ក្រុង​សេអ៊ូលៈ ប្រព័ន្ធ​ព័ត៌មាន​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​​បាន​រិះគន់​ប្រទេស ​ជប៉ុន ​ពី​បទ​​រឹត​​បន្តឹង​ពាណិជ្ជកម្ម​​​ថ្មីៗ​របស់​ខ្លួន​ប្រឆាំង​នឹង​ទីក្រុង​សេអ៊ូល ដោយសារ​​ជម្លោះ​ទាសករ​ក្នុង​​សម័យ​សង្គ្រាម​ ដោយ​ចោទ​​​ទីក្រុង​តូក្យូ​ពី​បទ «​បំផ្លាញ​និន្នាការ​សន្ដិភាព​» លើ​ឧបទ្វីប​កូរ៉េ។​

បន្ទាប់​ពី​តុលាការ​​ជាន់​ខ្ពស់​​​កូរ៉េ​ខាង​ត្បូង​​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន ដែល​បាន​​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ឲ្យ​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ជនជាតិ​កូរ៉េ​នោះ ទីក្រុង​តូក្យូ​នៅ​ដើម​ខែ​នេះ​បាន​រឹត​បន្តឹង​ការ​នាំចេញ​​សារធាតុ​គីមី​មួយ​ចំនួន​ទៅ​​​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​​សារៈសំខាន់​សម្រាប់​ក្រុមហ៊ុន​​​ផលិត​​បន្ទះឈីប និង​​​ទូរស័ព្ទ​ស្មាតហ្វូន​​ធំៗ​ក្នុង​​ពិភព​លោក​របស់​កូរ៉េ​ខាង​ត្បូង។​

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​​មូន ជេអ៊ីន ​​ដែល​មាន​ទំនោរ​ទៅ​រក​​ការ​ធ្វើ​ការងារ​ជាមួយ​​ទីក្រុង​ព្យុងយ៉ាង​ បាន​ឲ្យ​ដឹង​​​ថា វិធានការ​របស់​ទីក្រុង​តូក្យូ​គឺជា «ហេតុ​ផល​នយោបាយ​» និង​បាន​បណ្ដាល​ឲ្យ​មាន​ «​​​គ្រោះ​អាសន្ន​ដែល​មិន​ធ្លាប់​​មាន​​» សម្រាប់​សេដ្ឋកិច្ច​​​របស់​កូរ៉េ​ខាង​ត្បូង​​​។

កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​​ឲ្យ​​​កូរ៉េ​ខាង​ត្បូង​​ឈប់ «ចូលរួម» ក្នុង​ការ​ចរចា​កម្មវិធី​​នុយក្លេអ៊ែរ​រវាង​ទីក្រុង​ព្យុងយ៉ាង​ និង​ទីក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​បាន​គាំទ្រ​ទីក្រុង​​សេអ៊ូល​​​ក្នុង​ជម្លោះ​​ពាណិជ្ជកម្ម​របស់​​កូរ៉េ​​ខាង​ត្បូង​​ជាមួយ​​ក្រុង​តូក្យូ។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​កូរ៉េ​ (KCNA) ផ្លូវ​ការ​របស់​​​កូរ៉េ​ខាង​ជើង​ ដែល​បាន​ពិពណ៌នា​​ប្រទេស ​ជប៉ុន ​ថា ​ជា​សត្រូវ​ដ៏​ជូរ​ចត់​​របស់​ខ្លួន​នោះ ​បាន​រាយការណ៍​​​នៅ​ចុង​សប្តាហ៍​មុន​ថា​​ ​ជប៉ុន «​កំពុង​បំផ្លាញ​និន្នាការ​សន្ដិភាព​នៅ​លើ​ឧបទ្វីប​​កូរ៉េ ដោយ​​​​​ដាក់​សម្ពាធ​លើ​​​កូរ៉េ​ខាង​ត្បូង​ តាមរយៈ​ការ​រឹត​បន្តឹង​នេះ​»។

KCNA បន្ថែម​ថា​៖ «​ការ​ខូចខាត​​ផ្នែក​មនុស្ស រាង​កាយ និង​អារម្មណ៍​ដែល​​​ជប៉ុន​បាន​បង្ក​ឡើង​​ដល់​ប្រជាជន​កូរ៉េ មិន​អាច​​សង​ជំងឺ​ចិត្ត​បាន​ទេ ទោះ​ជា​​លះបង់​ប្រទេស ​ជប៉ុន ទាំង​មូល​​​ក៏​ដោយ​»៕ AFP/LA​