ភ្នំពេញៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​ប្រទេស​កម្ពុជា​ និង​ចិន រំពឹងថា​នឹង​សម្រេចបាន​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ ជា​វិធានការ​មួយ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។

ប្រទេស​កម្ពុជា និង​ចិន​បាន​ចាប់ផ្ដើម​សិក្សា​លទ្ធភាព​លើ​ការបង្កើត FTA ចាប់តាំងពី​ខែមករា​ឆ្នាំ​ ២០១៩ ក្នុង​គោលបំណង ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើនឡើង​ដល់​ ១០ ​ពាន់​លាន​ដុល្លារ​ ត្រឹម​ឆ្នាំ​ ២០២៣​។

ការចរចា​ជុំ​ដំបូង​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​ ២១-២២ ខែ មករា ឆ្នាំ​ ២០២០ នៅពេល​ប្រទេស​ កម្ពុជា និង​ចិន​ បើក​ដំណើរការ​ការចរចា​ជុំ​ទី​ ១​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា FTA ​ជាមួយ​ប្រទេស​ចិន​កំពុង​ត្រូវបាន​ព្រាង ខណៈ​ភាគី​ទាំង​ ២ ​បានបញ្ចប់​ការចរចា​ជុំ​ទី​ ១ រួចហើយ​។ លោក​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព​ផលិត និង​បង្កើន​ផលិតផល​កាន់តែ​ច្រើន ដើម្បី​បង្កើន​ការនាំ​ចេញទៅ​ប្រទេស​ចិន មុនពេល FTA សម្រេចបាន​។

លោក​ថ្លែងថា​៖ «​យើង​រំពឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​កម្ពុជា និង​ចិន​នឹង​ត្រូវ​សម្រេច​បាន​នៅ​ខែវិច្ឆិកា ឆ្នាំនេះ​។ វា​នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​អំឡុង​វត្តមាន​លោកនាយក​រដ្ឋមន្ដ្រី​ចិន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អឺរ៉ុប នៅ​ខែវិច្ឆិកា​។ បន្ទាប់មក​វា​នឹង​ត្រូវបាន​អនុវត្ត​»​។

លោក​បន្ថែម​ថា​៖ «​មុនពេល​កិច្ចព្រមព្រៀង​ត្រូវ​សម្រេច​បាន យើង​ត្រូវតែ​លើកកម្ពស់ និង​បង្កើន​ផលិតផល​របស់​យើង​សម្រាប់​ការនាំ​ចេញ​ទៅ​ទីផ្សារ​នេះ​។ យើង​សង្ឃឹមថា ចិន​នឹង​ជួយ​ដល់​កំណើន​របស់​យើង​តាមរយៈ​ការដាក់​ការវិនិយោគ​កាន់តែ​ច្រើន​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ឲ្យ​ដឹងថា វា​ជា​ពេលវេលា​ត្រឹមត្រូវ​ក្នុង​ទិសដៅ​ត្រឹមត្រូវ​ដែល​កម្ពុជា​ចាប់ផ្ដើម​សម្លឹងមើល​ការចរចា FTA ជាមួយ​បណ្ដា​ប្រទេស និង​ប្លុក​ផ្សេងៗ ខណៈ​ប្រទេស​នេះ​ត្រូវបាន​រំពឹងថា​នឹង​ចាកចេញ​ពី​ប្រទេស​មាន​ឋានៈ LDC ក្នុង​រយៈពេល​ពី​ ៥ ​ទៅ​ ៦ ​ឆ្នាំ​ទៀត​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​យើង​បាត់បង់​ការអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​បានផ្ដល់​ដោយ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន ពាណិជ្ជកម្ម​នៅពេល​អនាគត​របស់​កម្ពុជា​គួរតែ​ត្រូវបាន​គាំទ្រ និង​លើកកម្ពស់​ដោយ​ FTA»​។

លោក កាំង ម៉ូនីកា ថ្លែងថា​៖ «​យើង​ត្រូវ​កំណត់​ទិសដៅ FTA ទ្វេភាគី​ឲ្យ​កាន់តែច្រើន ហើយ​ប្រទេស​ចិន​ត្រូវការ​ដៃគូ​មាន​សក្ដានុពល​ខ្លាំង​របស់​យើង​។ នេះ​ជា​​ទីផ្សារ​មួយ​មាន​ប្រជាជន​ជាង​ ១ ​ពាន់​លាន​នាក់ និង​ជា​សេដ្ឋកិច្ច​លំដាប់​លេខ​ ១ ​របស់​ពិភពលោក​ទាក់ទង​នឹង​អំណាច​ការទិញ​»​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​ចំនួន​ប្រហែល​ ៧,៤ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨ ​កើនឡើង​ពី​ ៦,០៤ ​ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ​ ២០១៧​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​៕LA