
សកម្មភាពកម្មករកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅភ្នំពេញកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ វិស័យឧស្សាហកម្មកម្ពុជាត្រូវបានព្យាករថា នឹងមើលឃើញកំណើនធ្លាក់ចុះនៅឆ្នាំ ២០២០ ខណៈឧស្សាហកម្មមិនមែនកាត់ដេរ ត្រូវបានព្យាករថា នឹងបន្តកំណើនទាំងនៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ នេះបើយោងតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។
ឧស្សាហកម្មមិនមែនកាត់ដេរ ត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ១០,៥ ភាគរយ ក្នុងឆ្នាំ ២០១៩ និង ១១,៥ ភាគរយ ក្នុងឆ្នាំ ២០២០។
ខ្លឹមសារក្នុងសារាចរនេះ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ នេះវិស័យឧស្សាហកម្មមិនមែនកាត់ដែរ នៅកម្ពុជានឹងបន្តកើនឡើង ១០,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលនឹងគាំទ្រដោយការពង្រីកមូលដ្ឋានផលិតកម្មមិនមែនកាត់ដេរដែលកំពុងមានស្រាប់ទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ការផ្លាស់ប្តូរទីតាំងរបស់រោងចក្រមួយចំនួនពីប្រទេស ចិន ការហូរចូលនៃវិនិយោគពីប្រទេស ជប៉ុន និងកំណើននៃការផ្គត់ផ្គង់ថាមពល។
ឯកសារខាងលើ បានឲ្យដឹងទៀតថា ដើម្បីសម្រេចកំណើននេះក៏ទាមទារឲ្យមានការជំរុញធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ការពង្រឹងការតភ្ជាប់ ការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងភាពប្រកួតប្រជែង និងការបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្ននេះមានវិនិយោគិនបរទេសជាច្រើនកំពុងសម្លឹងមើលឱកាសចូលមកវិនិយោគនៅកម្ពុជាក្នុងវិស័យសំខាន់ៗដូចជា រោងចក្រកែច្នៃ កសិកម្ម និងផ្នែកសេវាកម្ម ដោយមិនមែនមានតែរោងចក្រកាត់ដេរដូចមុនទេ។
លោកបានបន្តថា ចំណែកមួយដែលធ្វើឲ្យកម្ពុជាទទួលបានកំណើនវិនិយោគិនបរទេសនៅពេលនេះ គឺដោយសារជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុនជាច្រើនសម្រេចប្តូរទីតាំងមកបណ្តាប្រទេសក្នុងតំបន់អាស៊ានរួមមានកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ថ្មីៗនេះយើងឃើញមានគម្រោងវិនិយោគលើរោងចក្រឧស្សាហកម្មកែច្នៃកសិកម្ម ផលិតគ្រឿងអគ្គិសនី និងសេវាកម្មផ្នែកទេសចរណ៍ជាច្រើនដែលទទួលបានការអនុម័តក្នុងការចាប់ផ្តើមវិនិយោគនៅកម្ពុជា»។
ទោះបីយ៉ាងនេះក្តី ឯកសារបង្ហាញថា វិស័យឧស្សាហកម្មនៅកម្ពុជាទាំងមូលនឹងមើលឃើញកំណើនធ្លាក់ចុះពីអត្រាកំណើន ១០,៧ ភាគរយក្នុងឆ្នាំ ២០១៩ មកនៅ ៨,៩ ភាគរយ នៅឆ្នាំ ២០២០។ វិស័យកាត់ដេរត្រូវបានព្យាករថា នឹងមានកំណើនទាបត្រឹម ៣,៥ ភាគរយ នៅឆ្នាំ ២០២០ ធ្លាក់ចុះពីកំណើនដែលបានព្យាករ ៧,១ ភាគរយ នៅឆ្នាំ ២០១៩ ដោយសារតែការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកល ជាពិសេសពីផលប៉ះពាល់នៃការរំពឹងទុកពីការដក EBA។
ទោះយ៉ាងនេះក្តី លោក លឹម ហេង លើកឡើងថា ជាមួយនឹងកំណើនវិនិយោគិនក្នុងស្រុក និងបរទេសនៅពេលនេះ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តភាពវិជ្ជមានជាបន្តទៀត។ លោកថ្លែងថា៖ «បើកម្ពុជាបាត់បង់ EBA ផលប៉ះពាល់ប្រាកដជាមាន ប៉ុន្តែវាមិនធំទេ»។
ឯកសារនៃសេចក្តីព្រាងនោះបង្ហាញថា វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ក្នុងរង្វង់ ៦,៧ ភាគរយ ក្នុងឆ្នាំ ២០១៩ និង ៦,៤ ក្នុងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនៃកំណើនល្អប្រសើរនៃវិស័យលក់ដុំ-លក់រាយ អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន និងដឹកជញ្ជូន និងគមនាគមន៍។
វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវព្យាករថា នឹងបន្តកំណើនល្អប្រសើរប្រហែលឆ្នាំ ២០១៨ ក្នុងអត្រា ៥,៦ ភាគរយ ទាំងក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ដោយសារការរំពឹងទុកការបន្តកើនឡើងការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងកំណើនភ្ញៀវទេសចរជនជាតិចិន៕ LA