ក្រុងសេអ៊ូលៈ ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​បាន​រាយការណ៍​ករណី​ដំបូង​របស់ខ្លួន​អំពី​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក (ASF) ដែល​ក្លាយ​ជា​ប្រទេស​ចុងក្រោយ​បំផុត​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​នេះ​ដែល​បាន​សម្លាប់សត្វ​ជ្រូក​ចាប់ពី​ប្រទេស​ចិន​ដល់​ប្រទេស​កូរ៉េខាងជើង និង​ជំរុញ​ឲ្យ​តម្លៃ​សាច់ជ្រូក​កើនឡើង​ទូទាំង​ពិភពលោក​។

មន្ដ្រី​ក្រសួង​កសិកម្ម​របស់​ទីក្រុង​សេអ៊ូល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា សត្វ​ជ្រូក ៥ ​ក្បាល​បាន​រកឃើញ​ស្លាប់​នៅក្នុង​កសិដ្ឋាន​មួយ​នៅ​ក្រុង​ប៉ាជុ (Paju) នៅ​ជិត​ព្រំដែន​អន្តរ​កូរ៉េ​ដែល​ត្រូវបាន​បញ្ជាក់ថា បាន​ឆ្លង​មេរោគ ASF​។

មន្ដ្រី​រូបនេះ​បាន​បន្ថែម​ថា​៖ «​ក្នុង​ចំណុច​នេះ វា​ឆាប់​ពេក​ក្នុង​ការបញ្ជាក់​ថា តើ​ជំងឺ​នេះ​បាន​ឆ្លង​ពី​កូរ៉េ​ខាង​ជើង​ឬ​យ៉ាងណា​?»​។

លោកស្រី Kim Hyun-soo រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​របស់​ទីក្រុង​សេអ៊ូល​បាន​ឲ្យ​ដឹងថា សត្វ​ជ្រូក ៣ ៩៥០ ​ក្បាល​មកពី​កសិដ្ឋាន​ ៣ នៅ​ទីក្រុង​ប៉ាជុ​ត្រូវ​បាន​សម្លាប់ចោល​។

មេរោគ​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ប៉ុន្តែ​បណ្ដាល​ឲ្យ​មាន​ជំងឺ​គ្រុនក្ដៅ​ហូរឈាម​លើ​សត្វជ្រូក​ដែល​ជា​និច្ចកាល​ស្ទើរតែ​បណ្ដាល​ឲ្យ​ស្លាប់​។

មិនមាន​ថ្នាំបន្សាប ឬ​វ៉ាក់សាំង​ឡើយ ហើយ​មធ្យោបាយ​ដែល​គេ​ដឹង​តែមួយគត់​ក្នុង​ការការពារ​ជំងឺ​នេះ​មិន​ឲ្យ​រាលដាល គឺ​សម្លាប់​បសុសត្វ​ដែល​ឆ្លង​រោគ​នេះ​ចោល​ទាំងអស់​។

ករណី​ឆ្លង​ដែល​ត្រូវបាន​អះអាង​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ​បាន​ធ្វើឡើង​ប្រហែល ៣ ខែ​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រាប់​អង្គការ​សុខភាព​សត្វ​ពិភពលោក​ថា សត្វ​ជ្រូក​ជាច្រើន​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​នេះ​ក្នុង​កសិដ្ឋាន​មួយ​នៅ​ជិត​ព្រំដែន​ប្រទេស​ចិន​។ នេះ​បើតាម​ក្រសួង​កសិកម្ម​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

កាលពី​ខែ​មិថុនា ទីក្រុង​សេអ៊ូល​បាន​ឲ្យ​ដឹងថា ជំងឺ​នេះ «​ទំនង​យ៉ាងខ្លាំង​» ថា​នឹង​ចូលក្នុង​ប្រទេស​កូរ៉េខាងត្បូង​មកពី​កូរ៉េ​ខាង​ជើង និង​បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើ​របង​នៅ​តាម​កសិដ្ឋាន​នានា តាម​បណ្ដោយ​ព្រំដែន​ដើម្បី​ការពារ​ទំនាក់ទំនង​ដែល​អាច​ធ្វើឡើង​រវាង​សត្វ​ជ្រូកស្រុក និង​សត្វ​ជ្រូកព្រៃ​។

នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រហែល ៦ ៧០០ ​កន្លែង​ហើយ​ការចិញ្ចឹម​ជ្រូក​ស្មើនឹង ៤០ ​ភាគរយ​នៃ​ការចិញ្ចឹម​សត្វ​សរុប​។

កាលពី​ខែ​ឧសភា​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​បាន​ឲ្យ​ដឹងថា តម្លៃ​សាច់ជ្រូក​បាន​កើនឡើង​រហូត​ដល់ ៥០ ភាគរយ​ទាំង​ក្នុងប្រទេស​ចិន និង​នៅ​ផ្សារ​ហ៊ុន​ស៊ីកាហ្គោ ដោយសារ​តែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​៕ LA