The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កំណើន និង​បញ្ហា​ប្រឈម​ក្នុង​ឧស្សាហកម្ម​ឱសថ

កំណើន និង​បញ្ហា​ប្រឈម​ក្នុង​ឧស្សាហកម្ម​ឱសថ

កំណើន និង​បញ្ហា​ប្រឈម​ក្នុង​ឧស្សាហកម្ម​ឱសថ

130128_12
ឱសថដែលលក់នៅតាមផ្ទះក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ផា លីណា

ភ្នំពេញៈ ទោះ​បី​ប្រជាជន​កម្ពុជា ពី​៤០ ទៅ ៥០​ភាគ​រយ នៅ​តែ​ប្រើ​ឱសថ​បុរាណ​ក៏​ដោយ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រសួង​សុខាភិបាល ឧស្សាហកម្ម​ឱសថ​នៅ​កម្ពុជា​កំពុង​តែ​កើន​យ៉ាង​ឆាប់​រហ័ស​។

ការ​ព្យាករ​ចុង​ក្រោយ​របស់​វិទ្យាស្ថាន​ពិនិត្យ​តាម​ដាន​ពាណិជ្ជកម្ម (BMI) បង្ហាញ​ថា ឆ្នាំ​២០១២ ប្រជាជន​នៅ​កម្ពុជា ចំណាយ​ជា​មធ្យម​២៣៦​ដុល្លារ​លើ​ការ​ទិញ​ឱសថ បើ​ធៀប​នឹង​២០១១ ដែល​មាន​២១៧​ដុល្លារ​។

របាយ​ការណ៍​ពី​ការ​ផ្តល់​សេវា​សុខភាព​នៅ​កម្ពុជា​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ​មុន ប្រជាជន​៧០​ភាគ​រយ​ទៅ​រក​សេវា​សុខភាព​ពី​វិស័យ​ឯកជន​។​របាយ​ការណ៍​នោះ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​នោះ ២០​ភាគ​រយ​នៃ​ប្រជាជន​នៅ​ទីក្រុង​កាល​ពីឆ្នាំ​២០១០​ទិញ​ថ្នាំ​មក​ព្យាបាល​ហើយ​៨​ភាគ​រយ​នៅ​តំបន់​ជនបទ​។

ទោះ​យ៉ាង​នេះ​ក្តី វិស័យ​នេះ នៅ​តែ​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ឱសថ​នាំ​ចូល​។

កាល​ពី​ឆ្នាំ​២០១១ នៅ​កម្ពុជា​មាន​រោង​ចក្រ​ផលិត​ឱសថ​តែ​៨​កន្លែង​ប៉ុណ្ណោះ​។ នេះ​បើ​តាម​របាយ​ការណ៍​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ឆ្នាំ​២០១១។ លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បាន​គូស​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុន​ឱសថ​ផលិត​ក្នុង​ស្រុក ចាំ​បាច់​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ពី​ឆ្នាំ​២០១២ បង្ហាញ​ថា កម្ពុជា​នាំ​ចូល​ឱសថ​និង​បរិក្ខារ​ពេទ្យ​មាន​តម្លៃ​សរុប​ប្រហែល ១៦៥,៥៧​លាន​ដុល្លារ​កើន​ឡើង ៣៣,១៧​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១១។​តាម​របាយ​ការណ៍ BMI កម្ពុជា នាំ​ចូល​ឱសថ​ពី​ឥណ្ឌា កូរ៉េ​ខាង​ត្បូង ប៉ាគីស្ថាន ថៃ អូស្ត្រាលី និង​ជប៉ុន​។

លោក​ស្រី យិន សុជាតិ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ប្រចាំ​សហគ្រាស​ផលិត​ឱសថ​កម្ពុជា (CPE) បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម អាច​ជា​បញ្ហា​ប្រឈម​ដោយ​សារ​ផលិត​ផល​ពី​បរទេស ដូច​ជា ចិន ឥណ្ឌា សិង្ហ​បុរី និង​អាល្លឺម៉ង់ តែង​តែ​ជួប​ភាព​យឺត​យ៉ាវ។

ទោះ​បី​ក្រសួង​សុខាភិបាល ជា​អ្នក​ទិញ​ឱសថ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​ពេទ្យ​ផ្សេងៗ​ទៀត​ច្រើន​ជាង​គេ​ក៏​ដោយ ប៉ុន្តែ​សមាមាត្រ​នៃ​ការ​ថែ​ទាំ​សុខភាព​របស់​វិស័យ​ឯកជន បែរ​ជា​កំពុង​កើន​ទៅ​វិញ​។

ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​កំពុង​ស្វែង​រក​ឱកាស​នៅ​ក្នុង​ទីផ្សារ​ដែល​ស្ថិត​នៅ​ក្រោម​ការ​អភិវឌ្ឍ​។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្រុមហ៊ុន Merck KGaA មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា តម្រូវ​ការ​ថែ​ទាំ​សុខភាព​ដែល​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ផ្តល់​ឱកាស​ដ៏​ធំ​ធេង​ដល់​កម្ពុជា​។​ដូច្នេះ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​តូច បាន​បោះ​ជំហាន​មក​ក្នុង​វិស័យ​នេះ។

ក្រៅ​ពី​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ឱសថ ដៃ​គូ​អន្តរជាតិ ដូចជា Bayer នៅ​អាល្លឺម៉ង់ Sanofi នៅ​បារាំង និង GlaxoSmithKline នៅ​អង់គ្លេស បាន​មក​ដល់​ទីផ្សារ​កម្ពុជា​ហើយ​។

លោក ស្រ៊ុន ម៉ាលីន ប្រធាន​សាខា​របស់ Bayer បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «​អាជីវកម្ម​របស់​យើង​នៅ​កម្ពុជា បាន​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ស្រប​តាម​កំណើន​ទី​ផ្សារ។ យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​ល្អ​នៅ​ឆ្នាំ​ខាង​មុខៗ​ទៀត​។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​កើន​ឡើង Bayer មាន​គម្រោង​ជ្រើស​រើស​បុគ្គលិក​បន្ថែម និង​ពង្រឹង​ទី​តាំង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន»។

ក្រុមហ៊ុន Bayer មាន​បុគ្គលិក​ជាង​៤០​នាក់ នៅ​កម្ពុជា ដែល​រួម​ចំណែក​ដល់​ការ​លក់​ពេញ​មួយ​ឆ្នាំ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចំនួន​៤,៨៧​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១១​កើន​ឡើង​៩,៤​ភាគរយ ធៀប​នឹង​២០១០​។

ទោះ​បី​យ៉ាង​នេះ​ក្តី សហគ្រាស CPE លក់​ឱសថ​របស់​ខ្លួន​បាន​ជោគ​ជ័យ​នៅ​លើ​ទី​ផ្សារ​ក្នុង​ស្រុក ក្នុង​ខេត្ត​ទាំង​អស់​នៅ​កម្ពុជា​។

លោក​ស្រី យិន សុជាតិ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ លក់​បាន​១​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ហើយ​មាន​បុគ្គលិក​ប្រហែល ១០០​នាក់។ លោក​ស្រី​បន្ត​ថា៖ «​ក្នុង​ឆ្នាំ​២០១៣ យើង​មាន​គម្រោង​ពង្រីក​ការ​លក់​រហូត​ដល់ ១,៥​លាន​ដុល្លារ​ហើយ​ជ្រើស​រើស​បុគ្គលិក​បន្ថែម»​។

លោក Benoit Martineau ប្រធាន​ប្រតិ​បត្តិការ​របស់ Sanofi ប្រចាំ​នៅ​កម្ពុជា និង​ឡាវ និង​ជា​សមាជិក Pharmagroup of the Eurocham ដែល​ទើប​នឹង​បង្កើត​នា​ពេល​ថ្មីៗ​នេះបាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​ឱសថ មាន​កំណើន​យ៉ាង​សកម្មភាព។​ការ​ប៉ាន់​ស្មាន​ពី​ខាង​ក្រៅ​បង្ហាញ​ថា គឺ​៩​ទៅ ១០​ភាគ​រយ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បន្ថែម​ថា បន្ទាប់​ពី​បើក​ដំណើរ​ការ​នៅ​កម្ពុជា​បាន​មួយ​ឆ្នាំ​មក Sanofi Cambodia មាន​កំណើន​ជា​ពិសេស​ដោយ​សារ​ការ​រីក​ចម្រើន​ខ្លាំង​ក្លា​នៅ​តាម​បណ្តា​ខេត្ត​។

លោក​បាន​បន្ថែម​ថា នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​កំណើន​បន្ថែម។ លោក​បន្ត​ថា​៖ «​កាល​ពី​ខែ​មករា យើង​បាន​បង្កើន​អ្នក​តំណាង​លក់​ឱសថ​ដល់​ទ្វេ​ដង​នៅ​តាម​ខេត្ត។ យើង​បាន​ចុះ​ដោយ​ផ្ទាល់​នៅ​គ្រប់​ខេត្ត​ទាំង​អស់​»។

លោក Benoit សង្ឃឹម​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ចាក់​គ្រឹះ​រឹង​មាំ​នៅ​ក្នុង​ទីផ្សារ​ឱសថ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ ហើយ​នឹង​មាន​ដៃ​គូ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើន​។ ខណៈ​វៀតណាម និង​ថៃ មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​ការ​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​និង​ការ​បង្កើត​បទ​ប្បញ្ញត្តិ ឧស្សាហកម្ម​ឱសថ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​នៅ​ឡើយ។ នេះ​បើ​តាម​របាយ​ការណ៍ BMI។

កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ចុង​ក្រោយ ក្នុង​ចំណោម​ទី​ផ្សារ​សំខាន់ៗ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់ BMI​។ BMI បាន​រាយ​ការណ៍​ថា៖ «ខណៈ​ទីផ្សារ​ទូទៅ​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដែល​បង្ហាញ​ពី​ឱកាស​យូរ​អង្វែង អំពី​ពុក​រលួយ និង​កង្វះ​អភិបាល​កិច្ច បាន​កម្រិត​សក្តានុពល​ទី​ផ្សារ»​។ លោក Benoit ឲ្យ​ដឹង​ថា៖

«​កម្ពុជា​ជា​ទីផ្សារ​ក្មេង​ខ្ចី​មិន​ទាន់​មាន​របៀប​រៀប​រយ ដែល​អាច​នាំ​ដល់​ហានិភ័យ​កាន់​តែ​ខ្ពស់ ក្នុង​ការ​ផលិត​ឱសថ​គ្មាន​ស្តង់​ដារ»។

លោក ស្រ៊ុន ម៉ាលីន មក​ពី Bayer បាន​ចាត់​ទុក​ឱសថ​ក្លែង​ក្លាយ ជា​ហានិភ័យ​ដ៏​ធំផង​ដែរ​។

ទីផ្សារ​ងងឹត​សម្រាប់​ឱសថ​ក្លែង​ក្លាយ បង្ក​ការ​ព្រួយ​បារម្ភ​ដល់​សហគ្រិន​។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សារ​ព័ត៌មាន​បាន​ចេញ​ផ្សាយ​អំពី​ឱសថ​មិន​មាន​ការ​ចុះ​បញ្ជី និង​ការ​លក់​ឱសថ​គ្មាន​ស្តង់​ដារ​ខុស​ច្បាប់​។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន​ឱសថ​ក្លែង​ក្លាយ​រាប់​ពាន់​តោន​ត្រូវ​បាន​ដុត​បំផ្លាញ​។

យោង​តាម​ក្រសួង​សុខាភិបាល បញ្ហា​ទាំង​នោះ បាន​កែ​លម្អ​វិញ​ហើយ។ នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុស​ច្បាប់។ មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​ចរាចរ​ឱសថ​ខុស​ច្បាប់​បាន​ថយ​ចុះ​ពី ០,៥​ភាគ​រយ កាល​ពី​ឆ្នាំ​២០១០ មក​នៅ​ត្រឹម ០,១៨​ភាគ​រយ កាល​ពី​ឆ្នាំ​២០១១។

លោក​ស្រី យិន មក​ពី CPE បាន​លើក​ឡើង​ថា៖ «មាន​ការ​ងារ​ជា​ច្រើន ដែល​ត្រូវ​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ឱសថ​នៅ​កម្ពុជា មាន​កំណើន»៕ CS

អត្ថបទគួរចាប់អារម្មណ៍