ទីក្រុង​ប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​​បាន​បង្ហា​ញ​កាល​ពី​ថ្ងៃ​ចន្ទថា ​សេដ្ឋកិច្ចរបស់​ប្រទេស​ចិន​ បានកើនឡើង​​ក្នុង​ល្បឿន​យឺត​បំផុត​ក្នុង​រយៈពេល​ជាង​​ ៤​ ទសវត្សរ៍ ​កាលពី​ឆ្នាំ​មុន​ទោះបីជា​​ការ​ស្ទុះ​ងើប​ឡើង​វិញ​ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​​វីរុស​កូរ៉ូណា​របស់​ប្រទេស​នេះក៏ដោយ​។

ការកើន​ឡើង​ ២,៣​ ភាគរយ​ គឺ​ជា​តួលេខ​​ទាប​បំ​ផុត​ ចាប់​តាំងពី​​សេដ្ឋកិច្ច​ប្រទេស​ចិន​ បាន​ចាប់​​ផ្ដើម​កែ​ទម្រង់​​កាល​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។

ការិយាល័យ​ជាតិ​ស្ថិតិ ​(NBS)​​ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​មុន​គឺជា «​​បរិយាកាស​ធ្ងន់ធ្ងរ និងស្មុគ្រ​ស្មាញ ទាំងនៅក្នុងប្រទេសចិន និង​ក្រៅប្រទេស​» ដោយសារតែ​​ការរីករាលដាលជំងឺ​ដែលធ្វើ​​ឲ្យ «ប៉ះពាល់ធ្ងន់ធ្ងរ​»។

តួលេខនេះ​ គឺជាការ​ថមថយ​ល្បឿនគួរ​ឲ្យកត់សម្គាល់​ចាប់ពី​​កំណើនឆ្នាំ​ ២០១៩ ចំនួន​​ ៦,១​ ភាគរយ ដែលទាបរួចទៅហើយក្នុ​ងរយៈពេល​ជាច្រើនទសវត្សរ៍​ ដោយ​ប្រទេស​នេះ​រង​ផល​​ប៉ះពាល់ដោយ​សារតែ​តម្រូវការ​ក្នុងស្រុកខ្សោយ​ និង​ភាពតានតឹងផ្នែក​ពាណិជ្ជ​កម្ម​។​​

ប៉ុន្តែ​តួលេខនេះប្រសើរជាង​ការព្យាករ​ដោយការស្ទង់មតិដោយ​ទីភ្នាក់ងារព័ត៌មាន AFP ក្នុងចំណោម​អ្នកវិភាគ​ជាច្រើន​មក​ពី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ ១៣ ដែលបានព្យាករថា នឹង​កើនឡើង​ ២ ភាគរយ​។​​

ជំងឺកូវីដ ១៩ ដែល​បាន​​បំផ្លាសសេដ្ឋ​កិច្ចពិភពលោក​ ដែលបានផ្ទុះឡើង​ដំបូង​នៅភាគកណ្ដាលប្រទេស​ចិនកាលពីចុង​ឆ្នាំ ២០១៩។ ​ប៉ុន្តែ​ប្រទេស​មានសេដ្ឋកិច្ចឈានមុខគេទី២​ របស់ពិភព​លោក​មួយនេះ​ ក៏​បាន​ក្លាយជា​​ប្រទេស​ដំបូងគេ​ ក្នុងការស្ទុះងើបឡើងវិញ បន្ទាប់ពីការ​វិធានការបិទប្រទេស​ដ៏តឹងរ៉ឹង​​ និងវិធានការ​​គ្រប់គ្រង​វីរុសនេះ​។​

ប្រទេស​នេះ​ត្រូវបានរំពឹងថា នឹង​ក្លាយជា​​ប្រទេស​លើ​ពិព​លោកតែ​មួយគត់ ដែល​​មាន​កំណើន​វិជ្ជមាន​កាល​ពី​ឆ្នាំ​ ២០២០​។​

នៅក្នុ​ងរយៈពេល​៣ខែចុងក្រោយ​ឆ្នាំ​ ២០២០ ការស្ទុះងើបឡើង​វិញ​សេដ្ឋ​កិច្ចរបស់​ប្រ​ទេសចិន បានបន្ត​កំណើន​ ៦,៥​ ភាគរយ​ ដែល​​ប្រសើរជាង​ការរំពឹងទុកធៀបនឹង​រយៈពេលដូចគ្នា​កាល​ពី​ឆ្នាំ​មុន ​ដែល​ជាការកើនឡើង​​ប្រកប​ដោយ​ចីរភាពចាប់តាំង​ពីត្រីមាសទី២​។​

កំណើននេះ​បាន​ធ្វើ​​ឲ្យប្រទេសនេះ​ត្រឡប់ទៅរក​ដំណើរផ្លូវ​មុន​ការរីករាលដាល​ជំងឺកូវីដ ១៩​ ទោះបីជា​​កំណើន​​ពេលរយៈពេល​​មួយឆ្នាំ​ ២០២០ នៅតែ​មានប្រតិបត្តិការ​អាក្រក់ក៏ដោយ​ នៅពេលសេដ្ឋកិច្ចនេះបានធ្លាក់ចុះ ​១,៦ ភាគរយ។​

នោះគឺជារយៈពេលពីរឆ្នាំ​ មុនពេល​លោក Deng Xiaoping អតីត​មេដឹកនាំ​បានកំណត់​​នៅក្នុងញត្តិមួយ​នូវការផ្លាស់ប្តូរ​ពី​ផែនការកណ្ដាល​តាមបែបកុំម្មុយនីស្ដ​ ដែល​ប្រែក្លាយ​ប្រទេស​ចិនទៅ​ប្រទេស​មហាអំណាច​ឧស្សាហ​កម្ម ពាណិជ្ជ​កម្ម​ និង​​បច្ចេកវិទ្យា។​​

លោក​ Ning Jizhe ស្នងការ​ NBS បាន​ប្រាប់​ក្រុមអ្នក​​យក​ព័ត៌មាន​កាល​ពីថ្ងៃចន្ទ​ថា មូលដ្ឋានគ្រឹះ​សម្រាប់​ការស្ទុះងើបឡើងវិញ​នៃសេដ្ឋ​កិច្ចរបស់​ប្រទេ​សចិន «​គឺនៅតែ​​មិនទាន់រឹងមាំ​នៅឡើយទេ​»។​

​លោកថ្លែងថា៖ «​មាន​ភាព​មិនច្បាស់លាស់ជាច្រើន​ នៅក្នុ​​ង​ការផ្លាស់ប្តូរ​​ថាមពលការរីករាល​ដាលជំងឺ​មួយនេះ ព្រមទាំង​បរិយាកាស​ខាង​ក្រៅ​​ផងដែរ​»។​​

យោងតាម​ទិន្នន័យ​ចុងក្រោយ​បំផុត ​ផលិត​​កម្ម​ឧស្សាហកម្ម​បាន​កើនឡើង​ ២,៨​ ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា​កា​ល​​ពី​ឆ្នាំ​​ ២០២០ ដែ​លថមថយ​ល្បឿន​បន្ថែមទៀត​ធៀបនឹង​ឆ្នាំ​មុនៗ៕​ AFP/LA