោក​ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវ​កំណត់​ទិសដៅ​ FTA ​ទ្វេភាគី​កាន់តែ​ច្រើន និង​ប្រទេស​ចិន​គឺជា​ដៃគូ​ដ៏មាន​សក្ដានុពល​ខ្លាំង​បំផុត​របស់​យើង​។ នេះ​ជា​ទីផ្សារ​មួយ​ដែលមាន​ប្រជាជន​ ១ ​ពាន់​លាន​នាក់ និង​ជា​សេដ្ឋកិច្ច​លំដាប់​លេខ​ ១ ​របស់​ពិភពលោក ទាក់ទង​នឹង​អំណាច​នៃ​ការទិញ​»​។ លោក​បន្តថា​៖ «​ដោយសារ​តែ​យើង​ជា​មិត្ត​ដ៏ល្អ និង​ឆន្ទះ​របស់​ចិន​ក្នុង​ការជួយ​កម្ពុជា ខ្ញុំ​ជឿជាក់​ថា​ការបញ្ចប់​ការចរចា​នឹង​មាន​រយៈពេល​ខ្លី​បំផុត​ធៀប​នឹង​ការចរចា​ FTA ផ្សេងទៀត​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា​ជំហាន​បន្ទាប់ ភាគី​ទាំង​ ២ ​នឹង​ពន្លឿន​ឲ្យ​កាន់តែ​រហ័ស​លើ​ការលើក​ឡើង​មួយចំនួន និង​ចំណុច​ដែល​ស្នើឡើង​ពី​ក្រុមការងារ​នីមួយៗ​ក្នុង​គោលបំណង​ស្វែងរក​ការសម្របសម្រួល​លើ FTA ក្នុងពេល​ឆាប់​បំផុត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​ជាមួយ​គ្នា​នេះ​ដែរ​ប្រធាន​ក្រុមការងារ​នេះ​បាន​យល់ព្រម​ក្នុង​ការបង្កើន​ល្បឿន​ការចរចា និង​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​របស់​ប្រទេស​នីមួយៗ មុនពេល​កិច្ចប្រជុំ​ជុំ​ទី​ ២ ដែល​ត្រូវបាន​រំពឹងថា នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆមាស​ទី ១ ឆ្នាំ​ ២០២០»​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​ចំនួន​ប្រហែល​ ៧,៤ ​ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ពី​ ៦,០៤ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៧​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​៕LA