ភ្នំពេញៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការនិងការពង្រីកសេដ្ឋកិច្ចកាន់តែទូលំទូលាយក្នុងចំណោមរដ្ឋសមាជិកជាមួយអាស៊ីបូព៌ានិងដៃគូអភិវឌ្ឍន៍ផ្សេងទៀតគឺត្រូវតែមានដើម្បីការពារហានិភ័យ ផលប៉ះពាល់ណាមួយពីភាពមិនច្បាស់លាស់និងភាពងាយផុយស្រួយនៃសេដ្ឋកិច្ចសកល។
ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងកាលពីថ្ងៃអង្គារក្នុងកិច្ចសន្ទនាសកលអាស៊ាន។
កិច្ចសន្ទនាសកលអាស៊ានដែលរួមមានមេដឹកនាំជាច្រើនមន្រ្តីសំខាន់ៗរបស់អាស៊ាន និងអាស៊ីបូព៌ា និងដៃគូអភិវឌ្ឍន៍គឺដើម្បីដោះដូរយោបល់និងស្វែងរកវិធីដោះស្រាយជាមួយនឹងបញ្ហាបច្ចុប្បន្នស្របពេលដែលតំបន់កំពុងប្រឈមមុខវិបត្តិហិរញ្ញវត្ថុសកលបញ្ហាការងារបញ្ហាសន្តិសុខស្បៀងអាហារនិងការប្រែប្រួលអាកាសធាតុ។
លោក ហ៊ុន សែន បានថ្លែងថាពិភពលោកមិនទាន់គេចផុតពីវិបត្តិហិរញ្ញវត្ថុសកលទាំងស្រុងទេ។ភាពរីកចម្រើនយឺតៗនិងភាពងាយផុយស្រួយនៃប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសជឿនលឿនមួយចំនួនកំពុងបណ្តាលឲ្យទីផ្សារមូលធនសកលប្រឈមនឹងអស្ថិរភាពហើយអ្នកវិនិយោគមានការស្ទាក់ស្ទើរផងដែរ។ ទោះបីយ៉ាងណាក្តីក្នុងបរិបទនេះអាស៊ាននៅតែស្ថិតក្នុងជំហររឹងមាំ។ លោកបន្តថា៖ «យើងទទួលស្គាល់ថាបើសេដ្ឋកិច្ចសកលនៅតែខ្សោយអាស៊ានពិតណាស់នឹងមិនអាចគេចផុតពីវិបត្តិនោះទេ។យើងទាំងអស់គ្នាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមកំណើនសេដ្ឋកិច្ច និងបញ្ហាដទៃៗទៀតដែលអាចកើតមានឡើងនាពេលអនាគត»។
ក្នុងន័យនេះវាបានបង្ហាញថា កិច្ចសន្ទនាសកលគឺសំខាន់ណាស់ដើម្បីសង្កត់ធ្ងន់ពីតួនាទីរបស់អាស៊ានដើម្បីកំណត់របៀបវារៈនិងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។កិច្ចសន្ទនាក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីបញ្ហាប្រឈមនិងឱកាសផងដែរដែលសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។
លោក Haruhiko Kurodaប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលជាដៃគូមួយក្នុងចំណោមដៃគូអភិវឌ្ឍន៍សំខាន់ៗបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារក្នុងអំឡុងកិច្ចជំនួបសន្ទនាសកលអាស៊ានថាសេដ្ឋកិច្ចជឿនលឿនមួយចំនួនបានបង្កើនតារាងតុល្យភាពរបស់ពួកគេឡើងវិញសន្សឹមៗហើយទីផ្សារកំពុងរីកលូតលាស់របស់អាស៊ីត្រូវការធ្វើពិពិធកម្មប្រភពនៃភាពរីកចម្រើនដើម្បីជំរុញGDP។
ខណៈកំណើនសេដ្ឋកិច្ចសកលនៅមានរីកចម្រើនទៅមុខយឺតយ៉ាវការអភិវឌ្ឍនៅតំបន់អាស៊ីគឺស្ថិតនៅក្នុងទ្រង់ទ្រាយប្រសើរជាងមុនជាមួយនឹងការរំពឹងទុកកំណើន៦,១ភាគរយនៅឆ្នាំនេះ។សេដ្ឋកិច្ចអាស៊ានបានបង្ហាញពីភាពរឹងមាំគ្រប់គ្រាន់។
លោក Kurodaបានថ្លែងថា៖ «សេដ្ឋកិច្ចជោគជ័យនៅថ្ងៃស្អែកនឹងផ្តោតទៅលើការកែប្រែខ្លួនប្រកបដោយប្រសិទ្ធភាព តាមរយៈកំណើនដែលបានដល់មនុស្សកាន់តែច្រើន ជាពិសេសអ្នកក្រ»។
លោកបានលើកឡើងថាជាមួយនឹងប្រជាជនអាស៊ីចំនួន ៤២០នាក់ចូលក្នុងទីផ្សារការងារនៅឆ្នាំ២០៣០ការបង្កើតការងារនឹងនៅតែជាបញ្ហាបារម្ភសម្រាប់តំបន់។ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើតការងារ។
ជាការឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់អាស៊ាននេះមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ានត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំនេះ។ពាណិជ្ជកម្មសេរីជាងមុននិងកិច្ចសហប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ចខ្លាំងជាងមុននៅក្នុងតំបន់នឹងជួយបង្កើនប្រសិទ្ធភាពពង្រឹងស្ថិរភាព និងទ្រទ្រង់កំណើន។
អគ្គលេខាធិការអាស៊ាន លោក សុរិន ពិតសុវ៉ាន់បានថ្លែងក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃអង្គារថា ប្លុកអាស៊ីបានធ្វើការងារយ៉ាងល្អហើយមានចំណេះដឹងទូលំទូលាយដែលបានរៀនពីវិបត្តិផ្ទាល់របស់ខ្លួនកាលពីឆ្នាំ១៩៩៧។
ខណៈដែលមានការធ្លាក់ចុះសេដ្ឋកិច្ចបច្ចុប្បន្ននៅលោកខាងលិច អាស៊ាន និងបណ្តាប្រទេសអាស៊ីបូព៌ាមួយចំនួនដឹងពីរបៀបការពារពីវិបត្តិ។
លោកបានថ្លែងថាបន្ទាប់ពីវិបត្តិក្នុងឆ្នាំ២០០០អាស៊ានបាននិងកំពុងធ្វើការជាមួយបណ្តាប្រទេសអាស៊ីបូព៌ាដូចជាជប៉ុនកូរ៉េ និងចិនដែលហៅថា មូលនិធិពហុភាគីគំនិតផ្តួតផ្តើមឈាងម៉ៃ (Chhiang Mai Initiative Multilateral Fund)ដែលមានទឹកប្រាក់១២០ពាន់លានដុល្លារហើយបានកើនឡើងទ្វេដងដល់២៤០ ពាន់លានដុល្លារក្នុងឆ្នាំនេះដើម្បីប្រយុទ្ធប្រឆាំងនឹងការកើតមានវិបត្តិហិរញ្ញវត្ថុ។
អាស៊ាន-ដៃគូសម្រេចបើក RCEP
មេដឹកនាំអាស៊ានទាំង១០និងប្រទេសដៃគូ៦ផ្សេងទៀត បានសម្រេចជាផ្លូវការលើសេចក្តីថ្លែងការណ៍រួមស្តីពីការបើកជាផ្លូវការភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់(RCEP)នៅភ្នំពេញក្នុងអំឡុងនៃជំនួបកំពូលអាស៊ានលើកទី២១។
ប្រទេសដៃគូទាំង៦រួមមានចិនកូរ៉េខាងត្បូងជប៉ុនឥណ្ឌាអូស្ត្រាលីនិងនូវែលសេឡង់។
គោលបំណងរបស់RCEP គឺដើម្បីសម្រេចឲ្យបាននូវសេដ្ឋកិច្ចបែបទំនើបទូលំទូលាយនិងផ្តល់ប្រយោជន៍ភាពជាដៃគូសេដ្ឋកិច្ចទៅវិញទៅមកក្នុងការបង្កើតកិច្ចព្រមព្រៀងលើការបើកចំហពាណិជ្ជកម្មនិងវិនិយោគដើម្បីកំណើនសេដ្ឋកិច្ចក្នុងតំបន់។នេះបើតាមសេចក្តីថ្លែងការណ៍រួម។
ក្របខ័ណ្ឌអាស៊ានស្តីពីRCEPដែលត្រូវបានអនុម័តដោយមេដឹកនាំអាស៊ានកាលពីថ្ងៃទី១៧វិច្ឆិកា២០១១ក្នុងអំឡុងជំនួបកំពូលអាស៊ានលើកទី១៩នៅប្រទេសឥណ្ឌូនេស៊ីគឺមានសារៈសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាប្រធានអាស៊ានបាននិយាយក្នុងពិធីបើកជាផ្លូវការRCEPថាក្របខ័ណ្ឌរបស់RCEPនឹងបញ្ជាកាន់តែស៊ីជម្រៅនិងទូលំទូលាយស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានជាមួយនឹងដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួន។លោកថ្លែងថា៖ «RCEPនិងក្លាយជាកិច្ចព្រមព្រៀងទំនើបទូលំទូលាយនិងគុណភាពខ្ពស់ ដែលនឹងប្រែក្លាយទីផ្សាររបស់យើងទៅជាទីផ្សាររួមសម្រាប់ប្រជាជនជាង៣ពាន់លាននាក់មានGDPសរុប១៩,៧៨ពាន់ពាន់លានដុល្លារដោយផ្អែកលើតួលេខ២០១១»។
លោកបន្តថា អាស៊ីបូព៌ាត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចដូច្នេះការចូលរួមទាំងអស់គ្នាគឺដើម្បីរក្សាកំណើនដើម្បីធានាឲ្យមានការបើកចំហទីផ្សារនិងបង្កើនការប្រកួតប្រជែង។
លោកចមប្រសិទ្ធរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានរបស់កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅក្រៅជំនួបថា ការអនុម័តលើRCEP ជាការត្រួសត្រាយផ្លូវសម្រាប់ក្រុមការងារបន្តការងាររបស់គេឲ្យកាន់តែងាយស្រួល៕ SS