ភ្នំពេញ: កំណើន​នៃ​ការសាងសង់ អគារខ្ពស់ ដូចជា​ខុនដូ និង​អគារពាណិជ្ជកម្ម និង​សណ្ឋាគារ​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាន​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវការ​ផ្គត់ផ្គង់​ជណ្តើរយន្ត​។ នេះ​បើតាម​អ្នក​ក្នុង​វិស័យនេះ​។

លោក ប៉ូ សុខគា នាយក​ក្រុមហ៊ុន Fuji Elevator Cambodia Co., Ltd ដែលជា​ក្រុមហ៊ុន​នាំចូល និង​ផ្គត់ផ្គង់​ជណ្តើរយន្ត​មួយ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ពុធ​ថា​ចាប់​តាំងពី​វិស័យ​សំណង់​មាន​ភាពរីកចម្រើន​ជាមួយ​នឹង​ដោយ​លេចឡើង​នូវ​អគារ​ខ្ពស់ៗ​បាន​ជំរុញ​តម្រូវការ​ទីផ្សារ​ផ្គត់ផ្គង់​ជណ្តើរយន្ត​ពី​ក្រុមហ៊ុន​របស់​លោក​បាន​ដំណើរការ​ល្អ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ការសាងសង់​អគារ​ខ្ពស់​ច្រើន​ដែល​ត្រូវ​បំពាក់​ជណ្តើរយន្ត​»​។ ទោះបី​យ៉ាង​នេះ​ក្តី​លោក​សង្កេតឃើញ​ថា ល្បឿន​នៃ​ការផ្គត់ផ្គង់​មិនលឿន​ដូច​កំណើន​អគារ​នោះទេ​។ លោក​បន្តថា​៖ «​អគារ​មួយ​ចំនួន​សាងសង់​ជា​គ្រោង​ហើយ​ត្រូវបាន​ទុកចោល​បណ្តោះអាសន្ន​»​។

លោក​ ប៉ូ សុខគា បាន​ឲ្យ​ដឹងថា ការលក់​របស់​ក្រុមហ៊ុន​លោក​ចាប់ពី​ដើម​ឆ្នាំ​ ២០១៩ មាន​ថយចុះ​បន្តិច បើ​ធៀប​នឹង​ឆ្នាំមុន​។ លោក​បាន​បញ្ជាក់​ថា​ក្នុង​​រយៈពេល​នេះ​ក្រុមហ៊ុន​លោក​លក់​ជណ្តើរយន្ត​ចេញ​បាន​ជិត​ ១០០ ​គ្រឿង​ប៉ុណ្ណោះ​។ លោក​បាន​និយាយថា​៖ «​គម្រោង [​ដំឡើង​] វា​ធ្លាក់​ចុះ​ជាង​ ២០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ដោយសារ​អគារ​ដែល​សាងសង់​រួចរាល់​មួយ​ចំនួន​ត្រូវ​ទុកចោល​»​។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ប្រមាណ ៦,៤៩ ​ពាន់​លាន​ដុល្លារ​​ កើនឡើង ៣៤,៧៣ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែលមាន​តម្លៃ​ប្រមាណ ៤,៨២ ​ពាន់​លាន​ដុល្លារ​។ ចំនួន​អគារ​ដែលមាន​កម្ពស់​ចាប់ពី ៥ ​ជាន់​ឡើងទៅ ​ចំនួន ៣២៩ ​អគារ​។ នេះ​បើ​យោងតាម​របាយការណ៍​។

លោក Sakchai Worrasangasilpa នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ជណ្តើរយន្ត Hitachi Elevator (Cambodia) បាន​ប្រាប់​កាសែត Nation របស់​ថៃ​ថា តម្រូវការ​ជណ្តើរយន្ត​នៅ​កម្ពុជា​នឹង​កើនឡើង​ ១០ ​ភាគរយ​ក្នុង​មួយឆ្នាំ​ពី​តម្រូវការ​ប្រចាំឆ្នាំ​ដែល​មាន ១ ៥០០ ​គ្រឿង​។ ​លោក​បន្តថា​៖ «​ក្រុមហ៊ុន​គឺជា​អ្នក​ចែកចាយ និង​ដំឡើង​ជណ្តើរយន្ត​នៅ​ភ្នំពេញ​ដែល​ផលិត និង​នាំចូល​ពី​ប្រទេស ​ថៃ​»​។

លោក​បន្តថា គម្រោង​ដំបូង​របស់​ក្រុមហ៊ុន​គឺ​ការបំពាក់​ជណ្តើរយន្ត​នៅ​ផ្សារ​ទំនើប​អ៊ីអន ដែល​បានផ្តល់​ជណ្តើរយន្ត​សរុប​ ៥០ ​គ្រឿង ​នៅ​ឆ្នាំ​ ២០១៦ នឹង​បាន​កើនឡើង​ដល់​ ១០០ ​គ្រឿង​ នៅ​ឆ្នាំ​បន្ទាប់​។

លោក តាំង កក់ ជាង​ម៉ៅការ​ដំឡើង​ជណ្តើរយន្ត​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ដំណើរ​សេវាកម្ម​ដំឡើង​ជណ្តើរយន្ត​ជិត​មួយឆ្នាំ​នេះ ក្រុមការងារ​របស់​លោក​ទទួល​បាន​ការដំឡើង​ជណ្តើរយន្ត​ជាង ៣០ គ្រឿង​ ក្នុង​អគារ​ខុនដូ​នៅ​ទីក្រុង​ភ្នំពេញ​។ លោក​ថ្លែងថា​៖ «​ខាង​ខ្ញុំ​ទទួល​បាន​គម្រោង​ដំឡើង​ ១ ​គ្រឿង​ ទៅ​ ២ ​គ្រឿង​ក្នុង​មួយខែ ខ្ញុំ​គិតថា​តម្រូវការ​វា​មាន​ច្រើន នៅពេល​អនាគត​»​។

អ្នកធ្វើការ​ផ្នែក​លក់​ជណ្តើរយន្ត​ឲ្យ​ក្រុមហ៊ុន K&K Life ដែល​បាន​នាំចូល​ពី​ប្រទេស​ក្រិក​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មើលឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ការផ្តល់​សេវាកម្ម​ជណ្តើរយន្ត​ល្អ ដោយសារ​សំណង់​រីកចម្រើន​ខ្លាំង ហើយ​លោក​សង្កេត​ឃើញ​មាន​ក្រុមហ៊ុន​នាំចូល​ជណ្តើរយន្ត​ក៏ច្រើន​ផងដែរ​។

លោក​ថ្លែងថា​៖ «​វា​សំខាន់​ឲ្យ​តែ​ក្រុមហ៊ុន​មានការ​ទទួល​ខុសត្រូវ​ខ្ពស់ ពាក់ព័ន្ធ​នឹង​ជីវិត​មនុស្ស ដូច្នេះ​ទាមទារ​ជណ្តើរ​ស្តង់ដា អ្នកដំឡើង​ក៏​ស្តង់ដា សេវាកម្ម​ល្អ វា​ដំណើរការ​ល្អ​»៕