ក្រុងប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស ចិន បានថមថយសម្ទុះ ដោយមានអត្រាកំណើនទាបបំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍ នៅត្រីមាសទី២ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការចុះខ្សោយតម្រូវការពិភពលោកបានដាក់សម្ពាធលើសេដ្ឋកិច្ចលំដាប់លេខ ២ របស់ពិភពលោកនេះ។
ការថមថយសេដ្ឋកិច្ចនេះកាន់តែបង្កឲ្យមានការលំបាកសម្រាប់លោកប្រធានាធិបតី ស៊ី ជីនភីង ក្នុងការប្រយុទ្ធប្រឆាំងតបតនឹងអាមេរិក ដែលកំពុងប្រើប្រាស់មធ្យោបាយពន្ធនាំចូលធ្វើជាឥទ្ធិពលក្នុងការព្យាយាមបង្ខំទីក្រុងប៉េកាំងឲ្យបើកចំហសេដ្ឋកិច្ចរបស់ខ្លួន។
តួលេខកំណើន ៦,២ ភាគរយ ដែលបានចេញផ្សាយដោយការិយាល័យជាតិស្ថិតិ (NBS) ចិនមានភាពស្របគ្នាជាមួយនឹងការស្ទង់មតិរបស់ក្រុមអ្នកវិភាគដោយទីភ្នាក់ងារព័ត៌មាន AFP និងធ្លាក់ចុះពីអត្រាកំណើន ៦,៤ ភាគរយ ដែលសម្រេចបានកាលពីត្រីមាសទី១។
តួលេខផលិតផលក្នុងស្រុកសរុប (GDP) ទាំង ២ ត្រីមាសនេះស្ថិតក្នុងទិសដៅកំណត់របស់រដ្ឋាភិបាលដែលស្ថិតនៅចន្លោះពី ៦ ភាគរយ ទៅ ៦,៥ ភាគរយ ក្នុងរយៈពេលពេញ ១ ឆ្នាំ ដែលទិសដៅនេះធ្លាក់ចុះពីទិសដៅ ៦,៦ ភាគរយ ដែលប្រទេស ចិន បានកំណត់កាលពីឆ្នាំ ២០១៨។
លោក Mao Shengyong អ្នកនាំពាក្យ NBS បានថ្លែងថា៖ «លក្ខខណ្ឌសេដ្ឋកិច្ចគឺនៅតែធ្ងន់ធ្ងរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស កំណើនសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ហើយអស្ថិរភាពខាងក្រៅ និងភាពមិនច្បាស់លាស់កំពុងកើនឡើង»។
លោកបានឲ្យដឹងក្នុងសុន្ទរកថា ដែលត្រៀមទុកមួយថា៖ «សេដ្ឋកិច្ចកំពុងស្ថិតក្រោមសម្ពាធធ្លាក់ចុះថ្មី»។
ទីក្រុងប៉េកាំងបានដាក់ឲ្យប្រើប្រាស់វិធានការជាច្រើននៅឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ច ប៉ុន្តែវិធានការទាំងនេះមិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវការធ្លាក់ចុះក្នុងស្រុក និងការចុះខ្សោយតម្រូវការបរទេសបានឡើយ។ តម្រូវការបរទេសទទួលរងគ្រោះកាន់តែខ្លាំងពីការដាក់ទណ្ឌកម្មសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួន។
ការនាំចេញទៅពិភពលោកបានកើនឡើងត្រឹមតែ ០,១ ភាគរយប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងអំឡុងពេល ៦ ខែដំបូង។
ក្រុមអ្នកវិភាគរំពឹងយ៉ាងទូលំទូលាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការបង្កើនការគាំទ្រសេដ្ឋកិច្ចក្នុងរយៈពេលជាច្រើនខែខាងមុខ។
ក៏មានចំណុចវិជ្ជមានសម្រាប់សេដ្ឋកិច្ចផងដែរនៅក្នុងទិន្នន័យសេដ្ឋកិច្ចដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនេះ។
ទិន្នផលឧស្សាហកម្មបានកើនឡើង ៦,៣ ភាគរយ កាលពីខែមិថុនា ធៀបនឹងកំណើន ៥ ភាគរយ នៅខែឧសភាដែលជាកំណើនយឺតបំផុតចាប់តាំងពីឆ្នាំ ២០០២។
ការវិនិយោគទ្រព្យសកម្មថេរ ក៏បានកើនឡើងផងដែរ គឺកើនឡើង ៥,៨ ភាគរយ ក្នុងរយៈពេលពីខែមករាដល់ខែមិថុនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលពីខែមករាដល់ខែឧសភា សម្រេចបានកំណើន ៥,៦ ភាគរយ។
ប៉ុន្តែកំណើនក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានធ្លាក់ចុះធៀបនឹងកំណើនជិត ២០ ភាគរយ ដែលសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំ ដោយបានកើនឡើងតែ ៤,១ ភាគរយ ប៉ុណ្ណោះក្នុងរយៈពេលពីខែមករាដល់ខែមិថុនា ហើយការនាំចូល និងការនាំចេញទាំង ២ នេះបានធ្លាក់ចុះនៅខែមិថុនាធៀបខែមិថុនាឆ្នាំ ២០១៧។
អត្រាគ្មានការងារធ្វើនៅទីក្រុងបានកើនឡើងដល់ ៥,១ ភាគរយ ក្នុងខែមិថុនា ធៀបនឹងកំណើន ៥ ភាគរយ ដែលសម្រេចបានកាលពីខែឧសភា។
អតិថិជនចិនដែលមានចំនួន ១,៣ ពាន់លាននាក់ បានបន្តចំណាយលើការទិញទំនិញប្រើប្រាស់ ដែលជួយគាំទ្រដល់សេដ្ឋកិច្ច៕ AFP/LA