ភ្នំពេញៈ កំណើន​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឆ្នាំ​ ២០២០ នេះ​ត្រូវបាន​ព្យាករ​ថា នឹង​ធ្លាក់​ចុះបើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ​ដោយសារ​ការព្យាករ​ពី​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច បញ្ហា​វីរុស កូរ៉ូណា និង​បញ្ហា EBA ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។

នៅក្នុង​សន្និបាត​លើក​ទី​ ១៤ របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​និយាយថា ខណៈ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ធំៗ​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២០ នេះ​អាច​នឹង​ធ្លាក់ចុះ​ពី​ ៧ ​ភាគរយ​ពី​ឆ្នាំ​ ២០១៩ មក​នៅក្នុង​រង្វង់​ ៦ ​ភាគរយ ដោយសារ​បញ្ហា​ដែល​កំពុង​កើតឡើង​ក្នុង​ពិភពលោក វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​អាច​នឹងមាន​កំណើន​ទាប​។

លោក​ថ្លែងថា​៖ «​ជាធម្មតា​ប្រសិន​បើ​កំណើន​ GDP (​ផលិតផល​ក្នុង​ស្រុក​ដុល​) ប្រទេស​​ កម្ពុជា​ មាន​ការថមថយ​ចុះ ខ្ញុំ​គិត​ថា​វា​នឹង​មាន​ផលប៉ះពាល់​ខ្លះ​ដោយសារ​តែ​យើង​ជា​អ្នកដាក់ទុន​ចូល​ទៅក្នុង​វិស័យសេដ្ឋកិច្ច ដូច្នេះ​បើ​កំណើន​សេដ្ឋកិច្ច​ថមថយ តម្រូវការ​ទុន​ក៏​វា​នឹង​ថមថយ​ដែរ​»​។

ទោះយ៉ាងណា​លោក បូរាណ បញ្ជាក់​ថា​ដោយសារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើការ​ភាគ​ច្រើន​តែ​នៅក្នុង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម ខ្នាតតូច ដូច្នេះ​ផលប៉ះពាល់​នឹង​មិន​មាន​ទំហំ​ធំ​ទេ​។

លោក​លើកឡើង​ថា​ក្នុង​ឆ្នាំ​ ២០១៩ វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់​បើទោះបី​បាន​ជួប​បញ្ហា​ក្នុង​ការផ្តល់​ឥណទាន​មួយចំនួន​កាលពី​ដើម​ឆ្នាំ ដោយសារ​បញ្ហា​អាកាសធាតុ​រាំងស្ងួត​ក៏ដោយ​។

បើ​តាម​លោក បូរាណ ផលបត្រ​ឥណទាន​ក្នុង​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ក្នុង​រង្វង់​ ៣០​ ភាគរយ ចំណែក​ចំនួន​ប្រាក់​សន្សំ​ក៏បាន​កើនឡើង​ផងដែរ ខណៈ​ឥណទាន​មិន​ដំណើរការ​បាន​ស្ថិតក្នុង​រង្វង់​ប្រហែល​ ១ ​ភាគរយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​ ២០១៩ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ផ្តល់​ឥណទាន​ចំនួន​ប្រហែល​ ៧ ​ពាន់​លាន​ដុល្លារ​ដល់​អតិថិជន​ជាង​ ២ ​លាន​នាក់ ខណៈ​អ្នកសន្សំ​មាន​ចំនួន​ជិត ៣ ​លាន​នាក់​ដោយ​មាន​ទឹកប្រាក់​ជិត​ ៤ ​ពាន់​លាន​ដុល្លារ​។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ថែមទៀតថា វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ​។

ដើម្បី​ជួយ​ដល់​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ជួយ​កាត់បន្ថយ​ការជាប់​បំណុល​វ័ណ្ឌក​របស់​អតិថិជន ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) កាលពី​ខែ​មេសា ឆ្នាំ​ ២០១៧ បានសម្រេច​កំណត់​ពិតាន​អត្រា​ការប្រាក់​សម្រាប់​ការផ្តល់​ឥណទាន​ត្រឹម ១៨ ​ភាគរយ ​ក្នុង​ ១ ​ឆ្នាំ ខណៈ​កាលពី​មុន​មាន​ការកំណត់​នេះ អត្រា​ការប្រាក់​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ខ្លះ​មាន​ដល់​ជិត​ ៥០ ​ភាគរយ​។

ទិន្នន័យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹងថា អត្រា​ការប្រាក់​បញ្ញើ​ជា​រៀល និង​ដុល្លារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មាន​ភាពប្រហាក់ប្រហែល​នឹង​ឆ្នាំមុន ដោយ​មាន​កម្រិត​ប្រែប្រួល​តិចតួច​ក្នុង​អត្រា​ជា​មធ្យម ៨ ​ភាគរយ និង ៧,៨ ​ភាគរយ​រៀង​គ្នា​។ ទន្ទឹម​នឹង​នេះ​អត្រា​ការប្រាក់​ឥណទាន​ជា​រៀល និង​ដុល្លារ​មាន​ការថយ​ចុះ​មក​ត្រឹម ១៥ ​ភាគរយ និង ១៦ ​ភាគរយ​។ គិត​ត្រឹម​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​ធនាគារ​ពាណិជ្ជកម្ម​ចំនួន​ ៤៥ ធនាគារ​ឯកទេស ១៥ គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ ៧ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៧៤ ប្រតិបត្តិករ​ឥណទាន​ជនបទ ២៥៤ ក្រុមហ៊ុន​ជួល​ ១៥ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់ ១៦​។ នេះ​បើ​តាម​ធនាគារជាតិ​នៃ​កម្ពុជា​៕