
ទិដ្ឋភាពនៅរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុកាលពីដើមខែកញ្ញា។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ការកើនឡើងនៃតម្លៃស្នាក់នៅក្នុងក្រុងព្រះសីហនុ ដោយសារតែលំហូរយ៉ាងគំហុកនៃជនជាតិចិន អាចនឹងរារាំងដល់ភ្ញៀវទេសចរក្នុងស្រុកក្នុងការទៅកម្សាន្តនាពេលខាងមុខ ដោយសារការ ចំណាយកាន់តែខ្ពស់បើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុន។
ទីក្រុងព្រះសីហនុ ដែលបានក្លាយទៅជាបេះដូងនៃការវិនិយោគរបស់ចិន ដែលរួមមានរោងចក្រផលិត វិស័យទេសចរណ៍ និងកាស៊ីណូ កំពុងជំរុញឲ្យតម្លៃនៃការចំណាយកាន់តែខ្ពស់ រួមមានការស្នាក់នៅ និងថ្លៃម្ហូបអាហារ ខណៈបន្ទប់ និងភោជនីយដ្ឋានភាគច្រើនបំផុតត្រូវបានជួលឲ្យចិន។
បុគ្គលិកផ្នែកទទួលភ្ញៀវម្នាក់នៃសណ្ឋាគារ ខ្សាច់មាស សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចាប់តាំងពីសណ្ឋាគារនេះត្រូវបានជួលឲ្យវិនិយោគិនចិន ចំនួនភ្ញៀវក្នុងស្រុកបានធ្លាក់ចុះជាង ៥០ ភាគរយបើធៀបនឹងឆ្នាំមុន ខណៈតម្លៃបានកើនឡើងតិចតួចដោយសារតែតម្លៃវាខ្ពស់ស្រាប់ទៅហើយ។ លោកបញ្ជាក់ថា ការធ្លាក់ចុះនេះអាចមិនមែនដោយសារតែតម្លៃទេ ប៉ុន្តែដោយសារតែសណ្ឋាគារនេះពោរពេញដោយភ្ញៀវចិន។
បុគ្គលិកខាងលើអះអាងថា៖ «ខ្ញុំគិតថា ចំនួនភ្ញៀវក្នុងស្រុកមកលេងក្រុងព្រះសីហនុធ្លាក់ចុះអាចបណ្តាលមកពីពួកគាត់មិនចូលចិត្តភាពរញ៉េរញ៉ៃរបស់ជនជាតិចិន។ មានភ្ញៀវក្នុងស្រុកខ្លះគាត់បានយល់ព្រមចំពោះតម្លៃបន្ទប់ ហើយតែនៅពេលចូលដល់បន្ទប់គាត់ក៏ចេញទៅវិញដោយនិយាយថា មានក្លិនបារីនៅជាប់ក្នុងបន្ទប់»។
សណ្ឋាគារ ខ្សាច់មាស ដែលស្ថិតនៅជិតរង្វង់មូលតោ ២ ពីមុនមានម្ចាស់ជាជនជាតិខ្មែរ បច្ចុប្បន្នត្រូវបានជួលបន្តដោយជនជាតិចិន។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០១៨ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបជាង ១,៣ លាននាក់ កើនឡើងជាង ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។
របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរក្នុងស្រុក មានជាង ១ លាននាក់ កើនឡើង ៨,១០ ភាគរយ ខណៈភ្ញៀវទេសចរបរទេសមានជាង ២៩០-៧៨២ នាក់ កើន ១៧,៧៨ ភាគរយ។
ក្នុងចំណោមទេសចរបរទេស ភ្ញៀវចិនមានចំនួន ៨៤ ៦៦៤ នាក់ កើនឡើង ៤៣,៦៣ ភាគរយ ខណៈអ្នកទេសចរមកពីប្រទេស វៀតណាម ស្ថិតនៅចំណាត់ថ្នាក់លេខ ២ មានចំនួន ២០ ០២០ នាក់ កើនឡើង ៣,៣៥ ភាគរយ។ ចំណែកភ្ញៀវទេសចរពីតំបន់អឺរ៉ុប និងអាមេរិក បានធ្លាក់ចុះស្ទើរគ្រប់ប្រទេស។ នេះបើតាមរបាយការណ៍។

លោក ហាង រ៉េត អ្នកគ្រប់គ្រងផ្ទះសំណាក់ The Moonflower Bungalows ដែលស្ថិតនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ដែលមិនទាន់មានចិនច្រើនទៅដល់នៅឡើយនោះបាននិយាយថា ការកើនឡើងនៃចំនួនភ្ញៀវជនជាតិចិនបានធ្វើឲ្យផ្ទះសំណាក់របស់លោកដែលធ្លាប់ជាកន្លែងដ៏ពេញនិយមរបស់ភ្ញៀវទេសចរពីតំបន់អឺរ៉ុបនោះបាត់បង់ភ្ញៀវស្ទើរទាំងស្រុង។
ទោះបីយ៉ាងនេះក្តីលោកកត់សម្គាល់ឃើញថា ឆ្នេរអូរត្រះហាក់កំពុងក្លាយជាកន្លែងទាក់ទាញទេសចរក្នុងស្រុក។ លោកថ្លែងថា៖ «ជារួមនៅពេលនេះកន្លែងខ្ញុំទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះ ខណៈពីមុនស្ទើរតែមិនមានសោះ។ ការទទួលបានភ្ញៀវទេសចរក្នុងស្រុក ដោយសារពួកគេពិបាករកកន្លែងស្នាក់នៅកណ្តាលក្រុងដូចពេលមុន»។
លោកបញ្ជាក់ថា៖ «ការអត់ជម្រើសដោយសារកន្លែងស្នាក់នៅកណ្តាលក្រុងមានតម្លៃខ្ពស់ គឺជាកម្លាំងដែលជំរុញឲ្យភ្ញៀវក្នុងស្រុកនាំគ្នាមកស្នាក់នៅតាមផ្ទះសំណាក់ ឬសណ្ឋាគារនៅតាមជាយក្រុង»។
អ្នកគ្រប់គ្រងផ្ទះសំណាក់រូបនេះនិយាយថា ជារួមភ្ញៀវទេសចរក្នុងស្រុក និងអឺរ៉ុប បានថយចុះជាបន្តបន្ទាប់ ដោយសារក្រុងព្រះសីហនុនាពេលនេះមិនមានសណ្ដាប់ធ្នាប់ គ្មានអនាម័យ និងផ្លូវគមនាគមន៍ល្អដូចមុននោះទេ។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងធ្លាក់ចុះច្រើនជាបន្តទៀតនៅក្រុងព្រះសីហនុ»។
បើតាមលោក រ៉េត ចំនួនភ្ញៀវទេសចរអឺរ៉ុប ដែលធ្លាប់កក់កន្លែងស្នាក់នៅរយៈពេលវែង ពេលនេះពួកគេស្នាក់នៅត្រឹមតែ ២-៣ យប់ប៉ុណ្ណោះ ខណៈជនជាតិខ្មែរមកលេងតែនៅថ្ងៃចុងសប្តាហ៍ និងបុណ្យទាន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា ការកើនឡើងនៃតម្លៃកន្លែងស្នាក់នៅ ទំនិញ និងម្ហូបអាហារ កំពុងធ្វើឲ្យផលប៉ះពាល់ដល់ភ្ញៀវទេសចរក្នុងស្រុក ដោយពួកគេមួយចំនួនបានបង្វែរគោលដៅទេសចរណ៍ពីក្រុងព្រះសីហនុ ទៅតំបន់កោះ និងបណ្តាខេត្តមាត់សមុទ្រជិតខាងវិញ។
លោកស្រីថ្លែងថា៖ «ការធ្លាក់ចុះចំនួនភ្ញៀវទេសចរក្នុងស្រុក និងមកពីតំបន់អឺរ៉ុប នៅក្រុងព្រះសីហនុ នឹងមានជាបន្តទៀត បើមិនមានការអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ»។
ប៉ុន្តែលោកស្រីជឿថា ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងមានចំណាត់ការទៅលើរឿងនេះ ដើម្បីធ្វើឲ្យក្រុងព្រះសីហនុនៅតែមានសក្តានុពលអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងពីគ្រប់តំបន់។
លោកទិត្យ ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីដើមខែកញ្ញា ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំនួនទេសចរក្នុងស្រុក និងអឺរ៉ុបអាចនឹងមើលឃើញពីការបាត់បង់ ដោយសារតែពិបាកក្នុងការស្វែងរកកន្លែងស្នាក់នៅ។
លោកថ្លែងថា៖ «កង្វះខាតកន្លែងស្នាក់នៅ និងការកើនឡើងនៃតម្លៃបន្ទប់ស្នាក់នៅគឺជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកទេសចរក្នុងស្រុក និងមកពីតំបន់អឺរ៉ុបមានការធ្លាក់ចុះតិចតួចនៅកណ្តាលក្រុង»៕LA