ភ្នំពេញៈ ការធ្វើ​កំណែទម្រង់​បាន​ធ្វើឱ្យ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ ២០២០ របស់​ក្រសួង​ពាណិជ្ជកម្ម​ធា្លក់​ចុះ​ជាង ៥០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​។

របាយការណ៍​ឱ្យដឹងថា ការសម្រេច​អនុវត្ត​ប្រព័ន្ធ​ថ្មី និង​ការបញ្ចុះ​កម្រៃ​សេវា​ចុះបញ្ជី​មួយចំនួន​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​បាន​ធ្វើឱ្យ​ចំណូល​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០២០ សម្រេច​បាន ១២,៧ លាន​ដុល្លារ​ធ្លាក់​ចុះ ៥០,៨៣ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ មាន​ចំនួន ២៦,៦០ ​លាន​ដុល្លារ​។

របាយការណ៍​ឱ្យដឹង​ទៀត​ថា ក្នុងចំណោម​ចំណូល​ជាង ១២ លាន​ដុល្លារ​នេះ រួមមាន​ចំណូល​ទទួល​បាន​ពី​ការចុះបញ្ជី​ពាណិជ្ជកម្ម​ជាង ៤,៧៥ ​លាន​ដុល្លារ និង​ចំណូល​ពី​ការផ្តល់​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ និង​ការចេញ​អាជ្ញាប័ណ្ណ និង​សេវា​ពាក់ព័ន្ធ ៥,៧៩ ​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ទទួល​ចំណូល​ជាង ២ ​លានដុល្លារ​ពី​ការចុះបញ្ជី​ម៉ាក និង​សេវា​ពាក់ព័ន្ធ និង​ចំណូល​ពី​ការតម្កល់​លិខិត​ជូនដំណឹង​នៃ​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា​ចំនួន​ជាង ៧៦ ៩៣២ ដុល្លារ​។

ដោយឡែក​ចំណូល​ពី​សេវា​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប) មាន​ ២១ ៨០៧ ​ដុល្លារ និង​ចំណូល​ពី​កិច្ចការ​ពិព័រណ៍​ចំនួន​ ១០ ៤៩២ ​ដុល្លារ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការធ្លាក់ចុះ​ចំណូល​ប្រចាំឆ្នាំ​ ២០២០ ព្រោះ​ក្រសួង​បាន​ដាក់ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​ថ្មី និង​ការបញ្ចុះ​កម្រៃ​សេវា​ចុះបញ្ជី​មួយចំនួន​។

លោក​បន្ថែមថា ក្រសួង​បាន​សម្រេច​លុបចោល​នូវ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ (CO) សម្រាប់​ប្រទេស​មិនមាន​តម្រូវការ​នាពេល​កន្លងមក​។ លោក​ថ្លែងថា​៖ «​ថ្មីៗ​នេះ​ក្រសួង​មិន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​នាំចេញ​មកសុំ CO ទៀត​ទេ បើ​ប្រទេស​នាំចូល​គេ​មិន​តម្រូវ​ឱ្យ​មាន CO​។ នេះ​ជា​និន្នាការ​សកល​ក្នុង​ការលុបបំបាត់​ឯកសារ​មិនចាំបាច់​មួយចំនួន​»​។

លោក​បាន​បន្ថែមទៀត​ថា ការអនុវត្ត​ពេញលេញ​ការចុះបញ្ជី​អ្នក​នាំចេញ​តាម​ប្រព័ន្ធ REX របស់​សហភាព​អឺរ៉ុប​គឺ​ក្រុមហ៊ុន និង​រោងចក្រ​ដែល​បាន​ចុះឈ្មោះ​ជា​អ្នក​នាំចេញ​អាច​ស្វ័យ​ប្រកាស​ពី​ដើមកំណើត​ទំនិញ និង​នាំចេញ​ទំនិញ​បាន​ដោយ​មិន​តម្រូវឱ្យ​សុំ CO ពី​ក្រសួងពាណិជ្ជកម្ម​ទៀតឡើយ​។

អ្នកនាំពាក្យ​រូបនេះ​បានឱ្យដឹង​ទៀតថា ចំណុច​ទាំង​ ២ ​ខាងលើនេះ​បានធ្វើឱ្យ​ចំនួន CO ដែល​ក្រសួង​ចេញ​ជូន​ក្រុមហ៊ុន​មានការ​ធ្លាក់ចុះ​។

ទន្ទឹម​នឹង​នេះ​ការបញ្ចុះ​កម្រៃ​សេវា​ចុះបញ្ជី​ពាណិជ្ជកម្ម​ចំនួន​ ៣ ប្រភេទ​ក៏​រួមចំណែក​នាំឱ្យ​ចំណូល​របស់​ក្រសួង​ធ្លាក់ចុះ​ផងដែរ​។ ការបញ្ចុះ​កម្រៃ​សេវា​នេះ រួមមាន​កម្រៃ​សេវា​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​ត្រូវបាន​បញ្ចុះ​ពី ១ ៦៨០ ០០០ រៀល​មក​ត្រឹម ១ ០១០ ០០០ រៀល កម្រៃ​សេវា​ចុះបញ្ជី​សហគ្រាស​ថ្មី​ចុះ​ពី ៣០០ ០០០ រៀល​ មក ១៨០ ០០០ រៀល និង​កម្រៃ​សេវា​ពិនិត្យ​នាមករណ៍​ចុះ​ពី ៤០ ០០០ រៀល មក ២៥ ០០០ រៀល​៕ LA