The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំណើន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ធ្វើឱ្យ​តម្លៃ​ពោតក្រហម​ស្ទុះ​ឡើង




កំណើន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ធ្វើឱ្យ​តម្លៃ​ពោតក្រហម​ស្ទុះ​ឡើង

Content image - Phnom Penh Post
កសិករ​កំពុង​បកសម្បក​ពោតក្រហម បន្ទាប់ពី​ប្រមូលផល​បាន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ រ៉ាហ៊ីម

កំណើន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ធ្វើឱ្យ​តម្លៃ​ពោតក្រហម​ស្ទុះ​ឡើង

ភ្នំពេញៈ តម្លៃ​ពោត​ក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ​បាន​ស្ទុះ​ឡើង ដោយសារ​តែ​ការកើនឡើង​នៃ​តម្រូវការ​សម្រាប់​ការផលិត​ចំណី​សត្វ​ក្នុងស្រុក​។

ការប្រមូលផល​ពោតក្រហម​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ពេលនេះ​សម្រេច​បាន​ប្រមាណ ៥០ ​ភាគរយ​ ហើយ​ដោយ​តម្លៃ​គ្រាប់ពោត​ស្ងួត​បាន​កើនឡើង​ជិត ២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ពោតក្រហម​ភាគច្រើន​ត្រូវ​បាន​នាំទៅ​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុងស្រុក​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កន្លងមក​បង្ហាញថា ខេត្ត​ត្បូងឃ្មុំ​ជា​កន្លែង​ដែលមាន​ដាំពោត​ក្រហម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុងស្រុក​ច្រើន​ជាងគេ ដោយ​ខេត្ត​មាន​សមត្ថភាព​ផលិត​បាន ៥៦ ៧៥០ ​តោន​ក្នុង​ ១ ​ឆ្នាំ​នៅលើ​ផ្ទៃដី​ដាំ​ដុះ​សរុប ១០ ៧៩០ ​ហិកតា​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​លោក តូច សុខន បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១ ខែមីនា ថា គ្រាប់​ពោតក្រហម​ស្ងួត​ (​មិន​ជាប់​ស្នូល​) ពេលនេះ​ (​ថ្ងៃ​ចន្ទ​) ​មាន​តម្លៃ​ប្រមាណ ១ ៣០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​ កើន​ជិត ២០ ​ភាគរយ​ ពី​ចំនួន ១ ១០០ ​រៀល​ កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ការកើន​តម្លៃ​ពោតក្រហម​ពេលនេះ​គឺ​ដោយសារ​តម្រូវការ​មាន​ច្រើន​ជាងមុន​ពី​សំណាក់​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុងស្រុក ខណៈ​ការនាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​មាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ​។ លោក​បន្តថា ជាមួយ​នឹង​ការកើនឡើង​តម្លៃ​ពេល​ប្រមូលផល​នេះ លោក​រំពឹង​ថា សកម្មភាព​នៃ​ការដាំ​ពោតក្រហម​នឹងមាន​ការកើនឡើង​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ​។

លោក​បញ្ជាក់ថា​៖ «​តម្លៃ​គ្រាប់​ពោតក្រហម​ស្ងួត​ឆ្នាំនេះ​ល្អ បើ​ធៀប​នឹង​ឆ្នាំមុន​។ ភាគច្រើន​គ្រាប់​ពោតក្រហម​នៅទីនេះ​ត្រូវ​ឈ្មួញ​ប្រមូល​ទិញយក​ទៅ​រោងចក្រ​ផលិត​ចំណី​សត្វ CP»​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បាន​ប្រាប់ថា ការប្រមូលផល​ពោតក្រហម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បាន​ចាប់​ផ្តើម​ជាង ១ ​សប្តាហ៍​មកហើយ ដោយ​ទិន្នផល​ឆ្នាំនេះ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​។ ដី​ដាំពោត​ក្រហម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នា​រដូវ​ប្រមូលផល​នេះ​មាន​ប្រមាណ ៦ ៥៦០ ​ហិកតា​ ដោយ​ផ្តល់​ទិន្នផល​ជា​មធ្យម​ចន្លោះ​ពី ៥,៥ ទៅ ៦,៥ ​តោន​ក្នុង​ ១ ​ហិកតា​។

លោក​និយាយថា​៖ «​ផ្ទៃដី​ដាំពោត​ដែល​កំពុង​ប្រមូលផល​ពេលនេះ មាន​ទំហំ​ប្រហែល​ឆ្នាំមុន ប៉ុន្តែ​តម្លៃ​ឈ្មួញ​ប្រមូល​ទិញ​ល្អ​ជាង​ឆ្នាំមុន​»​។

បើ​យោងតាម​លោក ពិសិដ្ឋ ពោតក្រហម​ត្រូវបាន​គេ​ដាំ​ចំនួន ២ ​ដង​ក្នុង​ ១ ​ឆ្នាំ ដោយ​ដាំ​ម្តងៗ​មាន​រយៈពេល ៣ ​ខែ​។ ជាធម្មតា​ការប្រមូលផល​លើក​ទី​ ១ ក្នុង​អំឡុង​ចុងខែ​កុម្ភៈ ដល់​ខែមីនា និង​លើក​ទី​ ២ ពី​ខែកក្កដា-សីហា​។

ដោយឡែក​សម្រាប់​ខេត្ត​នៅ​ភាគពាយព្យ​ប្រទេស ការប្រមូលផល​ពោតក្រហម​បានបញ្ចប់​អស់​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​តម្លៃ​ក្នុង​ឆ្នាំ​នេះ​បាន​ឡើង​ខ្ពស់​ជាង​ឆ្នាំមុន​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​បាន​ប្រាប់ថា ជាទូទៅ​កសិករ​នៅ​ខេត្ត​ជិតខាង តែង​យក​ផល​ពោតក្រហម​ខ្លួន​មក​លក់​ឱ្យ​ឈ្មួញ​នៅ​ខេត្តបាត់ដំបង ដើម្បី​នាំទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ​។

សម្រាប់​តម្លៃ​ពោតក្រហម​នៅ​ខេត្ត​បាត់ដំបង​ពេល​ប្រមូលផល​ចុងក្រោយ​ (​ចុងខែ​កុម្ភៈ​) ​មាន​តម្លៃ​ពី ១ ២០០-១ ៣០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម ដែល​តម្លៃ​នេះ​កើនឡើង​ច្រើន​ធៀប​នឹង​ឆ្នាំមុន​។ សម្រាប់​ពោតក្រហម​ដែល​ខេត្ត​បាត់ដំបង​ប្រមូល​បាន​គឺ​ប្រមាណ ៧០ ​ភាគរយ​ត្រូវ​នាំទៅ​ប្រទេស​ថៃ​នៅ​សល់​ពី​នោះគេ​ប្រមូល​ទិញ​យក​លក់​ឱ្យ​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ក្នុង​ស្រុក​ដូចជា CP ជាដើម​។

លោក​បន្ថែមថា​៖ «​ប្រជាកសិករ​ដាំពោត​ក្រហម និង​ដំឡូងមី​នៅ​ឆ្នាំនេះ ពួកគាត់​សប្បាយ​ចិត្តច្រើន ព្រោះ​ទទួល​បាន​តម្លៃ​ខ្ពស់​ទោះបី​ជា​គ្រោះទឹកជំនន់​កាលពី​ឆ្នាំ​មុន​ធ្វើឱ្យ​ទិន្នផល​ធ្លាក់ចុះ​ខ្លះ​ក៏ដោយ​»​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម ឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​ ២០២០ នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុងស្រុក​ចំនួន ១៨ ​កំពុង​ដំណើរការ​ដោយ​មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​សរុប​ជាង ១,២ លាន​តោន​ក្នុង ១ ឆ្នាំ ស្មើ ៥៦ ភាគរយ​នៃ​ការផ្គត់ផ្គង់​ទូទាំងប្រទេស​។ ឆ្នាំ​ ២០២០ ​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ពោត​សរុប ១៥៤ ៥៩៨ ​ហិកតា និង​ទទួល​បាន​បរិមាណ​ផល​សរុប​ចំនួន ៧៣៥ ៥៥១ តោន​។

របាយការណ៍​ក្រសួង​កសិកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​នាំចេញ​គ្រាប់ពោត​សរុប ១៩៤ ៦២៥ ​តោន​ កើន ៦២,២០ ​ភាគរយ ​ពី​ចំនួន ១១៩ ៩៩៣ ​តោន​ ក្នុង​ឆ្នាំ​ ២០១៩៕ LA

អត្ថបទគួរចាប់អារម្មណ៍