ភ្នំពេញៈ ការនាំចេញអង្កររបស់កម្ពុជាក្នុងកូតាបន្ថែមដល់ ៤០ ម៉ឺនតោន ដែលផ្តល់ដោយប្រទេស ចិន នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំនេះ ខណៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកូតាបន្ថែមនេះនឹងធ្វើឡើងនៅក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំង ប្រទេស ចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈក្រុមហ៊ុន ហ្រ្គីន ត្រេដ បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម COFCO នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ លើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ពាណិជ្ជកម្មទំនិញអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេស ចិន។
សេចក្តីប្រកាសឲ្យដឹងទៀតថា កិច្ចព្រមព្រៀងដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃសៅរ៍ ទី ២៧ ខែ មេសា នេះ គឺភាគីចិនយល់ព្រមទិញអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្ករ ពីកម្ពុជាក្នុងបរិមាណ ៤០ ម៉ឺនតោន ចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ចុងខែ ធ្នូ ឆ្នាំ ២០២០។
កម្ពុជាទទួលបានកូតានាំចេញអង្ករ ៣០ ម៉ឺនតោនទៅប្រទេស ចិន ដែលការផ្តល់ជូននេះនឹងបញ្ចប់នៅចុងឆ្នាំ ២០១៩។ ចិនបានផ្តល់កូតាបន្ថែមចំនួន ១០ ម៉ឺនតោនទៀតដល់កម្ពុជា ដែលធ្វើឲ្យចំនួននេះកើនដល់ ៤០ ម៉ឺនតោន ហើយការអនុវត្តកូតាថ្មីនេះនឹងចូលជាធរមានភ្លាម បន្ទាប់ពីគូភាគីទាំង ២ បានអនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សរណៈដំបូងដែលបានចុះហត្ថលេខា កាលពីដើមខែមករា ឆ្នាំ ២០១៨ ស្តីពីការនាំចូលអង្ករចំនួន ៣០ ម៉ឺនតោន។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីម្សិលមិញ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ការចុះ MoU នេះ គឺជាព័ត៌មានដ៏ល្អសម្រាប់វិស័យស្រូវអង្ករកម្ពុជាក្នុងការបង្កើនសមត្ថភាពនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ខណៈការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបបច្ចុប្បន្នត្រូវបានជាប់ពន្ធ។
លោកថ្លែងថា៖ «ការសម្រេចបន្ថែមកូតារបស់ចិន គឺជាការជួយធានាឲ្យកម្ពុជាអាចរក្សាលំនឹងនៃការនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែល្អ»។
លោក ហ៊ុន ឡាក់ ក៏បានកត់សម្គាល់ថា អ្វីដែលពិសេសក្នុងកិច្ចព្រមព្រៀងផ្តល់កូតាបន្ថែមនេះ គឺការអនុញ្ញតឲ្យកម្ពុជានាំចេញចុងអង្ករទៅកាន់ប្រទេស ចិន។ លោកបានថ្លែងថា៖ «នេះជាដំណើរវិវឌ្ឍថ្មីមួយទៀតសម្រាប់វិស័យស្រូវអង្ករកម្ពុជា ខណៈពីមុនមកការនាំចេញ ចុងអង្ករ មិនមានទេ»។
បើតាមលោក ហ៊ុន ឡាក់ ចុងអង្ករ អាចប្រើប្រាស់ដើម្បីធ្វើចំណីអាហារមនុស្ស និងកិនជាម្សៅសម្រាប់ផលិតនំ ឬគុយទាវ និងចំណីសត្វជាដើម។
របាយការណ៍របស់លេខាធិការដ្ឋានសេវាច្រកចេញចូលតែមួយសម្រាប់ការបំពេញបែបបទការនាំចេញអង្ករ បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជានៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ នេះមានចំនួន ១៧០ ៨២១ តោនកើនឡើងចំនួន ៦ ភាគរយពី ១៦១ ១១៥ តោនកាលពីឆ្នាំមុន។
ជាមួយនឹងកំណើននេះលោក ហ៊ុន ឡាក់ បានអះអាងថា ការនាំចេញអង្ករនៅឆ្នាំនេះ នឹងកើនឡើងលើសពីឆ្នាំមុន ដោយសារកត្តាធំៗចំនួន ២ គឺការបន្ថែមកូតាពីប្រទេស ចិន ខណៈការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបមិនមានសញ្ញាធ្លាក់ចុះទេ ទោះបីជាប់ពន្ធក៏ដោយ។
បន្ទាប់ពីការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបត្រូវជួបបញ្ហាដោយសារកម្ពុជាបានបាត់បង់ការអនុគ្រោះពន្ធពាណិជ្ជកម្មនាំចេញរយៈពេល ៣ ឆ្នាំ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩ តាមបណ្តឹងរបស់អ៊ីតាលី និងអេស្ប៉ាញ ប្រទេស ចិន បានក្លាយទៅជាទីផ្សារដ៏ធំសម្រាប់អង្ករកម្ពុជា។
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ថា MoU ដែលកំពុងមានជាមួយប្រទេស ចិន ពេលនេះ គឺអនុញ្ញាតឲ្យកម្ពុជានាំចេញអង្ករទៅប្រទេស ចិន ចំនួន ៣០ ម៉ឺនតោនសម្រាប់ឆ្នាំ ២០១៩ ខណៈ MoU ថ្មីដែលយើងត្រៀមចុះហត្ថលេខានឹងអាចឲ្យកម្ពុជានាំអង្ករទៅប្រទេស ចិន បានចំនួន ៤០ ម៉ឺនតោន ត្រឹមឆ្នាំ ២០២០។
លោកបន្តថា ទោះបីយ៉ាងណា MoU ថ្មីនេះក៏នឹងអនុញ្ញាតឲ្យកម្ពុជាអាចចាប់ផ្តើមនាំអង្ករទៅប្រទេស ចិន ក្នុងបរិមាណ ៤០ ម៉ឺនតោន ចាប់ពីខែសីហា តទៅផងដែរ។
លោកបញ្ជាក់ថា៖ «ប្រសិនបើយើងអនុវត្ត MoU ចាស់បានចប់សព្វគ្រប់មុនកាលកំណត់នោះ មានន័យថា MoU ថ្មីនឹងចាប់ផ្តើមមានប្រសិទ្ធភាពតែម្តង ដោយមិនចាំបាច់រង់ចាំរហូតដល់បញ្ចប់ឆ្នាំនោះទេ»។
បើតាមលោក ឡុង កែមវិចិត្រ បច្ចុប្បន្នមានតែប្រទេស ចិន ១ ប៉ុណ្ណោះ ដែលបានផ្តល់កូតានាំចេញអង្ករពីប្រទេស កម្ពុជា ដោយមិនយកពន្ធ។
កាលពីឆ្នាំមុន បើទោះបីជាប្រទេស ចិន អនុញ្ញាតឲ្យកម្ពុជាអាចនាំចេញអង្ករទៅកាន់ប្រទេសខ្លួនក្នុងបរិមាណ ៣០ ម៉ឺនតោនក៏ដោយ ប៉ុន្តែជាក់ស្តែង ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេស ចិន បានត្រឹមតែ ១៧០ ១៥៤ តោនប៉ុណ្ណោះ ចំណែកការនាំចេញទៅទីផ្សារអឺរ៉ុប មានចំនួន ២៦៩ ១២៧ តោន។ បរិមាណអង្ករកម្ពុជា នាំចេញសរុបក្នុងឆ្នាំ ២០១៨ មាន ៦២៦ ២២៥ តោន ធ្លាក់ចុះបន្តិចពី ៦៣៥ ៦៧៩ តោនកាលពីឆ្នាំ ២០១៧៕