ភ្នំពេញៈ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ការ​ថមថយ​បន្តិច​​នៅ​ឆ្នាំ​នេះ​ធៀប​នឹង​ឆ្នាំ ២០១៨ ប៉ុន្តែ​​​ស្ថិត​ក្នុង​កម្រិត​​កំណើន​ខ្ពស់​ និង​រឹងមាំ ខណៈ​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ចេញ​ផ្សាយ​នៅ​ថ្ងៃ​​ពុធ​​​ព្យាករ​ថា​ កម្ពុជា​​នឹង​មាន​អត្រា​​កំណើន​សេដ្ឋ​កិច្ច ៧​ ភាគរយ​​​នៅ​ឆ្នាំ ២០១៩។ កាល​ពី​ឆ្នាំ ២០១៨ ADB បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​​មាន​កំណើន​សេដ្ឋកិច្ច​​​រហូត​ដល់ ៧,៣ ​ភាគរយ​ ដែល​គាំទ្រ​ដោយ​កំណើន​ដ៏​ខ្ពស់​នៃ​ការ​នាំចេញ ​ភាព​រឹងមាំ​នៃ​វិស័យ​​ទេសចរណ៍ ​និង​ការ​បន្ត​ហូរ​ចូល​​នៃ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ​(FDI)​។

ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន ​និង​​ប្រទេស​ ​ចិន ​ដែល​ជា​គោលដៅ​ចម្បង​សម្រាប់​ការ​នាំចេញ​របស់​​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា ​នឹង​ថយចុះ​ជាង​មុន​ ADB ​បាន​ព្យាករ​ថា ​កត្តា​នេះ​​ទំនង​ជា​ធ្វើ​ឲ្យ​សម្ទុះ​កំណើន​នៃ​ការ​នាំចេញ​របស់​កម្ពុជា​ និង​កំណើន​ចំនួន​ភ្ញៀវ​ទេសចរ មាន​កម្រិត​ទាប​ជាង​ឆ្នាំ​មុន​។ ​ដូច្នេះ​កំណើន​សេដ្ឋកិច្ច​​ត្រូវ​បាន​មើល​ឃើញ​ថា ​នឹង​ថយ​មក​នៅ ​៧ ​ភាគរយ​នៅ​ឆ្នាំ​នេះ ​និង ​៦,៨ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២០។

លោក​ស្រី Sunniya Durrani-Jamal នាយិកា​ ADB ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា​៖ ​«​អត្រា​កំណើន ៧ ភាគរយ​ជា​អត្រា​ខ្ពស់​​ស្រេច​​ហើយ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ យើង​មិន​គួរ​ផ្តោត​​​​ខ្លាំង​ពេក​តែ​លើ​បរិមាណ​ទេ តែ​យើង​ត្រូវ​ផ្តោត​​លើ​គុណភាព​ ផ្តោត​លើ​កំណើន​​ប្រកប​ដោយ​ចីរភាព​ ដែល​វា​មាន​សារៈសំខាន់​ជាង»។

លោក​ស្រី​បាន​បញ្ជាក់​ថា​៖ «​កត្តា​សំខាន់​មួយ​​ដែល​អាច​ទាក់ទាញ​និង​រក្សា​ឲ្យ​បាន​នូវ​កំណើន​ក្នុង​រយៈពេល​វែង​ គឺ​កត្តា​គុណភាព​ធនធាន​មនុស្ស​របស់​កម្ពុជា ដែល​​រួម​បញ្ចូល​ទាំង​ជំនាញ​បច្ចេកទេស​ និង​ជំនាញ​វិជ្ជាជីវៈ​ដែល​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​របស់វិ​ស័យ​ឯកជន»​។

យោង​តាម​ ADB​ ហានិភ័យ​ខាង​​ក្រៅ​ដ៏​ចម្បង​មួយ​ ដែល​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ទស្សន​វិស័យ​នេះ​​គឺ ​សេដ្ឋកិច្ច​សកល​អាច​ថយចុះ​ខ្លាំង​ជាង​កម្រិត​ដែល​បាន​​រំពឹង​ទុក​នា​ពេល​នេះ។​ ​ហានិភ័យ​មួយ​ទៀត ​គឺ​សហភាព​​អឺរ៉ុប​កំពុង​​ពិចារណា​ក្នុង​​ការ​ព្យួរ​ភាព​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម ​(EBA)​ ពី​​កម្ពុជា។ ​ហានិភ័យ​ក្នុង​ស្រុក​គួរ​ឲ្យ​កត់​សម្គាល់​ រួមមាន​​ការ​កើន​ឡើង​នូវ​ផល​ធៀប​ឥណទាន​​លើ​ ផ.ស.ស ​និង​គ្រោះ​​រាំងស្ងួត​ដែល​អាច​កើត​មាន​​ឡើង​នៅ​ឆ្នាំ​នេះ​។​

បើ​បែង​ចែក​តាម​វិស័យ​វិញ​ ADB ​រំពឹង​ថា ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សំណង់​នឹង​ងាយ​​ទទួល​រង​ផល​ប៉ះពាល់​​អវិជ្ជមាន​​ខ្លាំង​ជាង​គេ​ ដោយសារ​​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ឧស្សាហកម្ម​ធំៗ​។​ ​កំណើន​ក្នុង​វិស័យ​​ឧស្សាហកម្ម​ទំនង​ជា​ថយ​​ចុះ​មក​នៅ​ត្រឹម​​ ១០,​១ ​ភាគរយ ក្នុង​ឆ្នាំ ​២០១៩ ​និង ​៩,៤ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២០​។ ​កំណើន​នៃ​វិស័យ​សំណង់​មាន​ ១៧ ភាគរយ​នៅ​ឆ្នាំ​នេះ​ សេវាកម្ម ​៦,៨ ​ភាគរយ និង​​វិស័យ​កសិកម្ម​មាន​អត្រា ​១,៧ ​ភាគរយ​​​។

ជា​មួយ​នឹង​កំណើន​យឺត​ជាង​មុន ​ការ​ធ្លាក់​ចុះ​​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​ស្ថិរភាព​តម្លៃ​ស្បៀង​ អត្រា​អតិផរណា​អាច​​បន្ត​ស្ថិត​ក្នុង​កម្រិត​ទាប​ ពោល​គឺ​នៅ​កម្រិត​ជា​មធ្យម​ ២,៥ ​ភាគរយ នៅ​ឆ្នាំ​នេះ ​និង​ឆ្នាំ​បន្ទាប់​។​

ដើម្បី​​បន្ត​រក្សា​កំណើន​ខ្ពស់​នៅ​ពេល​អនាគត ​ADB ​បាន​លើក​ឡើង​ថា ​ប្រទេស ​កម្ពុជា ​ត្រូវ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ​ដែល​ងាយ​សម្រប​ខ្លួន​ទៅ​​តាម​បំផ្លាស់​ប្តូរ​ដ៏​ឆាប់​រហ័ស​នៃ​​បច្ចេកវិទ្យា ​ដូច​ជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិកម្ម​ និង​បច្ចេកវិទ្យា​មនុស្សយន្ត ​ដែល​កំពុង​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ទូទាំង​សកល​​លោក​។

លោក​ លឹម​ ហេង អនុ​ប្រធាន​​​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​រក្សា​​បាន​​អត្រា​កំណើន​យ៉ាង​ហោច​ណាស់​ប្រហែល​នឹង​ឆ្នាំ​មុន​បើ​ទោះ​​បី​​មាន​កត្តា​ប្រឈម​នឹង​ការ​​ថមថយ​កំណើន​​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ជា​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ក៏​ដោយ​ព្រោះ​ថា​រដ្ឋាភិបាល​ទើប​សម្រេច​​ពី​កំណែ​ទម្រង់​​​ទ្រង់ទ្រាយ​ធំ​​ដោយ​សម្រេច​​ដាក់​ចេញ​យុទ្ធសាស្ត្រ​​​ចំនួន ១៧ ចំណុច ​ដើម្បី​​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​។

យោង​តាម​លោក ​ហេង​ កំណែ​ទម្រង់​នេះ​នឹង​ជួយ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ ដោយ​សារ​វា​បាន​​​កាត់​បន្ថយ​​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ​តាម​នាវា ថ្លៃ​សេវា​​កំពង់ផែ ​ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី​ និង​ការ​លើក​ទឹក​ចិត្ត​ផ្នែក​សារពើពន្ធ​ជា​ដើម។

លោក​​បាន​ថ្លែង​ថា​៖ «​កំណែ​ទម្រង់​ថ្មី​​នេះ​នឹង​ទាក់ទាញ​កាន់​តែ​ខ្លាំង​​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​​បង្កើន​ភាព​ប្រកួត​ប្រជែង​ផ្នែក​នាំចេញ​របស់​កម្ពុជា​​»។

លោក​បន្ត​ថា​៖ ​«​វា​នឹង​ដើរ​តួនាទី​​ជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ត​​ទៀត»​៕ LA