
កំណាត់ផ្លូវដែកក្នុងទីក្រុងភ្នំពេញជួសជុលរួចនាពេលកន្លងមកដែលបច្ចុប្បន្នដាក់ដំណើរការទៅដល់ខេត្តព្រះសីហនុ។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កំណាត់ផ្លូវដែកកម្ពុជាប្រវែង ៦០ គីឡូម៉ែត្រពីបន្ទាយមានជ័យទៅព្រំដែនថៃត្រូវបានសាងសង់បញ្ចប់រួចរាល់ហើយ។
ការលើកឡើងនេះបានធ្វើឡើងក្នុងអំឡុងវេទិកាដឹកជញ្ជូនដែលរៀបចំឡើង ដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំទីក្រុងភ្នំពេញដែលលោក ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថាសង្ខេបអំពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីការចុះបញ្ជីគម្រោងសាងសង់មួយចំនួនមកដែលបច្ចុប្បន្នកំពុងដំណើរការលោករដ្ឋមន្ត្រីបានប្រកាសថា ការសាងសង់ដ៏សំខាន់លើផ្លូវដែកដែលគេរង់ចាំរយៈពេលយូរមកហើយទៅកាន់ព្រំដែនថៃ «ត្រូវបានបញ្ចប់នៅថ្ងៃនេះ»។
លោក វ៉ា ស៊ឹមសូរិយា អគ្គនាយកនៅក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់កាលពីម្សិលមិញថា ការសាងសង់កំណាត់ផ្លូវដែកប្រវែង ៦០ គីឡូម៉ែត្រនៅចន្លោះប៉ោយប៉ែត និងស្រុកមង្គលបុរីក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ចប់ហើយកាលពីដើមសប្ដាហ៍នេះ។
លោកថ្លែងថា៖ «ចាប់ពីពេលនេះតទៅ រថភ្លើងអាចត្រូវបានប្រតិបត្តិការចាប់ពីប៉ោយប៉ែតទៅមង្គលបុរី ដោយសារតែការសាងសង់ [ចំណែក] នៃផ្លូវដែកនេះត្រូវបានបញ្ចប់ទាំងស្រុងហើយ»។
ទោះបីយ៉ាងណាលោកបានបន្ថែមថា រថភ្លើងមិនទាន់ចាប់ផ្ដើមដំណើរការនៅឡើយទេ ហើយលោកមិនបានដឹងថា នៅពេលណាវានឹងប្រតិបត្តិការជាផ្លូវការសម្រាប់អ្នកដំណើរនោះទេ។
លោកថ្លែងថា នេះគឺជាដំណាក់កាលមួយប៉ុណ្ណោះក្នុងការសាងសង់ផ្លូវដែកដែលគ្រោងទុកយូរណាស់មកហើយ ហើយនៅពេលផ្លូវដែកមួយត្រូវបានបញ្ចប់ ប្រវែងផ្លូវដែកនេះចាប់ពីព្រំដែនថៃមកទីក្រុងភ្នំពេញសង្ឃឹមថាអាចដឹកអ្នកដំណើរពីទីក្រុងភ្នំពេញទៅដល់ទីក្រុងបាងកកក្នុងល្បឿនជាមធ្យមពី ៤០ ទៅ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រសួងកំពុងបន្តការងារសាងសង់ចំណែកផ្លូវដែកដែលស្នើឡើងគឺ ចាប់ពីប៉ោយប៉ែតទៅមង្គលបុរី មង្គលបុរីទៅបាត់ដំបង បាត់ដំបងទៅពោធិ៍សាត់ និងពោធិ៍សាត់មកទីក្រុងភ្នំពេញ។ យោងតាមការប៉ាន់ប្រមាណពីក្រសួងកាលពីខែមករា ឆ្នាំ ២០១៧ ការសាងសង់ផ្លូវដែកប្រវែង ១២២ គីឡូម៉ែត្រនៅចន្លោះប៉ោយប៉ែត និងបាត់ដំបងដំបូងឡើយត្រូវបានគ្រោងនឹងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៧។
លោក វ៉ា ស៊ឹមសូរិយា បានថ្លែងថា៖ «យើងរំពឹងថា ការតភ្ជាប់ផ្លូវដែកពីពោធិ៍សាត់មកទីក្រុងភ្នំពេញនឹងត្រូវបានបញ្ចប់នៅខែមិថុនាឆ្នាំនេះ»។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់កាលពីថ្ងៃអង្គារថា ផ្លូវដែកនេះកំពុងត្រូវបានប្រើប្រាស់រួចហើយដើម្បីដឹកជញ្ជូនទំនិញ។ ពេលសួរថា ពេលណាផ្លូវដែកនេះនឹងបើកដំណើរការដឹកអ្នកដំណើរលោក ម៉េងជ្រួន ថ្លែងថា៖ «រង់ចាំការសម្ពោធដាក់ឲ្យដំណើរការសិន»។
ផ្លូវដែកចាប់ពីសិរីសោភ័ណទៅប៉ោយប៉ែតពីមុនត្រូវបានគ្រោងនឹងបញ្ចប់ត្រឹមពាក់កណ្ដាលឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានផ្អាកជាច្រើនដងមកហើយ ដោយសារតែឧបសគ្គផ្លូវច្បាប់ ភ្លៀងជាប្រចាំ និងជម្លោះដីធ្លី។ ផែនការរដ្ឋាភិបាលក្នុងការភ្ជាប់ផ្លូវដែកទៅភាគខាងលិចបន្ថែមទៀតត្រូវបានប្រឈមនឹងការពន្យារពេលផងដែរ៕ LA
រាយការណ៍បន្ថែមៈ ចេង សុខហ័ង