ភ្នំពេញៈ ក្រុមហ៊ុន​របស់​កូរ៉េខាងត្បូង​ ១ ​បាន​ចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ និង​ផលិត​ជី​កសិកម្ម​នៅ​កម្ពុជា ខណៈ​ការវិនិយោគ​នៅក្នុង​ស្រុកលើ​វិស័យនេះ​នៅមានកម្រិត​តិចតួច​ដែល​ទាមទារ​ឲ្យ​មានការ​វិនិយោគ​បន្ថែមទៀត​។

លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្នុងជំនួប​ពិភាក្សា​មួយ​កាលពី​សប្តាហ៍​មុន វិនិយោគិន​មកពី​ប្រទេស​កូរ៉េខាងត្បូង​បាន​បង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការវិនិយោគ​លើ​ការបង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ជី​កសិកម្ម និង​ថ្នាំ​កសិកម្ម​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​គាត់​ប្រាប់ថា គាត់​មាន​គោលដៅ​ចង់​បង្កើត​រោងចក្រ​នៅក្នុង​ប្រទេស​យើង ហើយ​គាត់​និយាយថា បើ​គាត់​បង្កើត​រោងចក្រ​គឺ​មិន​ត្រឹមតែ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ផលិត​សម្រាប់​នាំ​ចេញ​ទៅ​កូរ៉េ និង​ប្រទេស​ចិន​ផងដែរ​»​។

បើ​តាម​លោក ថាច តំណាង​ក្រុមហ៊ុន​មកជួប​លោក​នាពេល​នោះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​ពី​គោលនយោបាយ​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ទាក់ទង​នឹង​ការគាំទ្រ​ហិរញ្ញប្បទាន​ដល់​វិស័យ​ឯកជន​ដែល​ចង់​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​ចង់ដឹង​ពី​ឥណទាន​ថា តើ​រដ្ឋាភិបាល​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុង​ការបង្កើត​រោងចក្រ​ផលិត​ជី និង​ថ្នាំ​កសិកម្ម​ដែរឬទេ​?​។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គម្រោង​វិនិយោគ​នេះ ព្រោះ​យើង​ចង់​ឲ្យ​មាន​រោងចក្រ​ផលិត​នៅក្នុង​ស្រុក ដើម្បី​ឲ្យ​ផលិតផល​ទាំងនោះ​មាន​តម្លៃ​ទាប​សមរម្យ និង​គុណភាព​ល្អ​។ ប្រសិនបើ​មាន​អ្នក​ក្នុងស្រុក​ចង់​បង្កើត​រោងចក្រ យើង​នឹង​គាំទ្រ​ដល់​ពួកគេ​លើ​ផ្នែក​ហិរញ្ញវត្ថុ​»​។

ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​ក្នុង​បរិមាណ​ជាង ១,២ ​លាន​តោន​កាលពី​ឆ្នាំ​ ២០១៩ កើន​ប្រមាណ​ជាង ៩ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៨ ដែលមាន​ចំនួន​ជាង​ ១,១ លាន​តោន​។ មាន​ជី និង​ថ្នាំ​កសិកម្ម​ប្រមាណ ២ ៦០០ ​ប្រភេទ​ត្រូវ​នាំចូល​មកកាន់​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុងស្រុក​ចំនួន ១៨ ​កំពុង​ប្រតិបត្តិការ​ដែល​រោងចក្រ​ទាំងអស់​នេះ​មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​សរុប​បាន​ជាង ១,២ ​លាន​តោន ក្នុង ១ ​ឆ្នាំ ស្មើនឹង ៥៦ ​ភាគរយ ​នៃ​ការផ្គត់ផ្គង់​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​លើកទឹកចិត្ត និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ជី និង​ថ្នាំ​កសិកម្ម​។ លោក​កត់សម្គាល់​ថា ខណៈ​ផលិតផល​ទាំងអស់​នេះ​មាន​តម្រូវការ​ខ្ពស់​នៅ​កម្ពុជា ការវិនិយោគ​លើ​ការបង្កើត​រោងចក្រ​នេះ​ពុំទាន់​មាន​ច្រើន​ទេ​នាពេលនេះ​។

លោក​ថ្លែងថា​៖ «​ប្រសិន​បើ​រោងចក្រ​នេះ​បង្កើត​នៅ​ស្រុក​យើង​វា​នឹងចូលរួម​ចំណែក​ជួយ​ឲ្យ​ជី និង​ថ្នាំ​កសិកម្ម​មាន​តម្លៃ​ទាប​។ ខ្ញុំ​គិតថា ដើម្បី​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យនេះ យើង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើយ៉ាងណា​ឲ្យ​ថ្លៃដើម​ផលិត​ទាប​»​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​បញ្ជិកា​ថ្នាំ និង​ជី​កសិកម្ម​ចំនួន ២៣៥ ក្រុមហ៊ុន​នៅ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ​ ២០១៩​។ មាន​ក្រុមហ៊ុន​សរុប ២២៦ ​ត្រូវបាន​ក្រសួងកសិកម្ម ចេញ​លិខិត​អនុញ្ញាត​ឲ្យ​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​កាលពី​ឆ្នាំមុន​ក្នុង​នោះ​ក្រុមហ៊ុន​នាំចូល​ជី​កសិកម្ម មាន ១០៧ និង​ក្រុមហ៊ុន​នាំចូល​ថ្នាំ ចំនួន ៦១ ព្រមទាំង​ក្រុមហ៊ុន​នាំចូល​ទាំង​ជី និង​ថ្នាំ​កសិកម្ម​ចំនួន ៥៨៕ LA