ភ្នំពេញៈ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស ​កូរ៉េខាងត្បូង​ ត្រូវ​បាន​រំពឹងថា​នឹង​ដឹកនាំ​ក្រុមការងារ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ ដើម្បី​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​នឹង​ការដោះស្រាយ​ទឹកប្រាក់​ប្រមាណ ៦៧០ ​លាន​ដុល្លារ​ របស់​ធនាគារ Busan Savings Bank ក្នុង​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប Camko City​។ នេះ​បើ​យោងតាម​គេហទំព័រ www.mk.co.kr​។

គេហទំព័រ www.mk.co.kr បាន​ឲ្យ​ដឹងថា លោក Yoo Dong-soo ជំនួយការ​អភិបាល​នៃ​គណៈកម្មាធិការ​កិច្ចការរដ្ឋ និង​ជា​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង (DPK) បានស្នើ​ឲ្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ដឹកនាំ​គណៈប្រតិភូ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​មកកាន់​ប្រទេស ​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​រំពឹងថា ធ្វើឲ្យ​បាន​មុន​កិច្ចប្រជុំ​កំពូល​កូរ៉េ-អាស៊ាន ដែល​នឹង​រៀបចំឡើង​នៅ​ទីក្រុង​ប៊ូសាន​នៅ​ចុងខែ​វិច្ឆិកា​នេះ​។ កិច្ចប្រជុំ​នេះ​ក៏​នឹងមាន​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​កំពូល​កូរ៉េ-កម្ពុជា​ ផងដែរ​។

តាម​ផែនការ​គណៈប្រតិភូ​នេះ​អាច​នឹង​មាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់ ដូចជា​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រីក្រសួង​ការបរទេស គណៈកម្មាធិការ​សេវា​ហិរញ្ញវត្ថុ អយ្យការ​នៃ​ទីក្រុង​ប៊ូសាន​។

លោក Yoo Dong-soo និង​លោក Chun Jae-soo ដែល​ជា​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​នឹង​អមដំណើរ​គណៈប្រតិភូ​នេះ​។

មូលហេតុ​ដែល​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​មានការ​ឆ្លើយតប​ពី​រដ្ឋាភិបាល គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នានា​ ដើម្បី​ជួយ​ជនរងគ្រោះ​ចំនួន ៣៨ ៨៩១ ​នាក់​នៃ​ធនាគារ Busan Savings Bank​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​មិនអាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​។

គម្រោង​អភិវឌ្ឍន៍ ខេមកូស៊ីធី បាន​ចាប់ផ្តើម​សាងសង់​ដំបូង​ក្នុង​ឆ្នាំ​ ២០០៧ ដោយបាន​អភិវឌ្ឍ​គម្រោង​ជាច្រើន​រួមមាន​ផ្ទះ​វីឡា អគារ​ខុនដូ ចំនួន​ជាង​ ៤០០ ​យូនីត និង​ហាង​ទំនិញ​ជាដើម​។

លោក គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia បាន​និយាយថា បើ​គម្រោង​នេះ​ត្រូវបាន​ដោះស្រាយ វា​នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​ដីធ្លី​នៅ​កម្ពុជា ពិសេស​នៅ​តំបន់​នៅមាន​សកម្មភាព​ឡើងវិញ​។

លោក​បន្តថា​៖ «​មិន​ត្រឹមតែ​គម្រោង​នេះ​អាច​បន្តសកម្មភាព​ឡើងវិញ​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​របស់​គម្រោង​នេះ​រស់​ឡើងវិញ​ផងដែរ​»​។

បន្ទាប់ពី​ផ្អាក​ដំណើរការ​មួយរយៈ គម្រោង​នេះ​ក៏បាន​ចាប់ផ្តើម​សាងសង់​បន្ត​ជា​ច្រើនដង ដូចជា​ឆ្នាំ​ ២០១០ ឆ្នាំ ​២០១២ និង​ឆ្នាំ​ ២០១៤​។

ខេមកូស៊ីធី គឺជា​គម្រោង​អភិវឌ្ឍន៍​​ទីក្រុង​រណប​ ១ ក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ចំនួន​ ៧ ក្នុង​រាជធានី​ភ្នំពេញ​ដែល​រួមមាន ហ្គ្រេន​ភ្នំពេញ​,​ ជ្រោយចង្វារ​,​ កោះពេជ្រ​,​ បឹងកក់​, លីយ៉ុងផាត់ និង ING City​។

កាលពី​ខែ​មុន គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ហ្គ្រេន​ភ្នំពេញ​ក៏​ទើបត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដើម្បី​អភិវឌ្ឍ​បន្ត​៕ LA