ភ្នំពេញៈ ក្រសួងទេសចរណ៍​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​សម្រាក​កម្សាន្ត​កម្រិត​ខ្ពស់​នៅ​ភាគ​និរតី ខណៈ​ក្រសួង​កំពុង​ចងក្រង​សេចក្តីព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​។

សេចក្តីព្រាង​ផែនការមេ​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​បានកំណត់​អភិវឌ្ឍ​ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន ៤ និង​គម្រោង​អភិវឌ្ឍន៍​ចំនួន ២៥១​។

ការលើកឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ផែនការ​មេ ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ១៤ មករា​នៅ​ក្រសួង​ទេសចរណ៍​។

ក្នុង​កិច្ចប្រជុំ​នេះ​លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​បាន​ឱ្យ​ដឹងថា ប៉ូល​អភិវឌ្ឍន៍​ទេសចរណ៍​ធំៗ​ចំនួន ៤ រួមមាន អភិវឌ្ឍ​ទីក្រុង​កែប​បច្ចុប្បន្ន តំបន់ឆ្នេរ​អង្កោល តំបន់ភ្នំ​វល្លិ និង​តំបន់​ប្រជុំ​កោះ​នៅក្នុង​ខេត្ត​នេះ​។

លោក ផល្លី បានឱ្យ​ដឹងថា នៅក្នុង​ផែនការ​មេនេះ​នឹង​កែលម្អ​ឆ្នេរកែប​ដែលមាន​ស្រាប់​បន្ថែមទៀត ព្រមទាំង​កែលម្អ​ឆ្នេរ​អង្កោល និង​ឆ្នេរ​ថ្មី​មួយទៀត​ឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ​ឡើង​។

លោក​លើកឡើង​ថា​៖ «​ក្រៅពី​កែលម្អ​តំបន់ឆ្នេរ​ទាំង​ ៣ ​នេះ​ក៏​នៅមាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដូចជា ការពង្រីក​ផលិតផល​កីឡា​ទេសចរណ៍​កម្រិត​អន្តរជាតិ សារមន្ទីរ​សង្គ្រាម​ទេសចរណ៍ ការរៀបចំ​ឱ្យមាន​ដំណើរ​ទៅ​ទស្សនា​នៅតាម​ប្រជុំ​កោះ​ទាំង ១៣ កោះ​នូវ​ជីវចម្រុះ​សម្បូរបែប ដូចជា ផ្កាថ្ម ផ្សោត​សមុទ្រ ជ្រូក​ទឹក មច្ឆជាតិ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀត​»​។

លោក ផល្លី បន្ត​ថា ផែនការ​មេនេះ​ក៏​នឹង​ប្រែក្លាយ​តំបន់​ស្រែអំបិល​ឱ្យទៅជា​គោលដៅ​កសិទេសចរណ៍​ស្រែអំបិល​ដោយ​បង្កើត​ជា​សារៈមន្ទីរ​ស្រែអំបិល ដើម្បីឱ្យ​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ភ្ញៀវទេសចរ​អន្តរជាតិ​ស្គាល់​ពី​ចង្វាក់​ផលិតកម្ម​អំបិល​នៅ​កម្ពុជា​។

លោក​បន្ថែមថា​៖ «​យើង​ក៏​នឹង​បង្កើត​ឱ្យ​មាន​ផ្សារ​ទំនើប​ខ្នាតតូច ផ្សារ​រាត្រី វិថី​ម្ហូបអាហារ ហើយ​តភ្ជាប់​ទេសចរណ៍​តាមផ្លូវ​ទឹក​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត មក​ខេត្ត​កែប ព្រមទាំង​បង្កើត​ពិធីបុណ្យ និង​ព្រឹត្តិការណ៍​ទេសចរណ៍​នានា​ជាដើម​»​។

គណៈកម្មការ​អន្តរក្រសួង​ក៏បាន​បញ្ជូន​យុទ្ធសាស្ត្រ​គោល​ចំនួន ៩ នៅក្នុង​ឯកសារ​ព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​។ នេះ​បើតាម​លោក ផល្លី​។

យុទ្ធសាស្ត្រ​ទាំងនោះ​រួមមាន យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប៉ូល​ទេសចរណ៍​ខេត្ត​កែប វិនិយោគ និង​អភិវឌ្ឍន៍​របៀង​ទេសចរណ៍ ពង្រឹង​គុណភាព និង​សុវត្ថិភាព​ទេសចរណ៍ អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ព្រមទាំង​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍ អភិវឌ្ឍ​នវានុវត្តន៍​នៃ​វិស័យ​ទេសចរណ៍ និង ពង្រឹង​អភិបាលកិច្ច ត្រួតពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​។

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា ការរៀបចំ​ផែនការមេ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់​ដែល​ផ្តោតលើ​ភាពទាក់ទាញ ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប គឺជា​ឯកសារ​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​ដែល​អាចជួយ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ទាំង​ក្នុង​ដំណាក់កាល​វិបត្តិ​កូវីដ​១៩ ក៏ដូចជា​ក្នុងដំណាក់កាល​ក្រោយ​កូវីដ​១៩»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹងថា ខេត្ត​កែប​គឺជា​តំបន់​សក្តានុពល​ទេសចរណ៍​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​។ ការអភិវឌ្ឍ​ខេត្ត​នេះ​បន្ថែមទៀត​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​កាន់តែ​មាន​ភាពទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

លោកស្រី​បានឱ្យ​ដឹងថា​៖ «​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​សម្បូរបែប មាន​ស្ទឹង​ព្រែក ម្ហូបអាហារ​ពី​គ្រឿង​សមុទ្រ ស្រែអំបិល ភ្នំ​។ ខ្ញុំ​ជឿថា វា​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​កម្សាន្ត​នៅ​ទីនោះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្វាគមន៍​ចំពោះ​ការរៀបចំ​ផែនការអភិវឌ្ឍន៍​នេះ ដែល​នឹង​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ពេលអនាគត​។ យើង​នៅ​មិនទាន់​ប្រើប្រាស់​ខេត្ត​នេះ​ឱ្យអស់​សក្តានុពល​ទេ​។ ប្រសិនបើ​មានការ​អភិវឌ្ឍ​បន្ថែមទៀត​នឹង​ទាក់ទាញ​ភ្ញៀវទេស​ចរមក​ស្នាក់នៅ​ទីនេះ​កាន់​រយៈពេល​យូរ​ជាង​មុន​»​។

បើតាម​ក្រសួង​ទេសចរណ៍ អង្គប្រជុំ​បាន​ឯកភាព​នឹង​បន្ត​កិច្ចប្រជុំ​លើ​សេចក្ដីព្រាង​ផែនការ​មេនេះ​ទៀត​នៅ​ខែមីនា មុននឹង​ដាក់​ឆ្លងទៅ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​៕ LA