ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនឹងមិនប្រឈមបញ្ហាកង្វះទុនវិនិយោគទេ បើទោះបីប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារការរាតត្បាតជំងឺកូវីដ ១៩ ក៏ដោយ ខណៈដំណើរការសាងសង់នៅពេលនេះសម្រេចបានប្រមាណ ៣០ ភាគរយ។ ការលើកឡើងរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចទៅពិនិត្យមើលដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាលកាលពីថ្ងៃចន្ទ។
លោកថ្លែងថា៖ «ដោយសារកូវីដ ១៩ បានធ្វើឲ្យសកលលោកជួបវិបត្តិសេដ្ឋកិច្ច កម្ពុជាក៏រងផលប៉ះពាល់ផងដែរ ទោះយ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយបានប្រកាសក្ស័យធន និងកង្វះទុនវិនិយោគនោះទេ»។
លោកបន្តថា៖ «ការសាងសង់ព្រលានយន្តហោះនេះត្រូវការទុនវិនិយោគ ១ ៥០០ លានដុល្លារ ក្រុមហ៊ុននេះមិនទាន់និយាយពីរឿងកង្វះទុន ហើយផ្អាកដំណើរការសាងសង់ទេ ដូច្នេះព្រលានយន្តហោះត្រូវធ្វើទៅតាមផែនការ និងការដ្ឋានទាំងអស់ត្រូវដំណើរការជាធម្មតា»។
លោកបន្ថែមថាមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៣០ ភាគរយហើយ។ នេះជាព្រលានយន្តហោះប្រភេទ 4F ដែលអាចឲ្យយន្តហោះធំៗប្រភេទ Airbus A380-800 និង Boeing 747-800 ចុះចតបាន។ លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើន ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួចរាល់»។
លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ថ្លែងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះសាងសង់លើផ្ទៃដី ២ ៦០០ ហិកតា នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលទី ១ នៅឆ្នាំ ២០២៣។
លោកបន្តថា គម្រោងនេះនឹងត្រូវវិនិយោគក្នុងតម្លៃទឹកប្រាក់ ១,៥ ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលតម្លៃដីដែលក្នុងដំណាក់កាលទី ១ អាចនឹងទទួលភ្ញៀវទេសចរ ១៣ លាននាក់ក្នុង ១ ឆ្នាំៗ។ បច្ចុប្បន្នគម្រោងនេះចំណាយទឹកប្រាក់អស់ចំនួន ១២០ លានដុល្លាររួចមកហើយ ដោយចំណាយលើការប្រឹក្សាយោបល់ផ្នែករចនាគូរប្លង់ ខួងគ្រឹះ ចាក់ដី បង្ហាប់ដី និងកែគុណភាពដី។
លោកថ្លែងថា៖ «គម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ ២០៨ លានដុល្លារទៀតចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ។ ក្នុងនោះចាប់ពីខែកក្កដាទៅយើងនឹងត្រូវចំណាយ ១ ថ្ងៃ ១,១៥ លានដុល្លារ»។ លោកបន្ថែមថា៖ «មូលនិធិឥណទានបរទេសមិនអាចរកបានភ្លាមៗទេ ហើយចំណាយបច្ចុប្បន្នពឹងផ្អែកលើមូលនិធិក្នុងស្រុក ទោះជាយ៉ាងណាក្តី ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពមិនឲ្យមានការរាំងស្ទះដល់គម្រោងសាងសង់នេះទេ»។
ក្រុមហ៊ុន OCIC នឹងគ្រប់គ្រងភាគហ៊ុន ៩០ ភាគរយ ជាមួយក្រុមហ៊ុនចិនមួយផ្សេងទៀតលើគម្រោងនេះ ខណៈនៅសល់ ១០ ភាគរយទៀតជាកម្មសិទ្ធិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយលោក តឹក រ៉េតសំរេច រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីឆ្នាំ ២០១៧។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដាក់ឲ្យដំណើរការជាផ្លូវការ អាកាសយនដ្ឋានអន្តរជាតិ-ភ្នំពេញចាស់នឹងបង្វែរទៅជាព្រលានយន្តហោះសម្រាប់បម្រើការហោះហើរក្នុងស្រុក និងសម្រាប់បម្រើដល់វិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅពេលអនាគត៕ LA