The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េ​ខាងត្បូង​ នឹង​ប្តឹង​ជប៉ុន​ទៅ​អង្គការ​ WTO

កូរ៉េ​ខាងត្បូង​ នឹង​ប្តឹង​ជប៉ុន​ទៅ​អង្គការ​ WTO

Content image - Phnom Penh Post
លោកស្រី Yoo Myung-hee រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត AFP

កូរ៉េ​ខាងត្បូង​ នឹង​ប្តឹង​ជប៉ុន​ទៅ​អង្គការ​ WTO

ក្រុងសេអ៊ូលៈ កូរ៉េខាងត្បូង​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ប្ដឹង​ជប៉ុន​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយសារ​ការ​រឹតបន្តឹង​ការនាំចេញ «​ជា​ហេតុផល​នយោបាយ​» របស់​ប្រទេស​នេះ​ដែល​ធ្វើឲ្យ​ជម្លោះ​កាន់តែ​ខ្លាំង​ឡើងៗ​ជាមួយ​ប្រទេស​ជិតខាង​គ្នា​នេះ​។

ទីក្រុង​សេអ៊ូល និង​ទីក្រុង​តូក្យូ​ត្រូវ​ជាប់គាំង​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម និង​ការទូត ដោយសារ​តែ​ទីក្រុង​តូក្យូ​បាន​រឹតបន្តឹង​ការគ្រប់គ្រង​លើ​ការនាំ​ចេញ​កាលពី​ដើម​ខែ​កក្កដា​លើ​សារធាតុ​គីមី​ ៣ ដែល​សំខាន់​ក្នុង​ការផលិត​បន្ទះឈីប​មេម៉ូរី និង​អេក្រង់​លក្ខណពិសេស​កម្រិត​ខ្ពស់ ជា​ផលិតផល​សំខាន់​របស់​ក្រុមហ៊ុន​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដូចជា​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន LG​។

ការរឹតបន្តឹង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សេចក្ដី​សម្រេច​របស់​តុលាការ​ប្រទេស​កូរ៉េខាងត្បូង​ជា​បន្តបន្ទាប់​ដែល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​ត្រូវ​បង់ប្រាក់​សម្រាប់​ពលកម្ម​ដោយ​បង្ខំ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើកទី​ ២​។

ជម្លោះ​ដែល​កើតឡើង​នេះ​ក៏​បាន​មើលឃើញ​ប្រទេស​ជិតខាង​គ្នា​ ២ ​នេះ​លុបចោល​ទៅវិញ​ទៅមក​ពី «​បញ្ជី​ស​» របស់​ពួកគេ​នៃ​ដៃគូ​ពាណិជ្ជកម្ម​ដែល​ទុកចិត្ត និង​បាន​បណ្ដាល​ឲ្យ​​ប្រទេស​កូរ៉េខាងត្បូង មិន​បន្ត​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារកម្ម​យោធា​ផងដែរ​។

លោកស្រី Yoo Myung-hee រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ថា​៖ «​ការទប់ស្កាត់​ការនាំចេញ​របស់​ប្រទេស​ ជប៉ុន​ លើ​ទំនិញ​ ៣ ​មុខ​នេះ​ជា​ហេតុផល​នយោបាយ​ដែល​ជាប់ទាក់ទង​នឹង​សេចក្ដីសម្រេច​របស់​តុលាការ​ជាន់ខ្ពស់​លើ​បញ្ហា​ពលកម្ម​ដោយ​បង្ខំ​»​។

លោកស្រី​បន្ត​ថា​៖ «​ការកម្រិត​មកលើ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​រំលោភបំពាន​លើ​គោលការណ៍​របស់ WTO ដែល​ហាមឃាត់​ការអនុវត្ត​ដោយ​ការរើសអើង​»​។

លោកស្រី​បញ្ជាក់​ថា ​ជាមួយ​នឹង​តួនាទី​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ផ្គត់ផ្គង់​ដ៏សំខាន់​មួយ​សម្រាប់​បន្ទះឈីប​មេម៉ូរី និង​អេក្រង់ ការទប់ស្កាត់​នេះ បាន​បណ្ដាល​ឲ្យ​មាន «​ភាពមិន​ច្បាស់លាស់​ដ៏ធំ​» នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​។

លោកស្រី Yoo បាន​ឲ្យ​ដឹងថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ស្នើ​ឲ្យ​មាន​ការពិភាក្សា​ទ្វេភាគី​នៅក្នុង WTO ជា​ជំហាន​ដំបូង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ទីក្រុង​តូក្យូ​ឲ្យ​ដឹងថា វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ចាំបាច់​ដោយ «​ការបាត់បង់​ទំនុក​ចិត្ត​» នៅក្នុង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​សេអ៊ូល ប៉ុន្តែ​ក៏​ចោទប្រកាន់​ប្រទេស​ កូរ៉េ​ខាង​ត្បូង​ ពី​បទ​ការដោះស្រាយ​ការនាំចេញ​មិន​ត្រឹមត្រូវ​នៃ​សម្ភារ​ងាយ​បង្កបញ្ហា​ពី​ប្រទេស​ជប៉ុន​ផងដែរ​។ ប៉ុន្តែ​ទីក្រុង​សេអ៊ូល បញ្ជាក់​ថា​វា​ជា​វិធានការ​សងសឹក​មួយ​ជា​ការឆ្លើយតប​នឹង​ជម្លោះ​ជា​ប្រវត្តិសាស្ដ្រ​។

កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​គឺជា​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​ទីផ្សារ​របស់​អាមេរិក​ដែល​ប្រឈម​នឹង​រនាំង​នៃ​ប្រទេស​ ចិន និង​ប្រទេស​ កូរ៉េ​ខាងជើង​ ដែល​បំពាក់​ដោយ​​អាវុធ​នុយក្លេអ៊ែរ​៕ LA

អត្ថបទគួរចាប់អារម្មណ៍