ភ្នំពេញៈ មន្ត្រីទេសចរណ៍ខេត្តបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរទស្សនានៅតំបន់ឆ្នេររបស់កម្ពុជានៅឆ្នាំ ២០១៣ បានកើនឡើងគួរឲ្យកត់សម្គាល់។
តំបន់ឆ្នេរគ្របដណ្ដប់លើខេត្ត ៤ រួមមាន ខេត្ត ព្រះសីហនុ កំពត កែប និងខេត្ត កោះកុង។
លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា ចំនួនភ្ញៀវទេសចរមកទស្សនាក្នុងខេត្តភាគខាងត្បូងនេះកំពុងកើនឡើងជារៀងរាល់ឆ្នាំ។
លោកនិយាយថា៖ «ឆ្នេរដ៏ស្រស់ស្អាតរបស់យើងគឺជាការទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ។ ពួកគេមកទីនេះដើម្បីសម្រាកលម្ហែកាយនៅលើឆ្នេរខ្សាច់នេះ»។ លោកលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ ចំនួនសណ្ឋាគារ និងភោជនីយដ្ឋានគ្រប់គ្រាន់បានរួមចំណែកដល់ចំនួនភ្ញៀវទេសចរដែលកំពុងកើនឡើងនេះ។
ចំនួនភ្ញៀវទេសចរសរុបបានមកដល់តំបន់ឆ្នេរនេះកាលពីឆ្នាំ ២០១៣ បានកើនឡើងដល់ជាង ១ លាននាក់។ យោងតាមលោក សេង ខា ចំនួនភ្ញៀវទេសបរទេសបានកើនឡើងដល់ ៣០២ ៣២៥ នាក់ ដែលកើនឡើង ៤២ ភាគរយ ធៀបនឹងឆ្នាំ ២០១២។ ខណៈភ្ញៀវទេសចរក្នុងស្រុកបានកើនឡើង ១២ ភាគរយដល់ ៧៣១ ៦០៤ ផងដែរ។ លោកបន្តថា៖ «ភ្ញៀវទេសចរចិនជាប់លំដាប់ថ្នាក់លេខ ១ បន្ទាប់មកភ្ញៀវមកពី រុស្ស៊ី និង វៀតណាម»។ លោករំពឹងថាចំនួនភ្ញៀវទេសចរនឹងកើនច្រើននៅឆ្នាំ ២០១៤។
លោក ប៊ុន បៀង ប្រធានមន្ទីរទេសចរណ៍ខេត្ត កោះកុង បាននិយាយថា ភ្ញៀវទេសចរបរទេសនៅខេត្ត កោះកុង ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរនៅឆ្នាំ ២០១៣។
សណ្ឋាគារថ្នាក់ផ្កាយប្រាំ និងកន្លែងកម្សាន្តដែលមានឆ្នេរសមុទ្រសួនទឹក និងកាស៊ីណូនៅក្នុងខេត្ត កោះកុង បានក្លាយជាការទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរថៃ ខណៈភ្ញៀវទេសចរក្នុងស្រុកឆ្ពោះទៅរកតំបន់ទេសចរណ៍ធម្មជាតិមាន ដូចជា ជីផាត់ តាតៃ និងត្រពាំងរូង។
លោក ប៊ុន បៀង បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសនៅខេត្ត កោះកុង មានចំនួន ៤៧ ៤៤៦ នាក់ កើនឡើង ៥១៤ ភាគរយធៀបនឹងឆ្នាំ ២០១២ ខណៈចំនួនភ្ញៀវទេសចរក្នុងស្រុកសរុបមាន ៩៦ ០៨០ នាក់ កើន ១៦ ភាគរយ។
លោកបន្តថា៖ «ជនជាតិថៃគឺជាភ្ញៀវទេសចរលេខ ១ នៅខេត្តនេះ។ ពួកគេឆ្លងព្រំដែនដើម្បីទស្សនារមណីយដ្ឋានខេត្ត កោះកុង លំដាប់ ផ្កាយប្រាំនិងឆ្នេរនេះ។ ភ្ញៀវទេសចរកម្ពុជាភាគច្រើនចូលចិត្តដើរកម្សាន្តបែបទេសចរធម្មជាតិ»។
ខេត្ត កំពត ក៏មានកំណើនភ្ញៀវទេសចរបរទេសផងដែរ។ តួលេខផ្ដល់ដោយមន្ទីរទេសចរបង្ហាញថា ភ្ញៀវទេសចរក្នុងស្រុកកើនឡើង ១៦ ភាគរយដល់ ១ ១១៤ ៦០៧ នាក់កាលពីឆ្នាំ ២០១៣ ខណៈភ្ញៀវទេសចរបរទេសកើនឡើងដល់ ១១៧ ២៨០ នាក់ គឺកើនឡើង ៣៦៩ នាក់ធៀបនឹងឆ្នាំ ២០១២។
លោក ម៉ុក សេកាណូ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត កំពត និយាយថា រមណីយដ្ឋាន បូកគោ កំពុងក្លាយជាទិសដៅទាក់ទាញដ៏សំខាន់សម្រាប់ខេត្តនេះ។ លោកបានបន្តថា៖ «ជនជាតិវៀតណាមជាប់ជាភ្ញៀវទេសចរលំដាប់ថ្នាក់លេខ ១»។
កែប ដែលល្បីល្បាញខាងម្ហូបសមុទ្រស្រស់ និងឆ្ញាញ់ មានចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រពីខេត្ត កំពត ប៉ុណ្ណោះ។ លោក សម ចិន្តា មន្ដ្រីទេសចរណ៍ខេត្តជាតំបន់ឆ្នេរមួយនេះ អះអាងថា កែបក៏ទទួលបានកំណើនផងដែរសម្រាប់ឆ្នាំ ២០១៣។
លោកថា៖ «សណ្ឋាគារ និងភោជនីយដ្ឋានកាន់តែច្រើនកំពុងសាងសង់។ វាគឺជាការឆ្លុះបញ្ចាំងថាភ្ញៀវកាន់តែច្រើនកំពុងមកទស្សនាខេត្តនេះ»៕ PB