ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) ដែល​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​អំពី​ភាពប្រសើរ​ឡើង​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​នេះ ទោះបី​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ពិភពលោក​ក៏ដោយ​។

របាយការណ៍​របស់ PPAP ដែល​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​អាជីវកម្ម​របស់ PPAP នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​មាន​កំណើន​តិចតួច ដោយ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​បាន​កើនឡើង ១៣ ​ភាគរយ និង​នាវា​ដឹកទំនិញ កើន ១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។ ចំណែក​ការដឹកជញ្ជូន​ទំនិញ និង​ប្រេងឥន្ធនៈ​បាន​ធ្លាក់ចុះ​ ៤ ​ភាគរយ ចំនួន​នាវា​ដឹក​អ្នកដំណើរ​ធ្លាក់ចុះ ២៨ ​ភាគរយ និង​ចំនួន​អ្នកដំណើរ​ធ្លាក់ចុះ ៣៨ ​ភាគរយ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា របាយការណ៍ PPAP បាន​បង្ហាញ​ប្រតិបត្តិការ​អាជីវកម្ម​ល្អ​ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​ដោយសារ​តែ​វិបត្តិ​សុខភាព ទោះបី​ជា​សមាសភាគ​ផ្សេងទៀត​របស់​កំពង់ផែ​នេះ​បាន​ថមថយ​ល្បឿន​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ផ្អែកលើ​ប្រតិបត្តិការ​អាជីវកម្ម​ឆមាស​ទី​ ១ របស់ PPAP កំពង់ផែ​មួយ​នេះ​កំពុង​ធ្វើបាន​ល្អប្រសើរ ខណៈ​ដែល​ការធ្វើ​ចរាចរណ៍​នាវា​ដឹក​កុងតឺន័រ និង​នាវា​ដឹកទំនិញ​បន្ត​ការកើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩»​។

លោក ហ៊ី បាវី អគ្គនាយក PPAP បាន​ថ្លែង​កាលពី​ចុងខែ​មុន​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ថា ទោះបី​វិបត្តិ​សុខភាព​ពិភពលោក​ក៏ដោយ ក៏ PPAP បាន​បន្ត​លើកកម្ពស់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន តាមរយៈ​ការកាត់បន្ថយ​ការចំណាយ និង​ការពន្យារពេល​ការវិនិយោគ​ដែល​មិន​បន្ទាន់​។

លោក​ថ្លែងថា​៖ «​ក្នុង​គ្រា​នៃ​ស្ថាន​ការបច្ចុប្បន្ន ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​​ ១៩ នៅតែ​ប៉ះពាល់​ដល់​កម្ពុជា និង​ផ្នែក​ជាច្រើន​ទៀត​នៃ​ពិភពលោក PPAP នៅតែ​ប្រកាន់ខ្ជាប់​ទិសដៅ​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​អាជីវកម្ម​»​។ លោក​បន្ថែមថា បុគ្គលិក​កំពុង​ធ្វើការងារ​រួមគ្នា​ដើម្បី​កាត់បន្ថយ​ការចំណាយ​ដែល​មិន​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​។

លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​យើង​បាន​អនុវត្ត​វិធានការ​ឆ្លើយតប​មួយចំនួន ដែល​រួមមាន​ការកែតម្រូវ​ផែនការ​អាជីវកម្ម​ឆ្នាំ​ ២០២០ ការកាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ការផ្អាក​ការវិនិយោគ​ដែល​មិន​សំខាន់ និង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​គម្រោង​សំខាន់ៗ​ដើម្បី​បង្កើត​កំណើន​»​។

របាយការណ៍​ត្រីមាស​ទី​ ១ របស់ PPAP ឲ្យ​ដឹងថា ប្រាក់ចំណូល​សរុប និង​ប្រាក់ចំណូល​ផ្សេងទៀត​មាន​ចំនួន ៧,៦ ​លាន​ដុល្លារ​។ PPAP ក៏បាន​រាយការណ៍​អំពី​ការធ្លាក់ចុះ​ប្រាក់​ចំណូល ៣ ​ភាគរយ​ក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕ LA