ភ្នំពេញៈ បន្ទាប់ពីបានធ្វើការជាអ្នករាយការណ៍ព័ត៌មាននៅកាសែតបោះពុម្ពផ្សាយជាភាសាចិននៅកម្ពុជារយៈពេលជាង ១ ទសវត្សរ៍មកលោក ផ្លុង វិចិត្រ បានយល់ច្បាស់ពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ហើយរំពឹងថាទំនាក់ទំនងនេះនឹងកាន់តែរឹងមាំដែលលោកត្រូវចាប់យកឱកាសដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
លោក វិចិត្រ នឹងត្រូវប្រឈមហានិភ័យជាងមុន ដោយសារការបាត់បង់ប្រាក់ខែដែលមានចំនួនច្រើនល្មម បន្ទាប់ពីបានលាឈប់ពីស្ថាប័ននេះ តែលោកមានជំនឿថា និន្នាការនៃទំនាក់ទំនងល្អរវាងកម្ពុជា-ចិន គឺជាសក្តានុពលដ៏ធំធេងមួយ ដើម្បីឲ្យក្តីស្រមៃបង្កើតអាជីវកម្មផ្ទាល់ខ្លួនក្លាយជាការពិត។
លោកសង្កេតឃើញមានកំណើនយ៉ាងគំហុកនៃវិនិយោគិនចិននៅកម្ពុជា ខណៈភ្ញៀវទេសចរចិនកាន់តែច្រើនចូលមកទស្សនាកម្ពុជា ហើយបានវ៉ាដាច់ភ្ញៀវទេសចរវៀតណាមដើម្បីឈរលេខរៀងទី ១ សម្រាប់ភ្ញៀវទេសចរបរទេសក្នុងប្រទេសនេះ។
ខណៈដងស្ទូចសម្រាប់ការសាងសង់អគារខ្ពស់ៗកាន់តែច្រើនបានលេចឡើងព្រោងព្រាតនៅក្រុងភ្នំពេញ និងក្រុងព្រះសីហនុលោក វិចិត្រ យល់ច្បាស់ថា ភាគច្រើននៃគម្រោងអគារធំៗទាំងនោះត្រូវបានវិនិយោគដោយពាណិជ្ជករចិន។
កាលពីខែមុនលោក វិចិត្រ បានសម្រេចចិត្តថាលោកគួរតែធ្វើអ្វីឲ្យលើសពីការដែលគ្រាន់តែសង្កេតឃើញនេះ។
លោកបានសម្រេចចាកចេញពីការងាររបស់លោកនៅកាសែត Commercial News ដែលជាកាសែតមួយក្នុងចំណោមកាសែតភាសាចិនធំៗនៅទីក្រុងភ្នំពេញ ហើយបានចាប់ផ្ដើមដំណើរការការវិនិយោគរួមមួយដើម្បីដំណើរការគេហទំព័រព័ត៌មានអនឡាញថ្មីមួយឈ្មោះ Cambodia China Times (CC Times)។
លោកបានឲ្យដឹងនៅក្នុងបទសម្ភាសមួយនៅដើមសប្ដាហ៍នេះថា៖ «ចំនួនវិនិយោគិន និងភ្ញៀវទេសចរចិនដែលចូលមកកម្ពុជាកំពុងកើនឡើងយ៉ាងរហ័ស ដែលបង្កើនតម្រូវការព័ត៌មានភាសាចិនដែលលឿន និងទុកចិត្តបាន»។ លោកថ្លែងថា៖ «យើងសុបិនចង់ធ្វើឲ្យគេហទំព័ររបស់យើងក្លាយជាគេហទំព័រព័ត៌មានឈានមុខគេសម្រាប់អ្នកអានជាជនជាតិចិននៅកម្ពុជា»។
មិនមែនមានលោក វិចិត្រ តែម្នាក់ឯងនោះទេដែលបានមើលឃើញពីកំណើនសក្ដានុពលដ៏លឿនរបស់ប្រទេសចិននៅកម្ពុជាជាទីដែលសារព័ត៌មានបោះពុម្ពកំពុងផ្លាស់ប្តូរទៅរកសម័យកាលឌីជីថលនោះ តែកាសែតជាភាសាចិនធំៗចំនួន ៣ នៅកម្ពុជាគឺកាសែត Sin Chew Daily កាសែត Jian Hua Daily និងកាសែត Commercial News Cambodia ក៏បានសម្របខ្លួនទៅនឹងការប្រកួតប្រជែងក្នុងសម័យកាលព័ត៌មានអនឡាញនេះផងដែរ។
ទំព័រហ្វេសប៊ុក ប្លុក និង WeChat ក្រៅផ្លូវការជាច្រើនក៏បានរីកដុះដាលផងដែរក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលប្រជែងនឹងភាពផ្ដាច់មុខរបស់កាសែតបោះពុម្ពផ្សាយ។ គេហទំព័រនានាក៏បានចូលមកដល់ផងដែរដូចជាគេហទំព័រ Fresh News ដែលបានចាប់ផ្ដើមដំណើរការគេហទំព័រជាភាសាចិនរបស់ខ្លួនជាផ្លូវការកាលពីថ្ងៃចន្ទ។
លោក លឹម ជាវុត្ថា អគ្គនាយកគេហទំព័រ Fresh News បានប្រាប់ភ្នំពេញប៉ុស្ដិ៍មុនពេលចាប់ផ្ដើមដំណើរការនេះថា៖ «យើងនឹងចេញផ្សាយជាភាសាចិន ដោយសារយើងបានមើលឃើញថា ទីផ្សារនៅកម្ពុជាមានក្រុមវិនិយោគិនចិនជាច្រើនដែលចូលមកវិនិយោគក្នុងប្រទេសរបស់យើង»។
ប៉ុន្តែបើទោះជាព័ត៌មានឌីជីថលបានធ្វើឲ្យប៉ះពាល់ដល់ព័ត៌មានបោះពុម្ពផ្សាយនៅទូទាំងពិភពលោកក្តី ក៏កាសែតជាភាសាចិននៅកម្ពុជានៅមានសំណាង ដោយសារថា កំណើនការប្រកួតប្រជែងកើតមានឡើងស្របគ្នានឹងកំណើនអ្នកអានខ្ពស់ ដោយសារជនជាតិចិនជាច្រើនបានហូរចូលយ៉ាងគំហុកមកកម្ពុជា។
លោក សុក ហ៊ុយ និពន្ធនាយកកាសែត Jian Hua Daily បានថ្លែងថា កម្រិតកំណើនភ្ញៀវទេសចរ និងអន្តោប្រវេសន៍កំពុងផ្តល់ប្រយោជន៍។ លោកបានថ្លែងថាឆ្នាំ ២០១៧ ជាឆ្នាំល្អបំផុតសម្រាប់កាសែតរបស់លោក។
ទោះជាលោកបានបដិសេធផ្ដល់ចំនួនចែកចាយកាសែត ឬចំនួនអ្នកអានជាក់លាក់ក្តីក៏លោកបានមានប្រសាសន៍ថា៖ «ប្រតិបត្តិការរបស់យើងនៅឆ្នាំ ២០១៧ ប្រសើរជាងឆ្នាំ ២០១៦ និងឆ្នាំមុនៗទៀត»។
លោកបន្ថែមថា៖ «ប្រាក់ចំណូលបានពីការផ្សាយពាណិជ្ជកម្មប្រសើរជាងកាលពីរយៈពេល ២-៣ ឆ្នាំមុន ទោះបីជាយើងនៅតែមិនទាន់រកប្រាក់ចំណេញបានក៏ដោយ»។
កាសែតភាសាចិនដែលដូចគ្នាទៅនឹងកាសែតភាសាខ្មែរភាគច្រើនទៀតនៅកម្ពុជាផងដែរនោះ គឺពឹងផ្អែកលើការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកដែលមានឥទ្ធិពល។
កាសែត Jian Hua Daily និងកាសែត Commercial News ទាំង ២ នេះមានជាប់ទាក់ទងនឹងលោក ពុង ឃាវសែ ដែលជាពាណិជ្ជករកូនចៅចិនដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា។

កាសែត Commercial News គ្រប់គ្រងទាំងស្រុងដោយលោក ពុង ឃាវសែ ដែលជាស្ថាបនិកធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC ខណៈដែលកាសែត Jian Hua Daily ទទួលមូលនិធិពីសមាគមខ្មែរ-ចិនក្នុងប្រទេសកម្ពុជា (AKCC) ដែលដឹកនាំដោយលោក ពុង ឃាវសែ ដែលតំណាងឲ្យជនជាតិកម្ពុជាដើមកំណើតចិនប្រហែល ៧ សែននាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា។ កាសែត Sin Chew Daily ជាកាសែតមួយផ្សេងទៀតគ្រប់គ្រងដោយវិនិយោគិនម៉ាឡេស៊ី។
លោក ហ៊ុយ បានថ្លែងថាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បុគ្គលិករបស់លោកបានកត់សម្គាល់ថា អ្នកអានរបស់លោកផ្លាស់ប្តូរយ៉ាងខ្លាំងដោយងាកចេញពីការអានកាសែតបោះពុម្ពផ្សាយទៅអានព័ត៌មានលើគេហទំព័ររបស់កាសែត Jian Hua វិញ។
បុគ្គលិកមួយរូបនៅកាសែត Sin Chew Daily ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងពីការផ្លាស់ប្តូរស្រដៀងគ្នានេះដែរ ហើយបន្ទាប់ពីក្រុមហ៊ុនបានបង្កើនប្រតិបត្តិការអនឡាញរបស់ខ្លួនមកលោកបានចាប់ផ្ដើមកត់សម្គាល់ឃើញកំណើនចំណាប់អារម្មណ៍ពីអ្នកអាននៅក្រៅប្រទេសកម្ពុជា។
បុគ្គលិករូបនោះបានថ្លែងថា៖ «ជនជាតិចិនកាន់តែច្រើនឡើងៗចង់ដឹងព័ត៌មានអំពីប្រទេសកម្ពុជា។ គ្រប់ពេលមានព័ត៌មានជាប់ទាក់ទងនឹងមន្ដ្រីជាន់ខ្ពស់ក្នុងប្រទេសកម្ពុជា ឬជាប់ទាក់ទងជាមួយជនជាតិចិននៅក្នុងប្រទេសកម្ពុជា គេហទំព័រព័ត៌មានភាសាចិនធំៗដែលមានមូលដ្ឋាននៅប្រទេសចិនតែងតែប្រើប្រាស់ព័ត៌មានរបស់យើង ហើយផ្សព្វផ្សាយបន្ត»។
លោក មឿន ឈានណារិទ្ធិ ជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានមានប្រសាសន៍ ថាប្រសិនបើចំណាប់អារម្មណ៍ និងប្រាក់បន្ថែមដែលហូរចូលទៅក្នុងព័ត៌មានជាភាសាចិនជួយធ្វើឲ្យវិស័យនេះមានវិជ្ជាជីវៈនោះ វាអាចមានផលប្រយោជន៍សម្រាប់ប្រទេសទាំង ២។
លោក ណារិទ្ធិ បានចង្អុលបង្ហាញនៅសន្និសីទព័ត៌មានមួយដែលរៀបចំឡើងដោយសា្ថនទូតចិនកាលពីដើមខែនេះ ដែលនៅពេលនោះអគ្គរដ្ឋទូតចិនបានជំរុញឲ្យអាជ្ញាធរកម្ពុជាបង្ក្រាបពលរដ្ឋចិនដែលកំពុងប្រព្រឹត្តខុសច្បាប់នៅកម្ពុជា។
លោកបន្តថា ការជំរុញនោះអាចដោយសារតែព័ត៌មានភាសាចិនដែលរាយការណ៍អំពីភាពតានតឹងដែលកើនឡើងរវាងអាជីវករខ្មែរ និងអាជីវករចិននៅខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «អ្នកការទូតចិនអាចដឹងពីស្ថានភាពពិតប្រាកដនៅកម្ពុជា បញ្ហាប្រឈមជាមួយប្រជាជនមកពីប្រទេសទាំង ២ ដូច្នេះពួកគេអាចជួយស្វែងរកដំណោះស្រាយសមស្របបានទាន់ពេលវេលា»។
លោក ណារិទ្ធិ បានកត់សម្គាល់ថាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងកើនឡើង ហើយកំពុងក្លាយជាប្រទេសមានឥទ្ធិពលកាន់តែខ្លាំង ដូច្នេះសារព័ត៌មានភាសាចិនដែលទុកចិត្ត និងជឿជាក់បាននឹងកាន់តែមានសារៈសំខាន់ខ្លាំងទៅថ្ងៃខាងមុខ។
សហគ្រិននានាដូចជាលោក វិចិត្រ ប្រហែលជាមិនចាំបាច់រង់ចាំមើលប្រយោជន៍ដែលទទួលបានពីកំណើនឥទ្ធិពលរបស់ប្រទេសចិននោះទេ ដោយសារអាជីវកម្មរបស់លោកហាក់ដូចជាកំពុងទទួលបានផលរួចហើយនោះ។ ចាប់តាំងពីការដាក់ឲ្យដំណើរការសាកល្បងរបស់ខ្លួនកាលពីខែមករា ទំព័រហេ្វសប៊ុក Cambodia China Times មានអ្នកតាមដាន ២ ម៉ឺននាក់ ខណៈគេហទំព័ររបស់ខ្លួនមានអ្នកចូលមើលប្រហែល ៤ ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនមួយគួរឲ្យចាប់អារម្មណ៍សម្រាប់គេហទំព័រព័ត៌មានមួយក្នុងប្រទេសដ៏តូចមួយនេះ។
ខណៈដែលប្រទេសចិនបន្តបង្ហាញសាច់ដុំសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់នោះ លោក វិចិត្រ បានព្យាករថា ចំនួនអ្នកអានរបស់លោកនឹងកើនឡើងនៅថ្ងៃខាងមុខ។
លោកមានប្រសាសន៍ថា៖ «អនាគតនៃការវិនិយោគ និងទេសចរចិននៅកម្ពុជាបង្ហាញពីក្តីសង្ឃឹម»។ លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថាមានសក្ដានុពលយ៉ាងខ្លាំងក្នុងការដំណើរការព័ត៌មានអនឡាញជាភាសាចិនសម្រាប់អ្នកអានដែលកំពុងកើនឡើង»៕ LA