ភ្នំពេញៈ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​អះអាង​ថា ប្រទេស​កម្ពុជា​ មិនបាន​ប្រឈម​កង្វះ​ថាមពល​អគ្គិសនី​នៅក្នុង​រដូវប្រាំង​ឆ្នាំ​ ២០២០ ​នេះ​ទេ ព្រោះ​តម្រូវការ​ប្រើប្រាស់​បាន​ថយចុះ​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ដែល​បណ្តាល​ឲ្យ​រោងចក្រ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​បដិសណ្ឋារកិច្ច​មួយចំនួន​បិទ​ដំណើរការ​។

លោក តេង សុខុមាល នាយក​ប្រតិបត្ដិ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការអនុគ្រោះ និង​លើក​ទឹកចិត្ដ​ចំពោះ​ការបង់ថ្លៃ​អគ្គិសនី​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​កាលពី​ថ្ងៃ​ចន្ទ​ថា កំណើន​តម្រូវការ​ថាមពល​អគ្គិសនី​នៅក្នុង​ឆ្នាំនេះ​មិនបាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ ដោយសារ​ចង្វាក់​ផលិតកម្ម​មួយចំនួន​នៅក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ទេសចរណ៍​ថយចុះ បន្ទាប់ពី​មាន​ការព្យួរការងារ​បណ្តាល​មកពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​ព្យាករ​ថា កំណើន​តម្រូវការ​ថាមពល​អគ្គិសនី​ឆ្នាំនេះ​នឹង​ធ្លាក់​មក​នៅត្រឹម ២០ ​ភាគរយ ខណៈ​ឆ្នាំមុនៗ​កំណើន​ជា​មធ្យម ៣០ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​ធម្មតា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​ថាមពល និង​តម្រូវការ​មានការ​កើនឡើង ប៉ុន្ដែ​នៅ​ឆ្នាំនេះ វា​មិន​មាន​ការកើនឡើង​ច្រើន​ដូច​ឆ្នាំមុនៗ​ទេ ដោយសារ​វិបត្តិ​កូវីដ​១៩ បាន​ធ្វើឲ្យ​ការផលិត​របស់​រោងចក្រ​មួយចំនួន​មានការ​ថយចុះ​»​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​មាន​តម្រូវការ​ថាមពល​អគ្គិសនី​ជា​មធ្យម​ជាង​ ២ ០០០ ​មេហ្គាវ៉ាត់​ ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​តម្រូវការ​ថាមពល​អគ្គិសនី​អាច​នឹង​ធ្លាក់​មក​ត្រឹម ១ ៨០០ ​មេហ្គាវ៉ាត់​នៅ​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ជា​គោលការណ៍​នៅពេល​តម្រូវការ​ធ្លាក់ចុះ យើង​នឹង​កាត់បន្ថយ​បរិមាណ​នាំចូល​មកពី​ប្រទេសជិតខាង​។ ឧទាហរណ៍​យើង​ត្រូវការ ១០០ ​មេហ្គាវ៉ាត់ យើង​អាច​យកតែ ៥០ ​មេហ្គាវ៉ាត់​វិញ ព្រោះ​តម្រូវការ​យើង​មានការ​ប្រែប្រួល តែ​ប្រភព​អគ្គិសនី​ក្នុង​ស្រុក​យើង​នៅ​រក្សា​បរិមាណ​ដដែល​»​។

យោងតាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​រោងចក្រ​ចំនួន ២៥០ ត្រូវ​បាន​ប្រកាស​ព្យួរការងារ ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​។

អ្នកស្រី ម៉ៅ សុធា អ្នក​គ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន Kirirom Food Product Co., Ltd ដែល​ជា​រោងចក្រ​កែច្នៃ​ផលិតផល​ពី​ផ្លែស្វាយ​បាន​និយាយ​ថា ទោះ​ជា​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​កាត់បន្ថយ​ចង្វាក់​ផលិតកម្ម​ដោយសារ​ផុត​រដូវ​ប្រមូលផល​ស្វាយ​ក៏ដោយ តែ​រោងចក្រ​នៅ​តែ​ត្រូវការ​និរន្តរភាព​ថាមពល​ដើម្បី​រក្សា​គុណភាព​ដំណាប់​ស្វាយ​ដដែល​។

អ្នកស្រីបន្តថា​ សព្វថ្ងៃ​ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់​ដែល​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​។ អ្នកស្រី​ថ្លែងថា​៖ «​សព្វថ្ងៃ​នៅ​រោងចក្រ​ខ្ញុំ​ដាច់​ភ្លើង​ជា​ញឹកញាប់​ធ្វើឲ្យ​សម្ភារ​របស់​រោងចក្រ​ខូច​ជា​ញឹកញាប់​»​។

អ្នកស្រី​បន្តថា ជា​មធ្យម​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ជាង​ ១ ០០០ ​ដុល្លារ​ ក្នុង​ ១ ​ខែ​សម្រាប់​ទិញ​ប្រេង​ដើម្បី​បញ្ឆេះ​ម៉ាស៊ីនភ្លើង​នៅពេល​ដាច់​ចរន្តអគ្គិសនី​ម្តងៗ​។

បុគ្គលិក​នៅ​សណ្ឋាគារ Angkor Vattanak Pheap Hotel ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប​បាន​ប្រាប់ថា ការរាតត្បាត​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​វិស័យ​បដិសណ្ឋារកិច្ច​យ៉ាងខ្លាំង​នៅក្នុង​ខេត្ត​សៀមរាប​។ លោក​បន្តថា សណ្ឋាគារ​របស់​លោក​មាន​បន្ទប់​ចំនួន​ ៤០ ប៉ុន្តែ​បើកទទួល​ភ្ញៀវ​ត្រឹម ១០ ​ប៉ុណ្ណោះ ដោយសារ​គ្មាន​លទ្ធភាព​បង់ថ្លៃ​អគ្គិសនី​។

លោក​និយាយថា​៖ «​សព្វថ្ងៃ​យើង​បើក​មិន​ដល់ ១០ ​បន្ទប់​ផង​នៅ​ជាន់​ផ្ទាល់​ដី​។ ប្រសិនបើ​បើក​ច្រើន​បន្ទប់​អត់​មាន​លទ្ធភាព​បង់ថ្លៃ​ភ្លើង និង​ប្រាក់ខែ​បុគ្គលិក​ទេ​»៕

វីដេអូ៖