ភ្នំពេញ: ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ​នៅ​កម្ពុជា​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការស្នើសុំ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បន្ទាប់ពី​ធនាគារ​នេះ​បាន​បញ្ចេញ​មូលនិធិ​ ៥០ ​លាន​ដុល្លារ​សម្រាប់​វិស័យ​កសិឧស្សាហកម្ម​ពី​សប្តាហ៍​មុន​។

លោក កៅ ថាច អគ្គនាយក ARDB បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា រហូត​មក​ដល់​ពេលនេះ​លោក​មិនទាន់​ទទួល​បាន​ពាក្យស្នើសុំ​កម្ចី​ពី​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​ឡើយ​ទេ​។ លោក​បាន​ថ្លែងថា​៖ «​សព្វថ្ងៃ​មិន​ទាន់​មាន​នរណាម្នាក់​ស្នើសុំ​កម្ចី​នោះទេ​។ ពួកគេ​កំពុង​រង់ចាំ​មើល​ពី​ស្ថានភាព ថា​តើ​វា​នឹង​ប្រសើរឡើង​នៅពេល​ណា​? បញ្ហា​នេះហើយ​ដែល​ពួកគេ​មិនទាន់​ហ៊ាន​ខ្ចីប្រាក់​ពី​យើង​»​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ការផ្តល់​កម្ចី​កាលពី​សប្តាហ៍​មុន​លោក ថាច បាន​ឲ្យ​ដឹងថា មូលនិធិ​នេះ​មាន​បំណង​ក្នុង​ការបង្កើត​ចង្វាក់​ផលិត និង​ដើម្បី​រក្សា​ភាពប្រកួតប្រជែង​នៅក្នុង​វិស័យ SME ស្របពេល​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការបាត់បង់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​សហភាព​អឺរ៉ុប​។

លោក​បាន​បន្តទៀតថា SME អាច​ខ្ចីប្រាក់​បាន​រហូត​ដល់ ៣០០ ០០០ ដុល្លារ ជាមួយ​នឹង​អត្រា​ការប្រាក់ ៦ ​ភាគរយ​សម្រាប់​ទុន​បង្វិល និង ៦,៥ ភាគរយ​សម្រាប់​ទុនវិនិយោគ​ក្នុង​ ១ ​ឆ្នាំ​។

ការអង្កេត​មួយ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្នុង​ចំណោម​សហគ្រាស ៧១ នៅ​កម្ពុជា​បាន​រកឃើញ​ថា ពួកគេ​ត្រូវការ​ជំនួយ​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ ការទទួល​បាន​បច្ចេកវិទ្យា ធនធាន​មនុស្ស ការទទួល​បាន​កម្លាំង​ពលកម្ម ការទទួល​បាន​ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម ការបង់ពន្ធ និង​ការកែលម្អ​ស្តង់ដា​អនាម័យ​។

លោកស្រី កែវ មុំ នាយិកា ក្រុមហ៊ុន​នំ​ស្រួយ​លីលី​បាន​ឲ្យ​ដឹងថា វិស័យ​សហគ្រាស​ធុនតូច និង​មធ្យម​មិនគួរ​ខ្ចីប្រាក់​ពី​ធនាគារ​នៅ​ចំពេល​កំពុងមាន​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ពួកគេ​នឹងមាន​ហានិភ័យ​ខ្ពស់​ទេ​។

លោកស្រី​ថ្លែងថា​៖ «​ពេលវេលា​នេះ​បើ​គាត់​ចង់​ពង្រីក​អាជីវកម្ម វា​ពិបាក​ណាស់​ក្នុងស្ថានភាព​នេះ​ម្នាក់​កំពុង​ជាប់គាំង​ទាំងអស់​ខ្ចីប្រាក់​នឹង​បង់​តែ​ការប្រាក់​ទៅវិញ ដូច្នេះ​វា​នឹង​ធ្វើ​សហគ្រាស​ខ្នាតតូច និង​មធ្យម​កាន់​ធ្ងន់ធ្ងរ​ថែមទៀត​។ ខ្ញុំ​គិតថា ពេលវេលា​ដែល​ស័ក្តិសម​នឹង​ខ្ចីប្រាក់​ពី​ធនាគារ​គឺ​ក្រោយ​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​ទាំងស្រុង​ទើប​មាន SME ហ៊ាន​ខ្ចី​»​។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្ហាញថា កាលពី​ឆ្នាំមុន​សហគ្រាស​ខ្នាតតូច និង​មធ្យម​មាន​ចំនួន ៥២ ១៥៤ សហគ្រាស ដែល​មាន​បង្កើត​ការងារ​បាន ៨២៤ ២៤៥ នាក់​។

របាយការណ៍​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ខែសីហា​បាន​ឲ្យ​ដឹងថា សហគ្រិន​ស្ត្រី​របស់​ប្រទេស​កម្ពុជា​បន្ត​ជួប​ការពិបាក​ដោយសារ​តែ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​នៅមាន​កម្រិត​សម្រាប់​ការពង្រីក​អាជីវកម្ម​។ មានតែ ៣ ​ភាគរយ​ប៉ុណ្ណោះ​មានលទ្ធភាព​ទទួល​បាន​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​។

របាយការណ៍​ប៉ាន់ប្រមាណ​ថា តម្រូវការ​ឥណទាន​ពី​សហគ្រិន​ស្ត្រី​បច្ចុប្បន្ន​មាន​ចំនួន ៤,២ ពាន់​លាន​ដុល្លារ​ស្មើនឹង​ជិត ៦៣ ភាគរយ​នៃ​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦,៧ ​ពាន់​លាន​ដុល្លារ​របស់​ប្រទេស​កម្ពុជា​៕LA