ភ្នំពេញ: ការកើនឡើង​នៃ​ខ្សែចង្វាក់​ផលិតកម្ម​ចំណី​សត្វ​នៅក្នុង​ស្រុក​បាន​ធ្វើឲ្យ​ការនាំចេញ​ពោតក្រហម​សម្រាប់​ផលិត​ចំណី​សត្វ​ធា្លក់​ចុះ​យ៉ាងគំហុក​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការនាំចេញ​ពោតក្រហម​សម្រាប់​ផលិត​ជា​ចំណី​សត្វ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ខណៈ​ការផលិត​ពោតក្រហម​សម្រាប់​ផលិត​ចំណី​សត្វ​ក្នុងស្រុក​បាន​កើនឡើង​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក​បាន​បន្តថា ការនាំចេញ​ពោតក្រហម​សម្រេច​បាន ៣៥ ៦៣៦ ​តោន​ក្នុង​រយៈពេល ៥ ​ខែ​ដើម​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ ២៩,៦៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន ៥០ ៦៧៩ ​តោន​។ ដោយឡែក​កាលពី​ឆ្នាំ​ ២០១៨ ការនាំចេញ​ពោត​សម្រេច​បាន ២០៤ ១៨៤ ​តោន ខណៈ​ឆ្នាំ​ ២០១៩ បាន​នាំចេញ​ចំនួន ១១៩ ៩៩៣ តោន​។

លោក​បាន​បន្ថែមថា បើទោះបី​ការនាំចេញ​ពោតក្រហម​សម្រាប់​ផលិត​ចំណី​សត្វ​ធ្លាក់ចុះ ក៏​ការ​ដាំពោត​ក្រហម​របស់​កសិករ​កម្ពុជា​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៤ ​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាក់ស្តែង​ការផលិត​ពោតក្រហម​របស់​កសិករ​សម្រេច​បាន​ជាង ១,១១ ​លាន​តោន​ កាលពី​ឆ្នាំ​ ២០១៩ កើនឡើង​ពី​ចំនួន ៣៣៣ ០៥៨ ​តោន​កាលពី​ឆ្នាំ​ ២០១៦​។

លោក​ថ្លែង​ថា​៖ «​លទ្ធផល​ខាងលើនេះ​គឺ​បាន​បង្ហាញ​នូវ​មោទនភាព​ជាតិ និង​ជាការ​ពេញចិត្ត​សម្រាប់​ប្រជាជន និង​រាជរដ្ឋាភិបាល បើទោះបី​តួលេខ​នាំចេញ​ពោតក្រហម​មាន​ការថយចុះ​ក្នុងអំឡុង​រយៈពេល​នេះ ព្រោះ​ប្រាកដ​ណាស់​ថា បរិមាណ​ពោតក្រហម​ដែល​សល់​ពី​ការនាំចេញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បាន​ដឹក​ចូល​ទៅ​កាន់​រោងចក្រ​កែច្នៃ​ចំណី​សត្វ​ក្នុងស្រុក​»​។

លោក​បន្តថា​៖ «​លទ្ធផល​នេះ​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម និង​បង្កើន​ការចិញ្ចឹមសត្វ​ក្នុងស្រុក រួមទាំង​ការអនុវត្ត​គោលនយោបាយ​របស់​កម្ពុជា​ក្នុង​ការដំឡើង​ពន្ធ​នាំចូល​ពោតក្រហម​ពី​ខាងក្រៅ​មក​កែច្នៃ​នៅ​កម្ពុជា​»​។

យោងតាម​ទិន្នន័យ​ក្រសួង​កសិកម្ម ខេត្ត​ត្បូងឃ្មុំ ជា​កន្លែង​ដែលមាន​ដាំដុះ​ពោតក្រហម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុង​ស្រុក​ច្រើន​ជាងគេ ដោយ​មាន​សមត្ថភាព​ផលិត ៥៦ ៧៥០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​ នៅលើ​ផ្ទៃដី​ដាំដុះ​សរុប ១០ ៧៩០ ​ហិកតា​។ បច្ចុប្បន្ន​ខេត្ត​នេះ​មាន​ឡ​សម្ងួត​ពោត​ចំនួន ៧ ដែល​ឡ​ ១ មាន​សមត្ថភាព​សម្ងួត​ចន្លោះ​ពី ១ ៥០០ ​តោន ​ទៅ ៣ ០០០ តោន​ក្នុង​ ១ ​ឆ្នាំ​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បច្ចុប្បន្ន​រោងចក្រ​ផលិត​ចំណី​សត្វ​មាន​ចំនួន ១៨ កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា និង​រោងចក្រ​ចំនួន​ ១ ​កំពុង​ដំណើរការ​សាងសង់​ដែល​ជិត​រួចរាល់​ហើយ​។ រោងចក្រ​ទាំងនេះ​មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​បាន​ជាង ១,២ ​លាន​តោន​ ក្នុង​ ១ ​ឆ្នាំ​ ស្មើនឹង​ ៥៦ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ទូទាំង​ប្រទេស​។

លោក​បាន​បន្តថា ទន្ទឹម​នឹង​នេះ​ការចិញ្ចឹម​សត្វ​របស់​ប្រជាកសិករ​ក៏​កំពុង​មាន​និន្នាការ​កើនឡើង​ខ្លាំង​តាមរយៈ​ការនាំ​ចូល​ពូជ​ជ្រូក​ពី​ក្រៅ​ប្រទេស​ដែល​កើនឡើង​ជាង ៤ ​ដង​បើ​ធៀប​នឹង​ឆ្នាំមុន​។ កម្ពុជា​បាន​នាំចូល​កូនជ្រូក​ពូជ​ចំនួន ៨៨ ០០០ ​ក្បាល ​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ ខណៈ​កាលពី​ឆ្នាំមុន​មាន​ចំនួន ២២ ០០០ ក្បាល​។ ចំណែក​ការនាំ​ចូល​មេ​ជ្រូក​ពូជ​អំឡុង​ពេលនេះ​សម្រេច​បាន ១៤ ១៦៩ ​ក្បាល ខណៈ​ឆ្នាំ​មុន​មាន​ត្រឹម ៧ ៨៥០ ​ក្បាល​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ក្រោយពី​ក្រសួង​កសិកម្ម​បាន​អនុវត្តតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ការនាំចូល​ជ្រូក យើង​ឃើញថា កសិករ​មាន​ជំនឿ​ទុកចិត្ត​លើ​ចំណាត់ការ​របស់​ក្រសួង​កសិកម្ម ហើយ​ពួកគាត់​ចាប់ផ្តើម​ចិញ្ចឹម​សត្វ​ឡើងវិញ​»៕ LA