The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូដកម្ម​របស់​ GM ​ប៉ះពាល់​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន

កូដកម្ម​របស់​ GM ​ប៉ះពាល់​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន

Content image - Phnom Penh Post
ការតវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន ផលិត​រថយន្ត GM របស់​អាមេរិក​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ក្រុមហ៊ុន​ផ្សេង​។ រូបថត AFP

កូដកម្ម​របស់​ GM ​ប៉ះពាល់​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន

ញូវយ៉កៈ ខណៈ​ការធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន General Motors កំពុង​បន្ត ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​រថយន្ត និង​ក្រុមហ៊ុន​ម៉ៅការ​កាន់​ជាច្រើន​កំពុង​បញ្ជូន​កម្មករ​ទៅផ្ទះ​វិញ​ដែល​ធ្វើ​សេដ្ឋកិច្ច​លើ​រដ្ឋ Michigan និង​មជ្ឈមណ្ឌល​ផលិត​រថយន្ត​តំបន់ Midwestern របស់​អាមេរិក​ធ្លាក់ចុះ​។

កូដកម្ម​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់ ប្រព័ន្ធ​កុំព្យូទ័រ និង​សម្ភារ​មិនទាន់​កែច្នៃ​ដល់​ក្រុមហ៊ុន GM នៅក្នុង​រោងចក្រ​ទាំង​ ៣១ នៅ​អាមេរិក ព្រមទាំង​ក្រុមហ៊ុន​រថយន្ត​ដឹកទំនិញ និង​ឡូជីស្ទិក​ដែល​ដឹកទំនិញ​ចូល និង​ចេញពី​រោងចក្រ​ជាច្រើន​។

លោក Steve Gruener ប្រធាន​តំបន់​បាន​ឲ្យ​ដឹងថា ការអនុញ្ញាត​ឲ្យ​ឈប់​ពី​ការងារ​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ ចាប់តាំងពី​ការធ្វើ​បាតុកម្ម​ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​ ១៦ ខែ​កញ្ញា សម្រាប់​សមាជិក​សហជីព​កម្មករ​រថយន្ត (UAW) នៅ​ទីក្រុង Flint រដ្ឋ Michigan​។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​ថា បន្ថែម​លើ​បុគ្គលិក​ចំនួន ១៨ ០០ នាក់​របស់​ក្រុមហ៊ុន GM កំពុង​ធ្វើ​កូដកម្ម កម្មករ ១ ២០០ ​នាក់​ផ្សេងទៀត​មកពី​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ក្រុមហ៊ុន​ដឹកទំនិញ ក៏ត្រូវ​បាន​ផ្អាក​ការងារ​ផងដែរ​។

លោក Gruener ជា​យន្តការី​ដែល​ថា​ការគាំទ្រ​ពី​ក្រុម​សហគមន៍ និង​សប្បុរសធម៌​មូលដ្ឋាន​កំពុង​ជួយ​កម្មករ​ទទួល​ជោគជ័យ​នោះ​បាន​ថ្លែងថា​៖ «​ផលប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​គឺ​ពិត​ជាធំ​»​។

លោក Gruener បាន​ប្រាប់ AFP ថា​៖ «​យើង​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការចរចា ដើម្បី​កិច្ចសន្យា​មួយ​ត្រឹមត្រូវ និង​សមធម៌​សម្រាប់​សមាជិក​របស់​យើង​»​។ លោក​បន្តថា​៖ «​យើង​នឹង​មិន​ចូលធ្វើការ​នោះទេ​លុះត្រាតែ​គេ​ទទួល​យក​សំណើ​យើង​»​។

ការចរចា​បានចាប់ផ្ដើម​ជាថ្មី​កាលពី​ថ្ងៃ​ពុធ​រវាង​ក្រុមហ៊ុន GM និង​សហជីព​កម្មករ​ (UAW)​។ ធាតុ​សំខាន់ៗ​ផ្សេង​ទៀត​នៃ​ការចរចា​នេះ​បាន​ផ្ដោតលើ​អត្ថប្រយោជន៍​ថែរក្សា​សុខភាព និង​ស្ថានភាព​កម្មករ​បណ្ដោះអាសន្ន​។

ការធ្វើ​កូដកម្ម​នេះ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​កម្មករ​គិត​ប្រាក់​តាម​ម៉ោង​របស់​ក្រុមហ៊ុន GM ជិត ៥០ ០០០ ​នាក់ ប៉ុន្តែ​ផលប៉ះពាល់​បន្ត​គ្នា​បាន​កើនឡើង ដោយសារ​ការឈប់​ធ្វើ​ការងារ​បាន​បន្ត​កើតឡើង​។

លោក Brian Peterson នាយក​ផ្នែក​ការវិភាគ​គោលនយោបាយ​សាធារណៈ និង​សេដ្ឋកិច្ច​នៅ Anderson Economic Group ជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ស្រាវជ្រាវ​បាន​ថ្លែងថា​៖ «​អ្វីដែល​បាន​ចាប់ផ្ដើម​ជា​ព្រឹត្តិការណ៍​ប្រមូលផ្ដុំ ប៉ះពាល់​ដល់​ក្រុមកម្មករ​តាម​ផ្នែក​នៅពេល​នេះ​បាន​បង្កើន​វិសាលភាព​កាន់តែ​ធំ​»​។

លោក Anderson បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​នៅ​សប្ដាហ៍​នេះ​ថា កម្មករ​ជិត​ ១៥០ ០០០ នាក់​នៅ​ទូទាំង​ឧស្សាហកម្ម​រថយន្ត​ត្រូវ​បាន​រង​ផលប៉ះពាល់​ដោយសារ​ការធ្វើ​កូដកម្ម​នេះ​ដែល​រួមមាន​កម្មករ​ប្រាក់ខែ​របស់​ក្រុមហ៊ុន GM ២៥ ០០០ ​នាក់ និង​កម្មករ​ប្រហែល​ ៧៥ ០០០ ​នាក់​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​រថយន្ត​។

គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ​កញ្ញា ទីភ្នាក់ងារ​ធានារ៉ាប់រង​ការគ្មាន​ការងារ​ធ្វើ Michigan បាន​ដំណើរការ​ទាមទារ​សំណង​ពី​កម្មករ​ប្រហែល​ ៥០០០ ​នាក់​នៅក្នុង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​រថយន្ត ដោយសារ​តែ​ការធ្វើ​កូដកម្ម​នេះ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល Michigan​។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈានមុខ​គេ​ជាច្រើន​ក៏មាន​ប្រតិបត្តិ​ការសំខាន់ៗ​នៅក្នុង​រដ្ឋ​ជាច្រើន​ផ្សេង​ទៀត​នៅ​តំបន់​ឧស្សាហកម្ម Midwest ដែល​រួមមាន​រដ្ឋ Ohio រដ្ឋ Indiana និង​រដ្ឋ Illinois ផងដែរ​។

លោក Paul Traub ជា​សេដ្ឋវិទូ​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​នៅ​ធនាគារ​កណ្ដាល​អាមេរិក​នៅ​ទីក្រុង Detroit បាន​ឲ្យ​ដឹងថា ការ​គណនា​ប្រហាក់ប្រហែល​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច​នៅ​រដ្ឋ Michigan នឹង​មាន​ប្រហែល​ ៤២ ​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ដែល​ពឹង​ផ្អែកលើ​ប្រាក់​ឈ្នួល​ដែល​ខាតបង់​សម្រាប់​កម្មករ​គិត​ប្រាក់​តាម​ម៉ោង​ចំនួន ១៤ ០០០ ​នាក់​របស់​ក្រុមហ៊ុន GM នៅ​​ក្នុង​រដ្ឋ​នេះ​រួម​ជាមួយ​នឹង​កម្មករ​ជាប់កិច្ចសន្យា​ប្រហែល​ ២៨- ០០០ នាក់​ផ្សេងទៀត​។

ក្រុមហ៊ុន GM ជាធម្មតា​ផលិត​រថយន្ត​ ៨ ៤០០ ​គ្រឿងក្នុង​មួយថ្ងៃ​នៅ​អាមេរិក ដែល​តំណាង​ប្រហែល​ ១០០ ​លាន​ដុល្លារ​នៃ​ការខាតបង់​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​មួយ​ថ្ងៃ​ផ្អែកលើ​ការគណនា​ប្រហាក់ប្រហែល​។

លោក Traub បាន​ប្រាប់ AFP ថា​៖ «​ផលប៉ះពាល់​សេដ្ឋកិច្ច​កំពុង​ចាប់ផ្ដើម​គួរ​ឲ្យ​កត់សម្គាល់​»​។ លោក​បន្ថែម​ថា ការខាតបង់​ទិន្នផល​ប្រហែល​​ ២ ​ពាន់​លាន​ដុល្លារ​នឹង​មាន​ផលប៉ះពាល់​បន្ថែម​លើ​ការប៉ាន់ប្រមាណ​ផលិតផល​ក្នុង​ស្រុក​សរុប​។

ទិន្នផល​ខាតបង់​មួយ​ចំនួន​នោះ​មិន​ត្រូវបាន​រំពឹងថា នឹង​ត្រូវ​ប៉ះប៉ូវ​បាន​ទេ ដោយសារ​តែ​រោងចក្រ​ក្រុមហ៊ុន GM ដែល​ផលិត​រថយន្ត​លក់ដាច់​បំផុត​ដូចជា​រថយន្ត Chevrolet Silverado កំពុង​ជួប​ការពិបាក​រួចហើយ មុន​ពេល​ការធ្វើ​កូដកម្ម​នេះ​។

លោកស្រី Kristin Dziczek អនុប្រធាន​ទទួល​បន្ទុក​ឧស្សាហកម្ម ការងារ និង​សេដ្ឋកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រដ្ឋ Michigan បាន​ឲ្យ​ដឹងថា ពួកគេ​មិន​មាន​សមត្ថភាព​ផលិត​លើស​តម្រូវការ ដើម្បី​ប៉ះប៉ូវ​ដល់​ផលប៉ះពាល់ នៅពេល​ការធ្វើ​កូដកម្ម​បញ្ចប់​នោះទេ​។ លោកស្រី Kristin Dziczek បាន​ថ្លែងថា​៖ «​នោះ​ជា​ផលប៉ះពាល់​អចិន្រៃ្តយ៍​ចំពោះ​ទិន្នផល​របស់​ក្រុមហ៊ុន GM»៕ LA

អត្ថបទគួរចាប់អារម្មណ៍