ភ្នំពេញៈ កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​មាន​ ១៦ ប្រទេស​ចូលរួម​ និង​​មាន​ទំហំ​​ពាណិជ្ជកម្ម ​១ ​ភាគ ​៣ ​នៃ​ពាណិជ្ជកម្ម​ពិភព​លោក ត្រូវ​បាន​រំពឹង​ថា​​នឹង​សម្រេច​កិច្ច​ព្រមព្រៀង​​នា​ចុង​ឆ្នាំ​នេះ​។ នេះ​បើ​​​តាម​សេចក្តី​ថ្លែងការណ៍​រួម​នៃ​អន្តរ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៧ ​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​សៅរ៍​។

កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​​ដែល​ត្រូវ​បាន​ចូលរួម​ដោយ​ប្រទេស​​ ១៦ រួម​មាន​ប្រទេស​ជា​សមាជិក​​អាស៊ាន​ទាំង ​១០ និង​ប្រទេស​​​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​​នៅ​អាស៊ី​ រួម​មាន​ ចិន ​ឥណ្ឌា ​ជប៉ុន ​កូរ៉េ ​អូស្ត្រាលី និង​នូវែលសេឡង់។

តាម​សេចក្តី​ថ្លែងការណ៍​រួម​បន្ទាប់​​ពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទាំង​អស់​​បាន​ទទួល​ស្គាល់​ថា​ នៅ​មាន​​ការងារ​ជា​ច្រើន​​​ដែល​ត្រូវ​តែ​​សម្រេច​ឲ្យ​​បាន​ ដើម្បី​ជំរុញ​ឲ្យ​​មាន​ភាព​ជឿនលឿន​ នូវ​រាល់​ទិដ្ឋភាព​ទាំង​អស់​នៃ​ការ​ចរចា។ រដ្ឋមន្ត្រី​ទាំង​អស់​បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំង​ ១៦ ​ធ្វើ​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​រសើប​​នានា​ ហើយ​​បន្ត​ធ្វើ​ការ​ដើម្បី​​សម្រេច​ឲ្យ​​នូវ​លទ្ធផល​ពាណិជ្ជកម្ម​ប្រកប​ដោយ​ខ្លឹមសារ​ និង​មាន​តុល្យភាព​។

សេចក្តី​ថ្លែង​ការណ៍​រួម​បញ្ជាក់​ថា​៖ ​«រដ្ឋមន្ត្រី​ទាំង​អស់​ បាន​ធ្វើ​ការ​រំ​ឭក​ឡើង​វិញ​ ទៅ​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង ​RCEP ដែល​ជា​កិច្ច​ព្រមព្រៀង​ទំនើប​គ្រប់​ជ្រុងជ្រោយ​ដែល​មាន​គុណភាព​ខ្ពស់​ និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ និង​ប្រឹងប្រែង​ឲ្យ​​អស់​ពី​លទ្ធភាព​ដើម្បី​សម្រេច​ឲ្យ​​បាន​កិច្ច​ព្រមព្រៀង​​នេះ​នៅ​ក្នុង​ឆ្នាំ ​២០១៩​»។

ដើម្បី​ធានា​ឲ្យ​សម្រេច​បាន​វឌ្ឍនភាព​ក្នុង​ការ​បំពេញ​​តាម​អាណត្តិ​ការងារ​របស់​ថ្នាក់​ដឹកនាំ​ ក្នុង​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​នា​ឆ្នាំ ​២០១៩ នេះ រដ្ឋមន្ត្រី​បាន​ព្រមព្រៀង​ជំរុញ​ឲ្យ​​មាន​ការ​ចូល​រួម​ កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត​ នៅ​ក្នុង​​រយៈ​ពេល​ដែល​នៅ​សេសសល់​ក្នុង​ឆ្នាំ​នេះ​ដោយ​រៀបចំ​ឲ្យ​មាន​​អន្តរកិច្ច​ប្រជុំ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​។ រដ្ឋមន្ត្រី​បាន​ព្រមព្រៀង​​នឹង​ជួប​ប្រជុំ​លើក​ក្រោយ​ទៀត​នៅ​អន្តរ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ RCEP ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​​សីហា​ ឆ្នាំ ​២០១៩ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​របស់​ RCEP លើក​ទី​២៧ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​។

កិច្ច​​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍​​នេះ​ត្រូវ​បាន​ចូល​រួម​បើក​ដោយ​លោក​​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន​ និង​ត្រូវ​​បាន​ដឹក​នាំ​ដោយ​លោក​ស្រី​ ជុតិមា​ ប៊ុន​យាប្រាថា​សារ៉ា ​អនុ​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ស្ដីទី​ក្រសួង​​ពាណិជ្ជកម្ម​ថៃ​ ​ដោយ​បាន​ត្រួត​ពិនិត្យ​ ការ​អភិវឌ្ឍ​ចាប់​តាំង​​ពី​កិច្ច​ប្រជុំ​កំពូល​ RCEP លើកទី២​ កាល​ពី​ថ្ងៃ​ទី ​១៤ ខែ​វិច្ឆិកា​ ឆ្នាំ ​២០១៨ នៅ​ក្នុង​ប្រទេស ​សិង្ហបុរី។​

ការ​ចរចា​ស្ដីពី RCEP បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ ​២០១៣។

ប្រសិន​​បើ​កិច្ច​ព្រមព្រៀង​នេះ​សម្រេច​បាន វា​គ្រប​ដណ្ដប់​ប្រហែល​ពាក់​កណ្ដាល​នៃ​ប្រជាជន​​ពិភព​លោក ​និង​ប្រហែល ​១ ​ភាគ​ ៣​ នៃ​ពាណិជ្ជកម្ម​ពិភព​លោក​​។​​

លោក ​ប៉ាន​ សូរស័កិ្ត ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​នេះ ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បន្ថែម​បាន​​ទេ ​អំពី​ការ​រីក​ចម្រើន​នៃ​ការ​ចរចា​​នេះ​កាល​ពី​ម្សិលមិញ​៕ LA